​លោកស្រី ​Aung San Suu Kyi​ មាន​ជោគជ័យ​លើក​ទី១​នៅក្នុង​ដំណើរការ​សន្តិភាព​របស់​មីយ៉ាន់ម៉ា​

លោក​ស្រី Aung San Suu Kyi និង​ប្រធានាធិបតី​មីយ៉ាន់ម៉ា Htin Kyaw ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​នៅ​ទីក្រុងណៃ​ពិដោ កាល​ពី​ថ្ងៃទី​១៣​ កុម្ភៈ ២០១៨។

ពួក​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​២​ក្រុម​ បាន​ចុះ​ហត្ថលេខា​នៅ​លើ​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំង​ប្រទេស​ ជាមួយ​នឹង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​លោកស្រី Aung San Suu Kyi​ ទទួល​បាន​ជោគជ័យ​ជា​លើក​ទី១​នៅក្នុង​ដំណើរការ​សន្តិភាព​តាមរយៈ​កិច្ចសន្ទនារ​អំពី​ជម្លោះ​និង​ភាព​ជាប់​គាំង​នា​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​ពិធី​អបអរសាទរ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ទីក្រុង​ណៃពិដោ​ កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ​ គណបក្ស ​NMSP និង​គណបក្ស​សហភាព

​ប្រជាធិបតេយ្យ ​Lahu ​ឬLDU​ បាន​យល់​ព្រម​ទៅ​លើ​ឯកសារ​ព្រមព្រៀង​គ្នា​របស់​រដ្ឋាភិបាល​ ដែល​ជា​គន្លឹះ​យ៉ាង​សំខាន់​មួយ​ដើម្បី​ដោះសា្រយ​សង្គ្រាម​ស៊ីវិល​ដែល​មាន​រយៈ​ពេល​៥០ឆ្នាំ​ រវាង​យោធា​ និង​ក្រុម​ជនជាតិ​ភាគតិច។

ពួក​ជន​ជាតិ​ភាគ​តិច​មន​ដែល​ជា​ក្រុម​តំណាង​ឲ្យ​គណបក្ស ​NMSP​ គឺ​ជា​ភាគី​សំខាន់​មួយ​ នៅ​ក្នុង​កិច្ច​ចរចា​សន្តិភាព​នេះ​ ដែល​ក្រុម​នេះ​បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល​ដូចគ្នា​មួយ​អស់​រាប់​ទសវត្សរ៍​មក​ហើយ​ ដោយ​រួម​ទាំង​សាលារៀន​ និង​តុលារ​នៅ​ភាគអាគ្នេយ៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ពួក​ជនជាតិ​ភាគតិច​ Lahu​ គឺ​ក្រុម​តំណាង​ឲ្យ​គណបក្ស ​LDU ដែល​ជា​ជនជាតិ​ភាគតិច​មួយក្រុម​តូច​មិន​សូវ​មាន​ឥទ្ធិពល​យោធា​នោះ​ទេ។

ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ហៅ​ការ​ចុះ​ហត្ថលេខា​ឈប់​បាញ់​គ្នា​កាល​ពី​ថ្ងៃអង្គារ​កន្លង​ទៅ​ថា​«ជា​ការ​បោះ​ជំហាន​មួយ​ ក្នុង​ចំណោម​ជំហាន​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​មួយ​ប្រកប​ដោយ​ចីរភាព»។ រដ្ឋាភិបាល​ប្រទេស​លោក​ខាង​លិច​តែង​តែ​គាំទ្រ​ដល់​ដំណើរ​ការ​សន្តិភាព​របស់​មីយ៉ាន់ម៉ា​ ដោយ​បាន​ផ្តល់​ជា​ការ​ប្រឹក្សា​ និង​ជា​ហរិញ្ញវត្ថុ​សម្រាប់​រៀបចំ​ការ​ចរចា​ តាម​រយៈ​មូលនិធិ​សន្តិភាព​រួមគ្នា៕