មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា បុរសដើមកំណើតកូរ៉េខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទធ្វើជាភ្នាក់ងារសេដ្ឋកិច្ចឲ្យប្រទេសកូរ៉េខាងជើង។
បុរសដែលមានឈ្មោះថា Chan Han Choi និងមានសញ្ជាតិអូស្ត្រាលីរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ម្សិលមិញនៅក្នុងទីក្រុងស៊ីដនី ដែលជាទីកន្លែងដែលបុរសរូបនោះបានរស់នៅអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
ប៉ូលិសសហព័ន្ធអូស្ត្រាលីបានបញ្ជាក់ថា ប្រសិនបើលោក Chan Han Choi នេះ ទទួលបានជោគជ័យនៅក្នុងការធ្វើឈ្មួញកណ្ដាលនៃកិច្ចព្រមព្រៀងខុសច្បាប់មួយដែលមានការពាក់ព័ន្ធជាមួយនឹងអាវុធប្រល័យលោកផងនោះ នោះលោកនឹងជួយកូរ៉េខាងជើងឲ្យទទួលបានប្រាក់រាប់សិបលានដុល្លារអាមេរិក។
លោក Neil Gaughan ជំនួយការស្នងការប៉ូលិសសហព័ន្ធអូស្ត្រាលីបាននិយាយថា ករណីនេះគឺជាករណីដែលយើងមិនដែលឃើញកើតឡើងនៅលើទឹកដីអូស្ត្រាលីកន្លងមកនោះទេ។ លោកបានបន្ថែមទៀតថា លោក Chan Han Choi ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កូរ៉េខាងជើង។
លោក Neil Gaughan បាននិយាយថា៖ «លោក Chan Han Choi គឺជាភ្នាក់ងារដ៏ស្មោះត្រង់របស់កូរ៉េខាងជើង ដែលជឿថា ខ្លួនធ្វើនេះគឺដើម្បីបម្រើដល់គោលបំណងស្នេហាជាតិខ្ពស់មួយចំនួនតែប៉ុណ្ណោះ»។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បាននិយាយថា លោកទទួលបានដំណឹងនេះហើយ និងបានហៅករណីនេះថាជា «បញ្ហាដ៏ធ្ងន់ធ្ងរបំផុត»។
លោក Chan Han Choi ប្រឈមនឹងការចោទប្រកាន់ចំនួន ៦ ករណី ដែលក្នុងនោះការចោទប្រកាន់ពីរករណីគឺពាក់ព័ន្ធនឹងច្បាប់ការពារការរីកសាយភាយអាវុធប្រល័យលោក៕