ប្រធានប៉ូលិសប្រចាំទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក បានលាលែងពីតំណែងកាលពីថ្ងៃសៅរ៍ទី ១៣ មិថុនា គឺក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់បានស្លាប់ ក្រោយពីមន្ត្រីប៉ូលិសម្នាក់បានបាញ់ក្នុងហេតុការណ៍ត្រួតពិនិត្យជាតិស្រវឹង។ អាជ្ញាធរបានឲ្យដឹងថា បុរសដែលត្រូវបានប៉ូលិសបាញ់នោះបានឆក់យកឧបករណ៍ឆក់របស់ប៉ូលិស ហើយបានរត់គេចនៅពេលដែលត្រូវបានប៉ូលិសបាញ់។
ប្រធានប៉ូលិសប្រចាំទីក្រុង Atlanta អ្នកស្រី Erika Shields បានលាលែងចេញពីតំណែង នៅពេលដែលការស្លាប់របស់លោក Rayshard Brooks អាយុ ២៧ ឆ្នាំ បានបង្កឲ្យមានរលកតវ៉ាថ្មីនៅក្នុងទីក្រុង Atlanta។
រលកតវ៉ាថ្មីនេះបានផ្ទុះឡើង បន្ទាប់ពីមានការថមថយការធ្វើបាតុកម្មក្រោយពីការស្លាប់របស់លោក George Floyd ពេលស្ថិតក្នុងសមត្ថកិច្ចរបស់ប៉ូលិសនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota កាលពីពេលថ្មីៗនេះ។
កាលពីយប់ថ្ងៃសៅរ៍ ក្រុមអ្នកតវ៉ាបានដុតហាង Wendy's ដែលជាកន្លែងដែលលោក Brooks ត្រូវបានបាញ់សម្លាប់កាលពីយប់ថ្ងៃសុក្រ និងបានរាំងខ្ទប់ចរាចរណ៍នៅផ្លូវជាតិល្បឿនលឿននៅក្បែរនោះ។
អភិបាលក្រុង Atlanta អ្នកស្រី Keisha Lance Bottoms បានប្រកាសពីការលាលែងតំណែងរបស់ប្រធានប៉ូលិសក្រុងនេះកាលពីរសៀលថ្ងៃសៅរ៍នៅក្នុងសន្និសីទសារព័ត៌មានមួយ។
អ្នកស្រីបាននិយាយថា វាជាការសម្រេចចិត្តរបស់អ្នកស្រី Shields ខ្លួនឯងផ្ទាល់នៅក្នុងការលាលែងពីតំណែងជាប្រធានប៉ូលិស តែអ្នកស្រីនៅតែធ្វើការជាមួយក្រុងដដែលក្នុងតួនាទីមួយដែលមិនទាន់ត្រូវបានកំណត់នៅឡើយ។

បាតុករបិទផ្លូវមិនឲ្យធ្វើចរាចរណ៍នៅលើផ្លូវhighway មួយ ក្នុងអំឡុងពេលធ្វើការតវ៉ាប្រឆាំងកាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅក្បែរភោជនីយដ្ឋាន Wendy ក្នុងទីក្រុង Atlanta រដ្ឋ Georgia ជាកន្លែងដែលលោក Rayshard Brooks ត្រូវបានបាញ់សម្លាប់ដោយប៉ូលិសកាលពីល្ងាចថ្ងៃសុក្រ។ (AP Photo/Brynn Anderson)
លោក Rodney Bryant កំពុងកាន់តំណែងជាប្រធានប៉ូលិសបណ្ដោះអាសន្ន រហូតដល់ពេលដែលអ្នកកាន់តំណែងអចិន្ត្រៃយ៍ត្រូវបានជ្រើសរើស។
ការិយាល័យស៊ើបអង្កេតប្រចាំរដ្ឋ Georgia ដែលកំពុងស៊ើបអង្កេតករណីបាញ់សម្លាប់នេះ បានឲ្យដឹងថា ការប្រឈមមុខដាក់គ្នាដែលបង្កឲ្យមានការបាញ់ប្រហារនេះ ផ្ដើមឡើងនៅពេលដែលប៉ូលិសបានឆ្លើយតបចំពោះបណ្ដឹងមួយដែលថា មានបុរសម្នាក់ដេកនៅក្នុងឡានឃាំងផ្លូវចូលភោជនីយដ្ឋាន Wendy's។
