សំណុំរឿង​អតីត​មេ​ខ្មែរ​ក្រហម​​ថ្នាក់​ភូមិភាគ​ឈ្មោះ​ អោ អាន​ ជាប់គាំង

រូបឯកសារ៖ លោក​អោ​ អាន​ អតីត​មេ​បញ្ជាការ​រង​ភូមិ​ភាគ​កណ្តាល​ គ្រប់គ្រង​គុក មន្ទីរ​សន្តិសុខ​ ក្នុង​របប​ខ្មែរ​ក្រហម​ កំពុង​សម្អាត​ដី​ចម្ការ​របស់​លោក​ក្នុង​ស្រុក​កំរៀង​ ខេត្ត​បាត់​ដំបង​ ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

សាលាក្តីកាត់ទោស​ខ្មែរក្រហម​បាន​ចេញ​សេចក្តីសម្រេចមួយ​នៅថ្ងៃព្រហស្បតិ៍​ ដែល​មានលក្ខណៈ​ប្រទាំង​ប្រទើស​គ្នារវាង​ចៅក្រម​ជាតិ​និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ឧទ្ធរណ៍​នៅ​ក្នុងសំណុំរឿង​អតីត​មេខ្មែរ​ក្រហម​ថ្នាក់​កណ្តាល​ម្នាក់​ឈ្មោះ​ អោ អាន។

ចៅក្រមកម្ពុជា​ចំនួន​បី​នាក់​នៅ​អង្គបុរេ​ជំនុំជម្រះបាន​សម្រេច​ទទួល​យក​ការ​ទម្លាក់ការចោទ​ប្រកាន់​ជនជាប់ចោទ​ ​អោ អាន តាម​ដីការដំណោះស្រាយ​របស់​សហចៅក្រម​ស៊ើប​អង្កេត​ជាតិ​ប៉ុន្តែ​ចៅក្រម​អន្តរជាតិ​ចំនួន​ពីរនាក់​បាន​សម្រេច​ឱ្យ​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ជំនុំជម្រះ​តាម​ដីការ​ដំណោះស្រាយ​របស់​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ។​

លោក នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«អង្គបុរេជំនុំជម្រះ​មិន​អាច​រក​បាន​សំឡេង​គាំទ្រ​យ៉ាងតិច​៤សំឡេង​សម្រាប់​ចេញសាលដីការ​ផ្អែក​ទៅ​លើ​សម្អាង​ហេតុ​រួមគ្នា​លើ​អង្គសេចក្តី​បាន​ទេ​ហើយ​ខាង​អង្គបុរេ​ជំនុំ​ជម្រះ​ក៏​បាន​សម្រេចជាឯកច្ឆ័ន្ទ​នៅ​ក្នុង​ការ​ថា​ការចេញ​ដីការ​ដំណោះស្រាយ​ពី​រ​ដែលផ្ទុយគ្នា​របស់​សហ​ចៅក្រមស៊ើបអង្កេត​គឺខុសច្បាប់​ហើយ​រំលោភបំពាន​ទៅលើក្រម​ ក្របខណ្ឌ​គតិយុត្តិ​របស់​សាលាក្តី​ខ្មែរក្រហម​ហើយ​អនុលោម​តាម​វិធាន​៧៧(១៣)​គឺ​សាលដីការ​នេះ​គឺ​បិទ​ផ្លូវតវ៉ា‍»។

ជនជាប់ចោទ​ អោ អាន​ គឺ​ជា​អតីត​អនុ​លេខា​ភូមិភាគ​កណ្ដាល ​និង​ជា​លេខា​តំបន់​៤១​ក្នុង​សម័យ​ដែល​ក្រុម​ខ្មែរ​ក្រហម​កាន់អំណាច​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩ ​ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ជាច្រើន​បទល្មើស​ក្នុង​នោះ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​ចាម​និងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

បន្ទាប់ពី​ការស៊ើបអង្កេត​អស់​រយៈពេល១០​ឆ្នាំ​ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​សម្រេច​កាលពី​ថ្ងៃទី​១៦​ខែ​សីហា ឆ្នាំ​២០១៨​ បញ្ជូន​សំណុំរឿង​នេះ​ទៅ​ជំនុំជម្រះ​ប៉ុន្តែ​សហចៅក្រម​ស៊ើប​អង្កេតកម្ពុជាបាន​សម្រេច​លើកលែង​ការចោទ​ប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​ជនជាប់ចោទ​អោ អាន។

