ការប៉ុនប៉ង​រំលាយ​បក្ស​ប្រឆាំង​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​មាគ៌ា​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​របប​ឯក​បក្ស

រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់​នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

ការប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំនិង​តែ​មួយ​គត់​នៅ​រដ្ឋសភា​ នៅ​បន្ត​ជា​ក្តី​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​ ក៏​ដូច​ជា​អង្គការ​ឃ្លាំមើល​សកម្មភាព​⁣រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ។ ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ បាន​ថ្កោល​ទោស​ ការ​វិវត្ត​ចុង​ក្រោយ​នៃ​ស្ថានភាព​នៅ​កម្ពុជា​ ថា​ជា​ការ​នាំ​យក​កម្ពុជា​ទៅ​កាន់​ការ​ដឹកនាំ​បែប​ឯក​បក្ស​ ដែល​ផ្ទុយ​ពី​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​ស្រុង។ ​

ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រកាស​ថ្កោល​ទោស​ ការ​ជំរុញ​នា​ពេល​ថ្មី​ៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បំបិទ​ចោល​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ដែល​អាច​នឹងនាំ​ដល់​ការណ៍​មានតែ​គណបក្ស​តែ​មួយ​ដឹកនាំ​ប្រទេស​កម្ពុជា។

ការ​ថោ្កល​ទោស​របស់​ក្រុម​សមាជិក​សភាអាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​⁣ ⁣(ASEAN Parliamentarians for Human Rights (APHR)​ ធ្វើឡើង​នៅ​ចំ​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​កំពុង​ប្រញាប់​ប្រញាល់​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​ ដែល​គេជឿថា​ ជា​ជំហាន​ឆ្ពោះទៅការ​បែង​ចែក​អាសនៈសភារបស់ គណបក្សសង្គ្រោះជាតិ​ ទៅគណបក្ស​នយោបាយ​ផ្សេង​ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ដ៏⁣⁣​ធំ⁣​មួយ⁣⁣នេះ​ ត្រូវ​បាន​រំលាយ​ចោល។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ ខែ​តុលា ដោយក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​ ដែល​ជា​ក្រុមតាម​ដាន​សកម្មភាព​រំលោភ​បំពាន​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ​និង​ក្នុង​តំបន់​អាស៊ាន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រុម​សមាជិក​សភា​ក្នុង​តំបន់​ បាន​លើក​ឡើង​សញ្ញា​គ្រោះថ្នាក់​មួយ​សម្រាប់​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រកាស​ថ្កោល​ទោស​នេះ⁣ ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​គឺ ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ថ្មីៗ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បែង​ចែក​ជា​ថ្មី​នៃ​កៅអី​សភា​របស់​បក្ស​ប្រឆាំង​ និង​ការិយាល័យ​រដ្ឋបាល​នានា​គ្រប់​គ្រង​ដោយ​គណបក្ស​នេះ​ នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ជំហាន​ថ្មីៗ​ធ្វើ​ឡើង​នៅ​សភា​ជាតិ​ខ្មែរ​ កើត​មាន​មិន​ដល់​មួយ​សប្តាហ៍​ ក្រោយ​ក្រសួង​មហាផ្ទៃ​នៅ​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​ ស្នើ​សុំ​រំលាយ​បក្ស​ប្រឆាំង។​

លោក​ Charles Santiago​ ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​ និង​ជា​សមាជិក​មួយរូប​របស់​សភា​ប្រទេស​ម៉ាឡេស៊ី​ បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​ដំណើរ​នៃ​ការ​រំលាយ​បក្ស​ប្រឆាំងតាម​ន័យ​ដើម​ថា៖

