អង្គចៅក្រមចំនួន ០៥នាក់នៅតុលាការកំពូលប្រទេសប៉ាពួអាស៊ី នូវែលហ្គីណេ បានបញ្ជាអោយមានជំហានជាបន្ទាន់ដើម្បីចាត់វិធានការបញ្ចប់ការឃុំខ្លួនជនស្វែងរកសិទ្ធិជ្រកកោននៅក្នុងជំរុំជនចំណាកស្រុក ដែលជ្រោមជ្រែងដោយប្រទេសអូស្រ្តាលីនៅលើកោះ Manus។
តុលាការបាននិយាយថា ជនជាប់ឃុំឃាំងចំនួន ៨៥០នាក់ជាបុរស ត្រូវបានឃុំខ្លួនដោយខុសច្បាប់ ដោយសារផ្អែកលើមូលដ្ឋានថា សេរីភាពនៃការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងរបស់ពួកគេត្រូវបានរិតត្បិត។
ចៅក្រមទទូចថា ការឃុំឃាំងនោះបានរំលោភបំពានសិទ្ធិមនុស្សជាមូលដ្ឋាន ដែលត្រូវបានធានាដោយសន្ធិសញ្ញាអន្តរជាតិមួយចំនួន និងរដ្ឋធម្មនុញ្ញប្រទេសប៉ាពួអាស៊ី ណូវែលហ្គីណេ។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីប្រទេសប៉ាពួណូវែលហ្គីណេលោក Peter O'Neil បានប្រកាសកាលពីថ្ងៃពុធថា ជំរុំនោះនឹងត្រូវបិទ ហើយប្រទេសអូស្រ្តាលីនឹងត្រូវ «បង្កើតការរៀបចំផ្សេងទៀត» សម្រាប់ជនជាប់ឃុំឃាំងនៅលើកោះ Manus។
សេចក្តីសម្រេចនេះជាការវាយប្រហារចំពោះរដ្ឋាភិបាលប្រទេសប៉ាពួណូវែលហ្គីណេ ដែលបានគាំទ្រជំរុំឃុំឃាំង និងចំពោះប្រទេសអូស្រ្តាលី។
ដំណើរការរត់ឯកសារអ្នកស្វែងរកសិទ្ធិជ្រកកោននៅជំរុំលើកោះ Manus និងសាធារណរដ្ឋNauruដ៏តូចនៅតំបន់ភាគខាងត្បូងមហាសមុទ្រ ប៉ាស៊ីហ្វីកដើរតួជាគន្លឹះដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តទប់ទល់នឹងជនចំណាកស្រុកដែលព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីតាមទូក។ អូស្ត្រាលីបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជូនជនស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសកម្ពុជា។
ជនស្ថិតក្រោមការឃុំឃាំងនៅប្រទេសប៉ាពួអាស៊ី ណូវែលហ្គីណេ ត្រូវបានរាយការណ៍ថា មានអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែក៏មានការចាប់អារម្មណ៍ផងដែរទៅលើអ្វីដែលនឹងកើតឡើងបន្ទាប់ទៀត។
រដ្ឋមន្រ្តីអន្តោប្រវេសន៍អូស្រ្តាលីលោក Peter Dutton បាននិយាយថា ប្រទេសរបស់លោកនឹងផ្តល់ការតាំងទីលំនៅថ្មីសម្រាប់ជនដែលស្ថិតនៅក្រោមជំរុំជនភៀសខ្លួននៅក្រៅប្រទេសពីព្រោះការធ្វើដូចនេះនឹងជំរុញឲ្យជនស្វែងរកសិទ្ធិជ្រកកោនកាន់តែច្រើន ធ្វើដំណើរឆ្លងសមុទ្រដោយគ្រោះថ្នាក់ដើម្បីមកកាន់ប្រទេសអូស្រ្តាលី។
