លោកស្រីអ៊ុង សានស៊ូជី (Aung San Suu Kyi) មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសភូមានិយាយថា ការចរចាខាងនយោបាយដែលមានគណបក្ស៦នៅថ្ងៃសុក្រជាការចាប់ផ្តើមល្អ ក៏ប៉ុន្តែលោកស្រីបានព្រមានថា ប្រទេសនេះត្រូវការកំណែទម្រង់ពិតប្រាកដ។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋធានីណៃពិដោ (Naypyidaw) កាលពីថ្ងៃព្រហស្បតិ៍ ជ័យលាភីណូបែលសន្តិភាពបាននិយាយថា ការធ្វើពហិការបោះឆ្នោតនៅតែជាជម្រើសមួយ ក៏ប៉ុន្តែមិនទំនងកើតមានឡើងទេ។
លោកស្រីមានប្រសាសន៍ថា «ដូច្នេះ វាជាការល្អដែលប្រធានាធិបតីឥឡូវនេះ សុខចិត្តទទួលយកសំណើរបស់សភាដើម្បីចរចា ក៏ប៉ុន្តែបញ្ហាដែលមានសារៈសំខាន់បំផុតគឺធ្វើយ៉ាងណាឲ្យបានទទួលលទ្ធផលប្រកបដោយសុក្រិត្យសម្រាប់មនុស្សសំខាន់ៗមកពីការជួបប្រជុំនេះ»។
កាលពីថ្ងៃពុធ គណបក្សនយោបាយសំខាន់ៗរបស់ភូមាបានយល់ព្រមធ្វើការចរចា៦គណបក្សដើម្បីពិភាក្សាការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ការបោះឆ្នោតនៅពេលខាងមុខហើយនិងកិច្ចព្រមព្រៀងឈប់បាញ់គ្នាថ្មីទូទាំងប្រទេសជាមួយក្រុមឧទ្ទាមជនជាតិភាគតិច។
ប្រធានាធិបតី Thein Sein ហើយនិងនាយអគ្គសេនាកងទ័ពនឹងជួបនៅថ្ងៃសុក្រនេះជាមួយលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំផ្សេងៗទៀតមកពីសភាជាន់ខ្ពស់និងសភាជាន់ទាបហើយនិងមេដឹកនាំម្នាក់មកពីក្រុមជនជាតិភាគតិច។
លោក Ye Htut រដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្រកាសការចរចាកាលពីយប់ថ្ងៃពុធបន្ទាប់ពីការជួបប្រជុំរបស់ឥស្សរៈជននយោបាយរាប់សិបនាក់នៅក្នុងរដ្ឋធានី ណៃពិដោ។ លោកនិយាយថា បញ្ហាជាច្រើនបានត្រូវពិភាក្សានៅឯជំនួបកាលពីថ្ងៃពុធដែលលោកបានហៅថា មានប្រយោជន៍៕