មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អង់សាន ស៊ូជី នឹងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃពុធស្អែក ដើម្បីពិភាក្សាអំពីថាតើការកែប្រែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះប្រទេសមីយ៉ាន់ម៉ាអាចជួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចដែលត្រូវការជាចាំបាច់ ឬយ៉ាងណានោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីមីយ៉ាន់ម៉ាមួយរូប។
ដំណើរទស្សនកិច្ចរបស់លោកស្រី ស៊ូជីដែលជាទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ចាប់ផ្ដើមអាណត្តិរបស់ខ្លួនកាលពីចុងខែមិនាកន្លងមកនេះ។ ការផ្លាស់ប្ដូរលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការគ្រប់គ្រងដោយពួកយោធាអស់រយៈពេលប៉ុន្មានទសវត្សកន្លងមក ត្រូវបានចាត់ទុកថាជាជោគជ័យផ្នែកគោលនយោបាយការបរទេសដ៏ធំមួយរបស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama ដែលកំពុងធ្វើការពិចារណាអំពីថាតើសហរដ្ឋអាមេរិកអាចជួយគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យបន្ថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាតាមរបៀបណា។
លោក Zaw Htay អ្នកនាំពាក្យរបស់ការិយាល័យលោកស្រី ស៊ូជី បាននិយាយថា លោកស្រី កំពុងស្វែងរកការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិកចំពោះសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការគ្រប់គ្រងមិនត្រឹមត្រូវ និងការផ្ដាច់ខ្លួនឲ្យនៅឯកាតែម្នាក់ឯងពីអន្តរជាតិរបស់អតីតរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ការស្វះស្វែងរកការជួយជ្រោមជ្រែងនេះ គឺក្នុងគោលបំណងដើម្បីបំពេញក្ដីសង្ឃឹមរបស់អ្នកគាំទ្រនូវជ័យជំនះភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំមុន។
លោក Zaw Htay បានប្រាប់ VOA ថា៖ «ប្រជាពលរដ្ឋមីយ៉ាន់ម៉ាមានក្ដីរំពឹងយ៉ាងខ្លាំងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចអាចជាសញ្ញាណដ៏ខ្លាំងមួយក្នុងការធ្វើដំណើរទៅមុខនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា»។
ក្នុងពេលជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Obama លោកអនុប្រធានាធិបតី Joe Biden លោករដ្ឋមន្ត្រីការបរទេស John Kerry និងសមាជិកសំខាន់ៗនៃសភាសហរដ្ឋអាមេរិក ដែលមានទាំងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក John McCain ផងនោះ លោកស្រី អង់សាន ស៊ូជី នឹងទំនងជាថ្លែងអំពីការប្រឈមផ្សេងៗដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងជួបប្រទះផងដែរ៕