មន្ត្រីប៉ូលិសម្នាក់នៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីមានហេតុការណ៍បាញ់បុរសស្បែកខ្មៅម្នាក់បណ្ដាលឲ្យស្លាប់ ហើយមន្ត្រីប៉ូលិសម្នាក់ទៀតត្រូវបានផ្អាកពីការងាររង់ចាំការស៊ើបអង្កេត។ នេះបើតាមការប្រកាសរបស់នាយកដ្ឋានប៉ូលិសនៅព្រឹកថ្ងៃអាទិត្យនេះ។
វិធានការនេះបានធ្វើឡើង បន្ទាប់ពីប្រធានប៉ូលិសទីក្រុង Atlanta អ្នកស្រី Erika Shields បានលាលែងពីតំណែងកាលពីថ្ងៃសៅរ៍ ដោយសារតែការស្លាប់របស់លោក Rayshard Brooks អាយុ ២៧ ឆ្នាំ កាលពីថ្ងៃសុក្រ បានបង្កឲ្យមានរលកតវ៉ាថ្មីនៅក្នុងទីក្រុង Atlanta។
រលកតវ៉ាថ្មីនេះបានផ្ទុះឡើង បន្ទាប់ពីមានការថមថយការធ្វើបាតុកម្មក្រោយពីការស្លាប់របស់លោក George Floyd ពេលស្ថិតក្នុងសមត្ថកិច្ចរបស់ប៉ូលិសនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota កាលពីពេលថ្មីៗនេះ។
មន្ត្រីប៉ូលិសដែលត្រូវគេបញ្ឈប់ពីការងារគឺលោក Garrett Rolfe។ លោកត្រូវបាននាយកដ្ឋានប៉ូលិសទីក្រុង Atlanta ជ្រើសរើសឲ្យចូលធ្វើការកាលពីខែតុលា ឆ្នាំ ២០១៣។ ចំណែកឯមន្ត្រីប៉ូលិសដែលត្រូវបានផ្អាកពីការងារនិងកំពុងរង់ចាំការស៊ើបអង្កេតនោះគឺលោក Devin Brosnan។ លោកត្រូវបាននាយកដ្ឋានប៉ូលិសខាងលើជ្រើសរើសចូលធ្វើការកាលពីខែកញ្ញា ឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យប៉ូលិសលោកពលបាលត្រី John Chafee។
នាយកដ្ឋានប៉ូលិសក៏បានផ្សព្វផ្សាយវីដេអូឃ្លីបដែលថតជាប់នឹងកាមេរ៉ាជាប់នឹងខ្លួន និងកាមេរ៉ារថយន្តរបស់មន្ត្រីប៉ូលិសទាំងពីរផងដែរ។
មានរយៈពេលជាង ៤០ នាទី ចាប់ពីពេលដែលមន្ត្រីប៉ូលិសឈ្មោះ Brosnan បានគោះទ្វាររថយន្តរបស់លោក Brooks រហូតដល់ពេលដែលស្នូរកាំភ្លើងបានផ្ទុះឡើង។ មន្ត្រីប៉ូលិសឈ្មោះ Rolfe បានធ្វើដំណើរដល់កន្លែងកើតហេតុប្រហែលជា ១៦ នាទី បន្ទាប់ពីពេលដែលលោក Brosnan បានគោះទ្វាររថយន្តរបស់លោក Brooks។
គេអាចឮសូរស្នូរកាំភ្លើងនៅក្នុងវីដេអូឃ្លីបរបស់កាមេរ៉ារថយន្តរបស់លោក Rolfe និងកាមេរ៉ាជាប់នឹងខ្លួនរបស់មន្ត្រីប៉ូលិសទាំងពីរ ប៉ុន្តែមិនឃើញសកម្មភាពថតជាប់នៅក្នុងឃ្លីបវីដេអូទាំង ៤ ដែលប៉ូលិសបានផ្ដល់ឲ្យនោះទេ។
កាមេរ៉ាជាប់នឹងខ្លួនរបស់មន្ត្រីប៉ូលិសទាំងពីរបានធ្លាក់ចេញនៅពេលប្រតាយប្រតប់ជាមួយនឹងលោក Brooks។ កាមេរ៉ាទាំងនេះអាចធ្លាក់ចេញនៅពេលដែលលោក Ralfe កំពុងដាក់ខ្នោះលោក Brooks បន្ទាប់ពីជជែកគ្នាអស់ប្រហែល ២០ នាទី ទោះបីជាលោក Brooks ត្រូវបានគេឃើញបន្តិចនៅក្នុងវីដេអូឃ្លីបថា ត្រូវបានប៉ូលិសត្រៀមប្រើឧបករណ៍ឆក់ឲ្យស្ពឹក មុនពេលគេឮសូរស្នូរកាំភ្លើងផ្ទុះឡើងក៏ដោយ៕