ការិយាល័យស៊ើបអង្កេតប្រចាំរដ្ឋ Georgia បានឲ្យដឹងទៀតថា លោក Brooks បានធ្លាក់ការធ្វើតេស្តជាតិស្រវឹង ហើយបន្ទាប់មកបានប្រឆាំងនឹងការប៉ុនប៉ងចាប់ខ្លួនរបស់ប៉ូលិស។
ការិយាល័យស៊ើបអង្កេតប្រចាំរដ្ឋ Georgia បានបញ្ចេញវីដេអូពីកាមេរ៉ាសុវត្ថិភាពអំពីការបាញ់ប្រហារនេះ កាលពីថ្ងៃសៅរ៍។ វីដេអូបង្ហាញថា បុរសម្នាក់កំពុងរត់គេចពីប៉ូលិសស្បែកសពីរនាក់ ដោយលើកដៃម្ខាង ដែលកាន់របស់អ្វីមួយសំដៅប៉ូលិសម្នាក់ដែលនៅពីក្រោយគាត់ពីរបីជំហាន។ ប៉ូលិសម្នាក់នោះបានដកកាំភ្លើងបាញ់ នៅពេលដែលបុរសនោះនៅបន្តរត់ បន្ទាប់មកបានដួលទៅលើដីនៅកន្លែងចតរថយន្ត។
នាយកការិយាល័យស៊ើបអង្កេតប្រចាំរដ្ឋ Georgia លោក Vic Reynolds បាននិយាយថា លោក Brooks បានឆក់យកឧបករណ៍ឆក់ពីប៉ូលិសម្នាក់ ហើយបានភ្ជង់ឧបករណ៍ឆក់នេះសំដៅប៉ូលិសនៅពេលគាត់រត់គេច ដែលជំរុញឲ្យប៉ូលិសដកកាំភ្លើងបាញ់ប្រមាណ ៣ គ្រាប់។
លោក Reynolds បាននិយាយថា វីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញថា លោក Brooks «រត់ ឬគេចខ្លួនពីមន្ត្រីប៉ូលិសទីក្រុង Atlanta។ វីដេអូនោះបង្ហាញថា លោកកាន់ឧបករណ៍ឆក់នៅក្នុងដៃ»។
វីដេអូនោះមិនបានបង្ហាញការប្រឈមមុខដាក់គ្នាដំបូងរវាងលោក Brooks និងប៉ូលិសទេ។
លោក L. Chris Stewart មេធាវីរបស់គ្រួសារលោក Brooks បាននិយាយថា ប៉ូលិសដែលបានបាញ់សម្លាប់លោក Brooks គួរតែត្រូវចោទប្រកាន់ពីបទ «ប្រើប្រាស់អាវុធមិនត្រឹមត្រូវតាមច្បាប់ ដែលស្មើនឹងបទឃាតកម្ម»។
លោក Stewart និយាយថា៖ «អ្នកមិនអាចជិះទូកពីរបានទេ នៅក្នុងការអនុវត្តច្បាប់។ សម្រាប់អ្នក អ្នកអាចនិយាយថាឧបករណ៍ឆក់គឺជាអាវុធដែលមិនប៉ះពាល់ដល់អាយុជីវិត។ ...ប៉ុន្តែនៅពេលដែលពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់នោះដណ្ដើមកាន់វារត់ វាធ្វើឲ្យអ្នកគិតថា វាជាអាវុធដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតទៅវិញ ដែលជំរុញឲ្យអ្នកដកកាំភ្លើងបាញ់នរណាម្នាក់បាន»។
លោកនិយាយថា លោក Brooks មានកូន ៤ នាក់ ហើយទើបតែបានប្រារព្ធខួបកំណើតកូនស្រីអាយុ ៨ ឆ្នាំរបស់លោក កាលពីថ្ងៃសុក្រនោះ គឺមុនលោកត្រូវបានសម្លាប់។
ប៉ូលិសម្នាក់បានព្រមានដល់ក្រុមបាតុករដែលបាននាំគ្នាបិទផ្លូវល្បឿនលឿនមួយ ឲ្យចាកចេញពីទីនោះ បើមិនដូច្នោះទេនឹងត្រូវប៉ូលិសចាប់ខ្លួន។ ការតវ៉ានេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅក្បែរភោជនីយដ្ឋាន Wendy ក្នុងទីក្រុង Atlanta រដ្ឋ Georgia ដែលជាកន្លែងដែលលោក Rayshard Brooks ត្រូវបានបាញ់សម្លាប់ដោយប៉ូលិសកាលពីល្ងាចថ្ងៃសុក្រ។