«សេចក្តីស្នើ​ធ្វើ​វិសោធនកម្ម​ថ្មីៗ​ទាំង​នេះ​ គឺ​ជា​ការ​ប៉ុន​ប៉ង​ដោយ​ឥត​អៀន​ខ្មាស់​ ដើម្បី​ធ្វើ​ឲ្យ​ស្រប​ច្បាប់​នៃ​ទង្វើ​ដែល​មាន​លក្ខណៈ​មិន​ប្រជាធិបតេយ្យ​ទាំង​ស្រុង៖ ដោយ​ការ​ផ្តល់​តំណែង​នានា​នៅ​គ្រប់​កម្រិត​របស់​រដ្ឋាភិបាល​ទៅ​គណបក្ស​ទាំងឡាយ​ណា​ ដែល​នឹង​មិន​ប្រឹង​ទាញ​យកសន្លឹក​ឆ្នោត​ពី​ប្រជាជន​តែ​បែរ​ជា​លក់​ភក្តី​ភាព​របស់​ផង​ខ្លួន​ ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​កាន់​អំណាច​ចង់​មាន​លទ្ធភាព​ប្រកែក​ថា ​កម្ពុជា​ នៅ​តែ​មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ តែ​គ្មាន​នរណា​ម្នាក់​ អាច​ត្រូវ​បាន​គេ​បោក​បាន​នោះ​ឡើយ»។

រូបឯកសារ៖ លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ​ប្រធានក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស។

លោក​ Santiago​ បាន​ថ្លែង​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖

«គ្មាន​កំហុស​អ្វី​នោះ​ទេ៖ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ លទ្ធផល​គឺ​ថា​នឹង​មាន​ការ​ដឹកនាំ​ដោយ​គណបក្ស​មួយ​នៅ​កម្ពុជា។ រដ្ឋាភិបាល​ដែល​ជ្រើសរើស​ការ​ប្រកួត​ប្រជែង​ដោយ​ខ្លួន​ឯង​ ហើយ​បោស​សម្អាត​ចោល​នរណាម្នាក់​ដែល​មើល​ទៅ​ផ្តល់​ការ​គំរាមកំហែង​ដ៏​តិចតួច​ មិន​ចាត់​ទុក​ថា​ ជា​ប្រព័ន្ធ​ពហុបក្ស​ពិត​ប្រាកដ​នោះទេ»។

កាល​ខែ​កញ្ញា​កន្លងទៅ​ អ្នក​សង្កេត​ស្ថានការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​របស់ លោក ហ៊ុន⁣ សែន⁣ បាន​បើក​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ មេដឹកនាំ​គណបក្ស​ប្រឆាំង ​និង​សារព័ត៌មាន​ឯករាជ្យ​ ដែល​តែង​តែ​និយាយ​រិះគន់​ ចំណុច​ខ្វះខាត​ក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ក្រោម​បទ​ចោទ​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ បាន​ពន្លឿន​ល្បឿន​នៃ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​មួយ​ចំនួន​ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​គណបក្ស​នយោបាយ​មិន​បាន​ទទួល​ការ​គំាទ្រ​ពី​ពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ ឲ្យ​ទទួល​បាន​កៅអី​ របស់​គណបក្ស​ជំទាស់​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ នៅ​ពេល​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​សំខាន់​នៅ​កម្ពុជា​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល។

​ទង្វើ​របស់​រដ្ឋាភិបាល​ និង​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ដែល​សហគមន៍​អន្តរជាតិ​នានា​មើល​ឃើញថា​ ដើរ​បញ្ច្រាស​រដ្ឋធម្មនុញ្ញ​កម្ពុជា​ និង​គោលការណ៍​លទ្ធិប្រជា​ធិបតេយ្យ ត្រូវ​នាយករដ្ឋ​មន្ត្រីខ្មែរ​លោក​ ហ៊ុន សែន​ការពារ​ថា​ ជាការ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​ដែលមាន​អធិបតេយ្យភាព​មួយ​ ដើម្បី​រក្សាសនិ្តភាព​ និងស្ថិរភាពក្នុង​ ប្រទេស។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

ទោះ​យ៉ាង​ណា​ក៏​ដោយ⁣ ​លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ បាន​ស្នើ​ឲ្យ​ក្រុមអ្នករិះគន់​លើ​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ និង​ក្រុមតំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​ ដាក់​ការ​ស្តី​បន្ទោស​ទៅ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​ គឺលោក​ កឹម សុខា​ ដែលបាន​ប្រព្រឹត្ត​បទល្មើស​មួយនាំទៅ​រកលទ្ធភាព​នៃ​ការ​ធ្វើ​ឲ្យរលំ​រលាយ​គណបក្ស​សង្គ្រោះជាតិ។ លោក សុខ ឥសាន បន្ត​ថា​ បទល្មើស​ក្បត់​ជាតិ​ដែល​លោក​កឹម សុខា​កំពុង​ប្រឈមមុខនេះ​ បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ឆន្ទៈ​នយោបាយ​របស់​អ្នកគាំទ្រ​នៃ​គណបក្ស​ប្រឆាំង​។

