លោក Austin ​សរសើរ​ចំណង​ទាក់ទង​ការពារ​ប្រទេស​រវាង​សហរដ្ឋ​អាមេរិក​និង​កេនយ៉ា

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd J. Austin និងរដ្ឋមន្ត្រីការពារជាតិកេនយ៉ា លោក Aden Duale ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការការពារជាតិ នៅរដ្ឋធានីណៃរូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សរសើរ​អ្វី​ដែល​លោក​បាន​ហៅ​ថា «ទំនាក់​ទំនង​ដ៏​ខ្លាំង» រវាង​កងកម្លាំង​សហរដ្ឋ​អាមេរិក​និង​កេនយ៉ា​ នៅពេល​ដែល​លោក​បាន​ជួប​ជាមួយកងទ័ព​មកពី​ប្រទេស​ទាំង​ពីរ​នៅឯ​បន្ទាយ Simba ​នៅ​ឈូង​សមុទ្រ Manda ​នៃ​ប្រទេស​កេនយ៉ា។

សហរដ្ឋ​អាមេរិក​និង​កេនយ៉ា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​ប្រទេស​ដែលមាន​រយៈពេល​ ៥ ​ឆ្នាំ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ដែល​មាន​គោលបំណង​ពង្រឹង​ការខំ​ប្រឹងប្រែង​ប្រឆាំង​ភេរវកម្មម​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​កើត​ ហើយ​នឹង​គាំទ្រ​ការខំប្រឹង​ប្រែង​របស់​កេនយ៉ា​ ដើម្បី​ដឹកនាំ​បេសកកម្ម​សន្តិសុខ​នៅ​ប្រទេស​ហៃទី។

លោក Austin បាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិក​«ដឹង​គុណកេនយ៉ា​ចំពោះ​ការដឹកនាំ​របស់​ខ្លួន​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​និង​ជុំវិញ​ពិភពលោក»​ ហើយ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការមាន​ឆន្ទៈ​ដើម្បី​ដឹកនាំ​កងកម្លាំង​សន្តិសុខ​ពហុជាតិ​ដើម្បី​ប្រយុទ្ធ​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ពួក​ឥន្ធពាល​នៅ​ក្នុង​ប្រទេស​ហៃទី។

លោក Austin​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Biden នឹង​ធ្វើការ​ជាមួយ​សភា​ដើម្បី​ធានា​ប្រាក់​ ១០០​លាន​ដុល្លារ​ ដែល​ខ្លួន​បាន​សន្យា​សម្រាប់​បេសកកម្ម​ហៃទី​កាលពី​សប្តាហ៍​មុន​ នៅ​ខាង​ក្រៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។

លោក Austin​ បាន​ជំរុញ​ឱ្យ​ប្រទេស​ជាតិ​នានា​ធ្វើតាម​គំរូ​របស់​កេនយ៉ា​ ហើយ​នឹង​ផ្តល់​បុគ្គលិក​ ឧបករណ៍ ​ការគាំទ្រ ​ការបណ្តុះ​បណ្តាល​និង​ថវិកា​សម្រាប់​ផែនការ​បេសកកម្ម​សន្តិសុខ​ពហុ​ជាតិ​ដល់​ប្រទេស​ហៃទី។

ប្រទេស​កេនយ៉ា​បាន​សន្យា​បញ្ជូន​មន្ត្រី​សន្តិសុខ​ ១០០០​ នាក់​ ទៅកាន់​ប្រទេស​ហៃទី​ដើម្បី​ទប់ស្កាត់អំពើ​ហិង្សា​ដោយ​ពួក​ជន​ឥន្ធពាល​ដែល​បាន​កើនឡើង​ចាប់តាំងពី​ឃាតកម្ម​ប្រធានាធិបតី​ហៃទី​ លោក Jovenel Moïse ​កាលពី​ខែ​មិថុនា ​ឆ្នាំ ២០២១​ មក។ បេសកកម្ម​សន្តិសុខ​ដែល​នៅ​មិន​ទាន់​បាន​ទទួល​ការអនុម័ត​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​បាន​ត្រូវ​ស្នើឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​ហៃទី​ លោក Ariel Henry កាលពី​ខែ​តុលា​ឆ្នាំ​មុន​មក៕