អ្នកស្រី​ Aung San Suu Kyi ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​​បទរំលោភ​ច្បាប់​អាហរណ៍​​នីហរណ៍​របស់​​ប្រទេស​មីយ៉ាន់ម៉ា

ពលករចំណាកស្រុកមីយ៉ាន់ម៉ាកាន់រូបអ្នកស្រី Aung San Suu Kyi ពេលធ្វើបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

អាជ្ញាធរ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បានបង្កើត​បទ​ប្តឹង​ប្រឆាំង​មេដឹកនាំ​កំពុង​ជាប់​ឃុំ​អ្នកស្រី​ Aung San Suu Kyi​ ពី​បទ​បាន​រំលោភ​បំពាន​ទៅ​លើ​ច្បាប់​អាហរណ៍​នីហរណ៍​របស់​ប្រទេស។​

មន្ត្រី​ព័ត៌មាន​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យរបស់​អ្នក​ស្រី​បាន​គូស​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ តាម​រយៈ​សារ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា​អ្នកស្រី ​Aung San Suu Kyi​ ត្រូវ​បាន​បញ្ជា​ឲ្យ​ស្ថិត​ក្នុង​ការឃុំ​ខ្លួន​ក្នុង​រយៈពេល​២​សប្តាហ៍។

អ្នកស្រី​ត្រូវ​បានអាជ្ញាធរមីយ៉ាន់ម៉ា​ចាប់​ឃុំ​ខ្លួន​ជាមួយ​ថ្នាក់​ដឹកនាំមួយ​ចំនួន​ផ្សេង​ទៀត​ដែល​រួម​មាន​ប្រធានាធិបតី​លោក​ Win Myint ​កាលពី​ថ្ងៃចន្ទ​ ស្របពេលដែលក្រុម​យោធា​ដណ្តើម​កាន់កាប់​អំណាច។​

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិតេយ្យ​បាន​បញ្ជាក់​នៅ​ក្នុង​សេច​ក្តី​ថ្លែងការណ៍​មួយកាលពី​ថ្ងៃ​ពុធ​ថា​អាជ្ញាធរ​មីយ៉ាន់ម៉ា​បានសម្រុក​ចូល​ទៅក្នុង​ការិយាល័យ​របស់​គណបក្សជា​ច្រើន​កន្លែងនៅ​ក្នុង​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស។​

ឯកសាររបស់​ប៉ូលិស​ចោទ​ប្រកាន់​ថា​អ្នកស្រី​ Aung San Suu Kyi​ បាន​នាំ​ចូល​និង​ប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​នូវ​វិទ្យុ​ទាក់ទង​ចំនួន​៦គ្រឿង​ដោយ​គ្មាន​ចុះ​បញ្ជី។ ពួកគេ​បាន​រកឃើញ​ឧបករណ៍​ទាំងនោះ​ក្រោយពី​បាន​ឆែកឆេរលំនៅដ្ឋាន​របស់​អ្នកស្រី​នៅ​ក្នុង​រដ្ឋធានី​ Naypyitaw។ ប៉ូលិស​ថា​ឧបករណ៍​នោះ​សម្រាប់​អង្គរក្ស​អ្នកស្រី​ប្រើប្រាស់។​

ទន្ទឹម​នឹង​នេះ​ដែរ​រដ្ឋមន្រ្តី​ការបរទេសពី​ប្រទេស​ក្រុម​ G-7 ​បាន​ថ្កោល​ទោសកាលពី​ថ្ងៃ​ពុធ​ចំពោះ​អំពើ​រដ្ឋប្រហារ​ ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