«រដ្ឋាភិបាល [អូស្រ្តាលី] មានភាពច្បាស់លាស់ និងមិនប្រែក្រឡាសនៅក្នុងបញ្ហានេះ ដោយសារតែយើងដឹងថា ពួកអ្នករត់ពន្ធមនុស្សនាពេលនេះកំពុងតែព្យាយាមធ្វើប្រតិបត្តិការរួមគ្នា។ ហើយប្រសិនបើពួកគេគិតថា ទ្វារទៅកាន់ប្រទេសអូស្រ្តាលីបានបើកឡើងសារជាថ្មី នោះប្រទេសអូស្រ្តាលីនឹងទទួលរងការលំបាកសារជាថ្មីហើយយើងនឹងមិនអនុញ្ញាតឲ្យការលំបាកនេះកើតឡើងសារជាថ្មីទៀតឡើយ។ យើងនឹងធ្វើការជាមួយនឹងប្រទេសប៉ាពួ ណូវែលហ្គីណេ និងផ្តល់ជំនួយដែលចាំបាច់ទៅឲ្យពួកគេដើម្បីជួយពួកគេវិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ឬទៅកាន់ប្រទេសតតិយលោក។ ប៉ុន្តែយើងប្រាកដណាស់នៅក្នុងបញ្ហានេះ ហើយខ្ញុំនិយាយសារជាថ្មីថាថ្ងៃនេះជនទាំងនោះនឹងមិនមកប្រទេសអូស្រ្តាលីទេ»។
ជំរុំឃុំឃាំងនៅលើកោះ Manusត្រូវបានបើកជាលើកដំបូងនៅក្នុងឆ្នាំ ២០០១ ដោយនាយករដ្ឋមន្រ្តីមកពីគណបក្សអភិរក្សរបស់ប្រទេសអូស្រ្តាលីលោក John Haward នៅក្នុងការឆ្លើយតបទៅលើបញ្ហាលំហូរនៃការមកដល់នៃជនចំណាកស្រុកដែលមកប្រទេសអូស្ត្រាលីតាមទូក។ ជំរុំជនចំណាកស្រុកត្រូវបានទុកចោលជាបណ្តោះអាសន្នអស់រយៈពេលបីឆ្នាំ ប៉ុន្តែត្រូវបានដាក់ឲ្យប្រើប្រាស់ឡើងវិញនៅក្នុងឆ្នាំ ២០១២ ដោយរដ្ឋាភិបាលគណបក្សពលកម្ម ដែលមានគោលបំណងនៅក្នុងការលើកកម្ពស់ការចាត់វិធានការគ្រប់គ្រងលើព្រំដែនជាដាច់ខាតនៅមុនការបោះឆ្នោតសហព័ន្ធមួយឆ្នាំបន្ទាប់មក។
ការកំណត់អត្តសញ្ញាណទៅលើជនស្វែងរកសិទ្ធិជ្រកកោននៅតែជាបញ្ហាចម្រូងចម្រាសមួយនៅក្នុងនយោបាយរបស់អូស្រ្តាលី។ នៅស្របពេលដែលគណបក្សធំៗទាំងពីរគាំទ្រការប្រើប្រាស់ជំរុំនៅក្នុងតំបន់ភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ក្រុមអ្នករិះគន់ ស្ថានភាពនោះគឺមិនមានលក្ខណៈមនុស្សធម៌។
នៅថ្ងៃទី២៧ ខែមេសា ក្រុមអាជ្ញាធរនៅលើកោះ Nauru បាននិយាយថា ជនភៀសខ្លួនអ៊ីរ៉ង់មួយរូបកំពុងតែស្ថិតនៅក្នុងអការៈធ្ងន់ធ្ងរ បន្ទាប់ពីដុតខ្លួនឯងនៅក្នុងអ្វីដែលត្រូវបានហៅថា «ការតវ៉ាផ្នែកនយោបាយ»៕
ប្រែសម្រួលដោយ៖ ស៊ូ រ៉ូហ្សានិច