ការបាញ់ប្រហារនេះបានកើតឡើងចំពេលដែលមានភាពតានតឹងខ្លាំងបំផុតទាក់ទិននឹងភាពសាហាវឃោឃៅរបស់ប៉ូលិស និងការអំពាវនាវឲ្យមានកំណែទម្រង់ប៉ូលិសទូទាំងប្រទេស ក្រោយពីការស្លាប់របស់លោកFloyd កាលពីថ្ងៃទី ២៥ ខែឧសភា នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota។
ទីក្រុង Altanta ជាទីក្រុងមួយក្នុងចំណោមទីក្រុងជាច្រើនទៀតនៅក្នុងសហរដ្ឋអាមេរិក ដែលមានការតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវកន្លងមក ទាក់ទិននឹងការស្លាប់របស់លោក Floyd។ ក្រុមអ្នកតវ៉ា រួមទាំងសមាជិកគ្រួសាររបស់លោក Brooks ផងដែរ បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃសៅរ៍ នៅខាងក្រៅភោជនីយដ្ឋានដែលលោក Brooks ត្រូវបានបាញ់សម្លាប់។
ក្នុងចំណោមក្រុមអ្នកតវ៉ា មានវត្តមានរបស់អ្នកស្រី Crystal Brooks ដែលជាបងថ្លៃរបស់លោក Rayshard Brooks។
អ្នកស្រីបាននិយាយថា៖ «លោក [Brooks] មិនដែលបង្ករបួសស្នាមលើនរណាម្នាក់នោះទេ។ ប៉ូលិសបានសំដៅទៅរថយន្តរបស់គាត់ ហើយទោះបីជារថយន្តកំពុងតែចតក៏ដោយ ក៏ប៉ូលិសបានទាញគាត់ចុះពីលើរថយន្ត ហើយចាប់ផ្ដើមឈ្លោះជាមួយគាត់»។
អ្នកស្រីបន្ថែមថា៖ «គាត់ពិតជាបានឆក់យកឧបករណ៍ឆក់ពិតមែន ប៉ុន្តែគាត់ឆក់វារត់តែប៉ុណ្ណោះ»។
អ្នកស្រី Shields ដែលបានធ្វើប្រធានប៉ូលិសក្រុង Atlanta អស់ពេលជិត ៤ ឆ្នាំ ដំបូងត្រូវបានគេកោតសរសើរក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីការស្លាប់របស់លោក Floyd កាលពីខែមុន។
អ្នកស្រីបាននិយាយថា ប៉ូលិសរដ្ឋ Minnesota ដែលពាក់ព័ន្ធនឹងការស្លាប់របស់លោក Floyd គួរតែជាប់ពន្ធនាគារ ហើយអ្នកស្រីបានដើរក្នុងហ្វូងបាតុករនៅក្នុងទីក្រុង Atlanta នឹងបានប្រាប់អ្នកតវ៉ាថា អ្នកស្រីយល់ពីអារម្មណ៍ខកចិត្ត និងភ័យខ្លាចរបស់ពួកគេ។
អ្នកស្រី Shields បានគាំទ្រអភិបាលក្រុង Atlanta អ្នកស្រី Bottoms នៅពេលដែលអ្នកស្រី Bottoms អង្វរឲ្យក្រុមបាតុករត្រឡប់ទៅផ្ទះវិញ នៅពេលដែលការតវ៉ាបានប្រែក្លាយជាហិង្សា ដោយមានការវាយកម្ទេចផ្នែកខាងមុខនៃហាងទំនិញនានា និងការដុតរថយន្តប៉ូលិសជាដើម។
អ្នកតវ៉ាម្នាក់លើកស្លាកអក្សរមួយនៅមុខប៉ូលិសកាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០២០ នៅភោជនីយដ្ឋានលក់ម្ហូប Fast foodក្នុងទីក្រុង Atlanta ជាទីដែលលោកRayshard Brooks ត្រូវបានប៉ូលិសបាញ់ឲ្យស្លាប់ កាលពីល្ងាចថ្ងៃសុក្រ។
ប៉ុន្មានថ្ងៃក្រោយមក ក្រោយពីការតវ៉ាអំពីការស្លាប់របស់លោក Floyd អ្នកស្រី Shields បានបណ្ដេញប៉ូលិសពីរនាក់ចេញពីតំណែង និងបញ្ឈរជើងប៉ូលិស ៣ នាក់ផ្សេងទៀត ដែលបានថតជាប់ក្នុងវីដេអូមួយ អំពីការប្រឈមមុខដាក់គ្នាកាលពីថ្ងៃទី ៣០ ខែឧសភា រវាងប៉ូលិស និងនិស្សិតពីរនាក់ ដែលរថយន្តរបស់និស្សិតទាំងពីរនោះជាប់ស្ទះចរាចរណ៍ ដោយសារតែការតវ៉ារបស់ក្រុមបាតុករ។