«យើងព្រួយ​បារម្ភ​ជា​ខ្លាំងចំពោះការចាប់​ឃុំ​ខ្លួនមេដឹកនាំ​នយោបាយ​និង​សកម្មជន​សង្គម​ស៊ីវិល​ដែល​ក្នុង​នោះ​រួម​មាន​ទីប្រឹក្សា​រដ្ឋអ្នកស្រី​ Aung San Suu Kyi និង​ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោកWin Myint​ ក៏​ដូចជា​ការកំណត់​ទិស​ដៅ​ក្នុង​ការបង្រ្កាបប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ»។ នេះ​បើតាម​ការ​លើក​ឡើងនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍រួម​មួយ​របស់រដ្ឋមន្ត្រី​ការបរទេស​កាណាដា​បារាំង​ អាល្លឺម៉ង់​អ៊ីតាលី​ ជប៉ុន​និង​សហរដ្ឋ​អាមេរិក។​

ក្រុមប្រទេស​ទាំង​នេះ​បាន​អំពាវនាវ​ឲ្យក្រុម​យោធាបញ្ចប់​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ហើយ​អនុញ្ញាត​ឲ្យមាន​ស​កម្មភាព​មនុស្សធម៌​ ដើម្បី​ជួយ​ដល់ពលរដ្ឋ​ដែលងាយ​ទទួល​រងគ្រោះបំផុត​នៅ​ក្នុង​ប្រទេស​នេះ។

ក្រុម​ប្រទេស G-7​ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ផង​ដែរ​ថា​ លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា​ត្រូវតែ​គោរពហើយ​រដ្ឋសភា​ថ្មី​គួរ​ត្រូវ​កោះ​ប្រជុំក្នុង​ពេលវេលា​ដ៏​ឆាប់​ខាង​មុខ។

នៅ​ថ្ងៃពុធ​ម្សិលមិញ​ផង​ដែរ​ក៏​មានបុគ្គលិក​ពេទ្យ​ជាច្រើន​នាក់ក្នុង​មន្ទីរពេទ្យនិង​មន្ទីរ​សុខាភិបាល​ចំនួន​៧០​ក្នុងទីក្រុងចំនួន​ ៣០ បាន​ឈប់ធ្វើ​ការ​ងារជា​ការប្រឆាំង​នឹង​សកម្មភាព​រដ្ឋប្រហារ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​របស់​ក្រុម​ចលនាដែល​ទើប​បង្កើត​ថ្មី​ឈ្មោះថា​ចលនា​មិនប្រតិបត្តិតាម​សង្គម​មីយ៉ាន់ម៉ា​ (Myanmar Civil Disobedience Movement) ​បាន​គូស​បញ្ជាក់​ថា ក្រុម​យោធា​បានតម្កល់​ផល​ប្រយោជន៍​របស់​ខ្លួនធំ​ជាង​ប្រជា​ពលរដ្ឋ​ ដែល​កំពុង​ប្រឈម​នឹង​ផល​ប៉ះ​ពាល់​ដ៏​ខ្លាំង​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩ ដែល​បាន​សម្លាប់​ពលរដ្ឋ​ជាង ​៣.១០០ ​នាក់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាននៅ​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ ការដណ្តើមក្តោបក្តាប់​អំណាច​ដោយ​ក្រុម​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ដើម​សប្តាហ៍នេះគឺ​ជា​អំពើ​រដ្ឋ​ប្រហារ​ ​ដែល​បណ្តាល​ឲ្យ​មាន​ការរឹត​បន្តឹងក្នុង​ការផ្តល់​ជំនួយ​របស់​អាមេរិក​ទៅ​ឲ្យ​រដ្ឋាភិបាល​នោះ។​

មន្ត្រីអាមេរិក​រូប​នេះ​ក៏​បាន​ថ្លែង​បញ្ជាក់​ផង​ដែរ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការប្រឆាំង​ចំពោះ​អ្នកទទួល​ខុសត្រូវ​ប៉ុន្តែ​នឹង​នៅ​តែ​បន្ត​កម្មវិធី​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​ពលរដ្ឋទូទៅ​ដែល​ក្នុង​នោះ​រួមមាន​ជំនួយ​មនុសុ្សធម៌​និង​កម្មវិធី​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យផង​ដែរ៕​