កេរ្តិ៍​ឈ្មោះ​​អ្នកស្រី​អង់សានស៊ូជី​ស្រុត​ចុះ​ពេល​ការពារ​យោធា​ភូមា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​

​ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​ឬ​ភូមា​ លោក​ស្រី​អង់សាន ស៊ូជី​បាន​ថ្លែង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់កាលពី​ថ្ងៃទី​១១ ខែធ្នូ​ ឆ្នាំ២០១៩។

ក្នុង​នាម​ជា​ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​ឬ​ភូមា​ លោក​ស្រី​អង់សាន ស៊ូជី​បាន​ថ្លែង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់​ក្នុង​សប្តាហ៍នេះ។ ​អតីត​អ្នកគាំទ្រ​អ្នកស្រី​ជា​ច្រើន​បាន​ឃ្លាំ​មើល​ដោយ​ស្រងាក​ចិត្ត​ ​ខណៈ​ម្ចាស់​ពាន​រង្វាន់​ណូប៊ែល​សន្តិភាព​បាន​បដិសេធការ​ចោទ​ប្រកាន់​ដែល​ថា​ យោធា​ភូមា​បាន​ធ្វើ​អំពើ​ឃោរ​ឃៅ​ប្រឆាំងប្រជាជន​ម៉ូស្លីម​រ៉ូហ៊ីងយ៉ា។​

ក្រុម​មេធាវី​អយ្យការ​និយាយ​ថា ​សកម្មភាព​របស់​យោធា​ភូមា​មាន​ចរិត​ប្រល័យ​ពូជ​សាសន៍​ហើយ​អ្នក​រិះគន់​អ្នក​ស្រីអង់សានស៊ូជីនិយាយ​ថា ​លោកស្រី​មាន​ការ​ទទួលខុស​ត្រូវខ្លះ​ចំពោះ​ការ​បន្ត​ធ្វើទុក្ខ​បុកម្នេញ​លើ​ជន​ជាតិ​ភាគតិច​ម៉ូស្លីម​ដែល​៣​ភាគ​៤​នៃ​ប្រជាជន​មួយ​លាន​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស។

ក្រុម​សិទ្ធិ​មនុស្ស​គូស​បញ្ជាក់​ពី​ការ​បន្ត​ឃុំ​ខ្លួន​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅទូទាំង​ប្រទេស​ភូមា​ដោយ​ចោទ​ប្រកាន់​ពី​បទធ្វើ​ដំណើរ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស។​ ​

លោក John Quinley ​ទី​៣​នៃ​ក្រុម​យុទ្ធនាការ​សិទ្ធិ​មនុស្ស Fortify Rights ​និយាយ​ថា​ «ជន​ជាតិ​រ៉ូហ៊ីងយ៉ាមិន​ត្រូវ​បាន​ផ្តល់​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ​ទេ។​ យើង​បាន​ចងក្រងឯកសារ​អំពី​ការ​បង្ខំ​ឲ្យជនជាតិរ៉ូហ៊ីងយ៉ា​ធ្វើពលកម្ម​និង​ការ​រឹតត្បិត​លើ​សិទ្ធិ​ទទួល​បាន​សញ្ជាតិ។ ​យើង​ជឿ​ជាក់​ថា​តុលាការ​យុត្តិធម៌​អន្តរជាតិ​គួរតែដាក់​ចេញវិធានការ​បណ្តោះអាសន្ន​ជា​បន្ទាន់​ដើម្បី​បញ្ចប់​ការធ្វើ​ទុក្ខបុកម្នេញ​និង​អំពើ​ហិង្សា​ដែល​កំពុងកើត​មាន​លើ​ជនជាតិរ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ ​Rakhine។​

លោកស្រី​អ៊ុងសានស៊ូជី​បាន​ការពារ​យោធា​ភូមាចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា ​យោធា​ភូមា​បាន​ធ្វើ​អំពើ​ប្រល័យ​ពូជសាសន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ បន្ទាប់ពី​ប្រទេស​ហ្គំប៊ីបាន​ដាក់​ពាក្យ​បណ្តឹង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅទីក្រុងឡាអេ។ ​លោកស្រីបាននិយាយ​ថា សកម្មភាព​របស់​យោធាគឺ​ជាការឆ្លើយ​តប​ស្រប​ច្បាប់​ចំពោះ​អំពើភេរវកម្ម៕​