ប៉ូលិសបានប្រើឧបករណ៍ឆក់ដើម្បីឆក់និស្សិតទាំងពីរ និងបានចាប់អូសពួកគេចេញពីក្នុងឡាន។ នៅពេលដែលរដ្ឋអាជ្ញារចោទប្រកាន់ប៉ូលិស ៦ នាក់ដែលពាក់ព័ន្ធនឹងករណីនេះ អ្នកស្រី Shields បានចោទសួរយ៉ាងបើកចំហរអំពីការចោទប្រកាន់ទាំងនេះ។
ហេតុការណ៍បាញ់សម្លាប់លោក Brooksនេះ បានចោទជាសំណួរបន្ថែមទៀតអំពីនាយកដ្ឋានប៉ូលិសក្រុង Atlanta។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកស្រី Shields បានបញ្ជាក់ថា អ្នកស្រីសម្រេចលាលែងពីតំណែង «ចេញពីក្ដីស្រឡាញ់ដ៏ជ្រោលជ្រៅចំពោះទីក្រុងនេះ និងនាយកដ្ឋាន [ប៉ូលិស] នេះ»។
អ្នកស្រី Shields បាននិយាយថា៖ «នេះជាពេលដែលទីក្រុងនេះបន្តដំណើរឆ្ពោះទៅមុខ និងកសាងជំនឿចិត្តរវាងមន្ត្រីអនុវត្តច្បាប់ និងសហគមន៍ដែលយើងបម្រើការ»។
នាយកការិយាល័យស៊ើបអង្កេតរដ្ឋ Georgia លោក Reynolds បាននិយាយថា ភ្នាក់ងាររបស់លោកនឹងផ្ដល់លទ្ធផលស៊ើបអង្កេតជូនមេធាវីប្រចាំសង្កាត់ Fulton County លោក Paul Howard។ ការិយាល័យរបស់លោក Paul Howard នឹងត្រូវសម្រេចថាតើនឹងត្រូវចេញដីកាចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងប៉ូលិសទាំងនោះឬក៏អត់។
លោក Howard បាននិយាយកាលពីថ្ងៃសៅរ៍ថា ការិយាល័យរបស់លោក «បានចាប់ផ្ដើមដំណើរការស៊ើបអង្កេតឯករាជ្យខ្លាំងក្លាមួយអំពីហេតុការណ៍នេះ» ដោយមិនចាំបាច់រង់ចាំលទ្ធផលពីការិយាល័យស៊ើបអង្កេតរបស់រដ្ឋ Georgia។
លោក Brooks បានស្លាប់បន្ទាប់ពីត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង Atlanta។
កាលពីថ្ងៃអាទិត្យម្សិលមិញ មន្ត្រីប៉ូលិសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ត្រូវបានបញ្ឈប់ពីការងារ ហើយមន្ត្រីប៉ូលិសម្នាក់ទៀតត្រូវបានផ្អាកពីការងាររង់ចាំការស៊ើបអង្កេត។ នេះបើតាមការប្រកាសរបស់នាយកដ្ឋានប៉ូលិស។
មន្ត្រីប៉ូលិសដែលត្រូវគេបញ្ឈប់ពីការងារគឺលោក Garrett Rolfe។ លោកត្រូវបាននាយកដ្ឋានប៉ូលិសទីក្រុង Atlanta ជ្រើសរើសចូលធ្វើការកាលពីខែតុលា ឆ្នាំ ២០១៣។ ចំណែកឯមន្ត្រីប៉ូលិសដែលត្រូវបានផ្អាកពីការងាររង់ចាំការស៊ើបអង្កេតនោះគឺលោក Devin Brosnan។ លោកត្រូវបាននាយកដ្ឋានប៉ូលិសខាងលើជ្រើសរើសចូលធ្វើការកាលពីខែកញ្ញា ឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យប៉ូលិសលោកពលបាលត្រី John Chafee៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា