យោងតាមមន្រ្តីអាហ្វាហ្គានីស្ថានបានឲ្យដឹងថា យ៉ាងហោចណាស់មានប៉ូលិស ៧ នាក់និងជនស៊ីវិល ៣ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងហេតុការណ៍វាយប្រហារជាបន្តបន្ទាប់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Ahmad Khan Serat អ្នកនាំពាក្យស្នងការប៉ូលិសប្រចាំខេត្ត Ghazni ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ពួកបះបោរតាលីបាន បានសម្លាប់ប៉ូលិស ៣ នាក់នៅក្នុងហេតុការណ៍វាយប្រហារទៅលើបុស្តិ៍យាមសន្តិសុខនៅក្នុងខេត្ត Ghazni។ សារព័ត៌មាន Associated Press បានរាយការណ៍ថា ក្រុមតាលីបាន បានចេញអះអាងទទួលខុសត្រូវលើការវាយប្រហារនេះ។
ការវាយប្រហារមួយទៀតរបស់ក្រុមតាលីបានទៅលើបុស្តិ៍យាមសន្តិសុខនៅក្នុងខេត្ត Sari Pul ភាគខាងជើងបានសម្លាប់ប៉ូលិសយ៉ាងហោចណាស់ ៤ នាក់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់លោក Mohammad Noor Rahmani ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត។
លោក Attahullah Khogyani អ្នកនាំពាក្យអភិបាលខេត្តបានរាយការណ៍ថា ឧប្បទ្ទេវហេតុផ្ទុះគ្រាប់បែកពីរគ្រាប់នៅក្នុងខេត្ត Nangarhar ភាគខាងកើតត្រូវបានគេអះអាងថា បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៣ នាក់។ មិនទាន់មានក្រុមណាចេញអះអាងទទួលខុសត្រូវលើការវាយប្រហារនៅក្នុងខេត្ត Nangarhar និងខេត្ត Sari Pul នៅឡើយទេ។ ពួករដ្ឋឥស្លាមបានបង្កើតមូលដ្ឋានរបស់ខ្លួននៅក្នុងខេត្ត Nangarhar កាលពីឆ្នាំ ២០១៥។
ការប្រយុទ្ធក្នុងចំណោមពួកសកម្មប្រយុទ្ធបានបង្កើនភាពតានតឹងកាន់តែខ្លាំងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈការចរចាសន្តិភាពកំពុងដំណើរការ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមតាលីបាន និងកងកម្លាំងអាហ្វហ្គានីស្ថាន៕