«បើគាត់​ចង់​ថ្កោល​ទោស​ ចំពោះ​អ្នក​ធ្វើ​ឲ្យបាត់​បង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ គួរ​គាត់​ប​ន្ទោស​ថ្កោល​ទោស​ ចំពោះគណបក្ស​ប្រឆាំង​ ដែលបាន​ប្រព្រឹត្ត​ល្មើសច្បាប់​ ដែល​ជា​ នីតិរដ្ឋ​នៅ​កម្ពុជា​ ហើយ​ និង​រំលោភ​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ មូលហេតុ​អី​ បាន​ជា​ថា​ យ៉ាងដូច្នោះ​ ព្រោះ​មេបក្ស​ប្រឆាំង​ ហ្នឹង​ហើយដែល​ឃុបឃិត​ជាមួយ​បរទេស​ប្រុង​ ដើរ​រំលោភ​ទៅលើ​លិទ្ធិ​ប្រជាធិបតេយ្យ​ ប្រុង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​ ហើយ​អាហ្នឹង​ដែល​ជា​ទោស​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​មាត្រា​ ៤៤៣​ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។ អីចឹង​អ្នកណា​ជា​អ្នក​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​ គណបក្ស​ប្រឆាំង​ហ្នឹង​ឯង»។

លោក​ សុខ ឥសាន បាន​ថ្លែង​ការ​ពារ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆំាង​ ដែល​ទទួល​បាន​សំឡេង ៤៤​ ភាគរយ​ ឬ៥៥កៅអី​នៅ​សភា​ថា​ នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ការ​ដឹកនាំ ​ដោយ​បក្ស​នយោបាយ​តែ​មួយនោះ​ទេ។​

«ចំណុចទីពីរ​ដែលគាត់​ថា​ ការ​ដឹកនាំ​ជា​ឯក​បក្ស​ហ្នឹង​ ខ្ញុំយល់ថា​ គាត់​ដូចជា​មើល​រំលង​អំពី​លទ្ធិប្រជា​ធិបតេយ្យ​សេរីពហុបក្ស​នៅ​កម្ពុជា​។ បច្ចុប្បន្ន​នេះ​ មាន​បក្ស​ ៤៥ ដែល​បាន​ចុះបញ្ជី​ នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។​ អីចឹង​ទេ​ គឺថា​ អត់​ពី​បក្ស​មួយ​ទៅ​ មិន​មែន​បក្ស​ដទៃ​ទៀត​ គេ​ងាប់​អស់​ ដោយសារ​បក្ស​ប្រឆាំង​មួយ​អវត្តមាន​ នៅ​ក្នុង​ឆាកនយោបាយ​ទេ​បាទ»។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

សេចក្តីថ្លែងការណ៍​របស់​ក្រុមសមាជិក​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​ធ្វើឡើង​ មួយថ្ងៃ​ បន្ទាប់​ពីអ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ​បេសកជនពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ បាន​ព្រមាន​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ ស្ថិត​ក្រោមការ​គំរាម​កំហែង​ពី​ការ​វាយ​ប្រហារ​នានា​មកលើគណបក្ស​សង្គ្រោះជាតិ។​

យោងតាម​សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ហើយ​ដែល​ VOA ​ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នកស្រី​ស្មីត​បាន​លើក​ឡើង​អំពី​ការ​ប៉ុនប៉ង​រំលាយ​ចោល​គណបក្ស​ប្រឆាំង​ក្នុង​ន័យ​ដើម​ថា៖

«ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប៉ះពាល់​ដល់​សំឡេង​ និង​ការ​ជ្រើសរើស​របស់​ប្រជាជន​កម្ពុជា​ នៅ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​ ដែល​បង្ក​ឲ្យ​មាន​កង្វល់​យ៉ាង​ខ្លាំង​អំពី​ភាព​ជា​តំណាង​របស់​រដ្ឋាភិបាល»។

