កិច្ចព្រមព្រៀងសន្តិសុខថ្មីមួយកំពុងត្រូវបានចរចារវាងចិននិងប្រទេសកោះ Solomon ដែលស្ថិតនៅភាគនិរតីនៃតំបន់ប៉ាស៊ីហ្វិក និងមានចម្ងាយប្រមាណជាង៣.២០០គីឡូម៉ែត្រ នៅប៉ែកឦសានប្រទេសអូស្ត្រាលី។
សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងផ្លូវការ បានលេចឡើងនៅលើបណ្ដាញសង្គមកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនេះ បាននិយាយលម្អិតអំពីផែនការនានាដែលអាចអនុញ្ញាតឲ្យទីក្រុងប៉េកាំងបញ្ជូនកម្លាំងប៉ូលិសប្រដាប់អាវុធ និងទាហានចូលទៅកាន់ប្រទេសប្រជុំកោះមួយនេះនៅតំបន់ប៉ាស៊ីហ្វិក ដើម្បី «ការពារសុវត្ថិភាពបុគ្គលិកចិន និងគម្រោងសំខាន់ៗមួយចំនួននៅលើកោះ Solomon»។
ប្រទេសអូស្ត្រាលី មានក្ដីបារម្ភថា កិច្ចព្រមព្រៀងនេះអាចនាំឲ្យទីក្រុងប៉េកាំងបង្កើតវត្តមាន ឬមូលដ្ឋានយោធាអចិន្ត្រៃយ៍ នៅក្នុងប្រទេសដែលជាដែនកោះនៅតំបន់ប៉ាស៊ីហ្វិកមួយនេះ។
ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺជាដៃគូជាការពារ និងជាអ្នកផ្ដល់ជំនួយសម្រាប់ប្រទេសដែនកោះមួយនេះក្នុងពេលកន្លងទៅ។
លោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានថ្លែងថា លោកស្រីគោរពដល់សិទ្ធិរបស់ប្រទេសដែនកោះមួយនេះ ក្នុងការធ្វើការសម្រេចចិត្តផ្នែកអធិបតេយ្យភាពរបស់ខ្លួន ក៏ប៉ុន្តែ លោកស្រីបារម្ភពី «សកម្មភាពណាមួយដែលអាចធ្វើឲ្យខូចដល់ស្ថិរភាព និងសន្តិសុខនៃតំបន់របស់យើង»។
ប្រទេសនូវែលសេឡង់និយាយថា ផែនការចុះកិច្ចព្រមព្រៀងនេះ បានគំរាមកំហែងធ្វើឲ្យមានអស្ថិរភាពសន្តិសុខក្នុងតំបន់។
លោក Kevin Rudd អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងជាប្រធានអង្គការ Asia Society ដែលជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញនោះ ថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយអូស្ត្រាលីថា លទ្ធភាពនៃការបង្កើតមូលដ្ឋានយោធាចិននៅកោះ Solomon គឺជារឿងគួរឲ្យព្រួយបារម្ភ។
លោកថ្លែងថា៖ «បើតាមប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់អូស្ត្រាលីជាមួយនឹងរដ្ឋដែលជាដែនកោះនានានៅតំបន់ប៉ាស៊ីហ្វិក ខ្ញុំគិតថា នេះជាការអភិវឌ្ឍផ្នែកសន្តិសុខដ៏ចម្បងមួយ ដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ វាជាការអភិវឌ្ឍដែលផ្ទុយទៅនឹងផលប្រយោជន៍ផ្នែកសន្តិសុខជាតិរបស់អូស្ត្រាលី។ នៅពេលយើងមានប្រទេសមួយដែលនៅជិតដែនដីរបស់អូស្ត្រាលីដូចជាកោះ Solomon ជាដើមនោះ នេះជាការប្រែប្រួលដ៏ធំនៅក្នុងបរិយាកាសនៃយុទ្ធសាស្ត្របន្ទាន់របស់អូស្ត្រាលី»។
រដ្ឋាភិបាលកោះ Solomon បាននិយាយថា ខ្លួនកំពុងពង្រីកកិច្ចព្រមព្រៀងផ្នែកសន្តិសុខជាមួយប្រទសផ្សេងៗទៀត និងកំពុងបង្កើតដៃគូសន្តិសុខចម្រុះ ដែលក្នុងក៏រួមមានប្រទេសចិនផងដែរ។
កាលពីឆ្នាំ ២០១៩ អាជ្ញាធរនៅក្នុងរដ្ឋធានី Honiara របស់ប្រទេសដែនកោះ Solomon បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងប៉េកាំង បន្ទាប់ពីបានផ្ដាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់រួចមក។
ប្រទេសអូស្ត្រាលីមានការប្រុងប្រយ័ត្នកាន់តែខ្លាំងទៅលើឥទ្ធិពលរបស់ចិន ដែលបន្តកើនឡើងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបានបង្កើនការផ្ដល់ជំនួយរបស់ខ្លួនកាន់តែច្រើន ទៅដល់ប្រទេសនានានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីខែកុម្ភៈកន្លងទៅ សហរដ្ឋអាមេរិកបាននិយាយថា ពួកគេក៏មានផែនការបើកស្ថានទូតនៅលើដែនកោះ Solomonនេះផងដែរ ដោយសារតែក្ដីបារម្ភអំពីផែនការនានារបស់ចិននៅក្នុងតំបន់នេះ៕
ប្រែសម្រួលដោយលោក នៀម ឆេង