ការចេញដីការ​ដំណោះស្រាយខុស​គ្នា​នេះ​បាននាំ​ឱ្យ​មាន​ការប្តឹង​ឧទ្ធរណ៍​ជំទាស់​ពី​សហ​ចៅក្រមស៊ើប​អង្កេត​ជាតិ​និង​មេធាវី​ជនជាប់ចោទ​អោ អាន ​និង​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិផង​ដែរ​ដែល​នាំ​ឱ្យ​មាន​ការបើក​សវនាការ​រយៈពេល​បីថ្ងៃ​កាលពី​ខែ​មិថុនា​ មុន​នឹង​ឈាន​ដល់​ការសម្រេច​ជាចុងក្រោយ​នេះ។

ការសម្រេច​របស់​អង្គបុរេ​ជំនុំជម្រះ​លើសំណុំ​រឿង​០០៤/២​នៅ​ពេល​នេះ​បាន​បង្ហាញ​ការជាប់​គាំង​នៃ​សំណុំ​រឿង​នេះ​និង​បង្ហាញ​ភាព​មិន​ច្បាស់លាស់​ពី​អនាគត​នៃ​សំណុំរឿង​នេះ​ដូច​គ្នា​នឹង​សំណុំរឿង​របស់​ជនជាប់ចោ​ទ​មាស មុត​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹកខ្មែរ​ក្រហម​ដែរ។

លោក​ នេត ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​បន្ថែម​ថា៖

«ខ្ញុំ​មិន​អាច​អត្ថាធិប្បាយ​អ្វី​បាន​ថា​តើ​អនាគត​នៃ​សំណុំរឿង​នេះ​យ៉ាង​ណា​ទេ​ហើយ​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​អោ អាន​នឹង​ក្លាយ​ទៅជា​យ៉ាងណា​ទេ‍»។​

ជនជាប់ចោទ​ អោ អាន ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ក្នុង​បទសម្ភាស​មួយ​កាលពី​សប្តាហ៍​មុន ​ថា​លោក​មិន​មាន​តួនាទី​ធំដុំ​ទេ​នៅ​ក្នុង​របប​វាលពិឃាត​ខ្មែរ​ក្រហម​ហើយ​លោក​បាន​ច្រាន​ចោល​រាល់​បទចោទ​ប្រកាន់​ទាំងអស់។

ជនជាប់ចោទ ​អោ​ អាន​ ដែល​មាន​អាយុ​៨៦ឆ្នាំ​ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​មនុស្ស​ឃាត​ដោយ​ចេតនា ​និងឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ថ្ងៃ​ទី​២៧ ​ខែ​មីនា ​ឆ្នាំ ​២០១៥។ នៅថ្ងៃទី១៤ ​ខែមីនា​ ឆ្នាំ ២០១៦ លោក ​អោ អាន ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​ពី​បទឧក្រិដ្ឋ​កម្ម​ថ្មី​បន្ថែម​ទៀត​ រាប់​ទាំង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជនជាតិ​ចាម។ នេះ​បើ​តាម​ឯកសារ​របស់​សាលាក្តី​ខ្មែរក្រហម។ ឧក្រិដ្ឋកម្ម​ទាំងនេះ ​ត្រូវ​បាន​ចោទ​ថា​បាន​ប្រព្រឹត្ត​ឡើង​នៅ​ការដ្ឋាន​ធ្វើ​ពលកម្ម​ដោយ​បង្ខំនិង​មន្ទីរ​សន្តិសុខ​ជាច្រើន​កន្លែងនៅ​ក្នុង​ខេត្ត​កំពង់ចាម។​

បច្ចុប្បន្ន​ជនជាប់ចោទ​អោ អាន​រស់នៅ​ដោយ​មាន​សេរីភាព​ដើរហើរ​ហើយ​ប្រកប​របរ​ជា​អ្នកចម្ការ​នៅក្នុង​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង។

របបខ្មែរ​ក្រហម​បាន​សម្លាប់​មនុស្ស​អស់​ជាង​១,៧លាននាក់​ដោយ​ការបង្អត់អាហារ ​បង្ខំធ្វើការ​បាក់​កម្លាំង​ ជំងឺដម្កាត់​និង​ការសម្លាប់​ចោល៕