យ៉ាងណា​មិញ​ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ បានថ្លែង​ការពារ​ចំណាត់ ការ​រំលាយបក្ស​ប្រឆាំង​នៅចំពោះ​មុខ​ក្រុមកម្មករ​កាត់ដេរ​រាប់​ពាន់​នាក់​កាលពីថ្ងៃពុធ​ថា​ នឹង​មាន​អ្នកធ្វើ​ច្បាប់​មក​ពី​គណបក្ស​នយោបាយជាច្រើន​ មក​អង្គុយ​ធ្វើ​ការ​នៅ​សភា​ជាមួយ​គណបក្ស​កាន់​អំណាចរបស់លោក។

សម្រាប់​ក្រុមអ្នកវិភាគ​មើល​ឃើញ​ថា​ ការ​បែង​ចែក​កៅអីជាថ្មី​របស់​គណបក្ស​ប្រឆាំង​ មិន​ខុស​អីពី​ការ​ធ្វើ​ សកម្មភាព​ក្បត់​ប្រឆាំង​នឹង​ឆន្ទៈ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ជាង​បី​លាន​នាក់​ដែល​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ និង​បញ្ជាក់​ឲ្យ​ឃើញ​ចេតនា​ក្រាញ​អំណាច​របស់​បក្ស​ប្រជាជនកម្ពុជា ដែល​ចង់​តាំង​ខ្លួន​ជាបិតា​នៃ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា។

លោក​ មាស​ នី​ អ្នកវិភាគ​នយោបាយ​និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​បាន​ប្រាប់​ VOA ថា​ ការ​បែង​ចែង​កៅអី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ខុស​អី​ពី​ទង្វើ​នៃ​ការ​វាយ​បំបែក​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ ដែល​ផ្តល់​ការ​យក​ចិត្ត​ទុកចិត្ត​លើ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​នេះ។

លោក មាស នី​ថ្លែង​ថា៖«ការ​ដក​យក​អាសនៈ​ពី​ពលរដ្ឋ​ ប្រមាណ​ជា​បី​លាន​នាក់​ជាង​ ដែល​គាំទ្រ​គណបក្ស​មួយ​ហ្នឹង​ ហើយ​យក​ទៅ​ឲ្យ​អ្នក​ដទៃ​ហ្នឹង​ វា​ខុស​ពី​មតិ​ពលរដ្ឋ​ហ្នឹង​បាត់​ទៅ​ហើយ។​ អា​នេះ​វា​ យើង​មិន​និយាយ​រឿង​ច្បាប់​ទេ​ យើង​និយាយ​ពី​សង្គម​វិញ​ អា​ហ្នឹង​វា​ខុស​បាត់​ហើយ។ ​វា​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​ពាក់​កណ្តាល​ប្រទេស​ហ្នឹង​បាន​ត្រូវ​គេ​យក​ទំនុក​ចិត្ត​របស់​គាត់​ហ្នឹង​ យក​ទៅ​ហែក​ចែក​គ្នា​ ដូច​ហែក​ចែក​នំ​អីចឹង​ណា៎»។​

ទោះ​បី​ជាក្រុមអ្នកតំណាងរាស្ត្រនៃគណបក្ស​កាន់​អំណាច​កំពុងពិនិត្យលើសំណើ​សុំធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​គេ​ជឿថា​ នឹង​ឈាន​ដល់​ការ​បែងចែក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង​ទៅ​គណបក្ស​ផ្សេង​ទៀត​ក្តី​ ក៏​អ្នកនាំពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​លោក​ សុខ​ ឥសាន​ មិន​ទាន់អាច​បញ្ជាក់​ថា​ តើ​នឹង​មាន​គណបក្ស​ផ្សេង​ៗ​ទៀត​ចំនួន​ប៉ុន្មាន​ ដែលនឹង​មាន​ភ័ព្វ​ភ្ជាប់​ខ្លួន​នឹងកៅអី​ក្នុង​រដ្ឋសភានោះ​ឡើយ៕