មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ផ្តោត​ខ្លាំង​លើ​ផលវិបាក​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​លើ​ពិភពលោក

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres ថ្លែង​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប.​នៅ​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២។

ផលវិបាក​នៅ​លើ​សាកលលោក​នៃ​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​គឺជា​បញ្ហា​ដែល​មាន​ការ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក។

បណ្ដា​មេដឹកនាំ​ដែល​បាន​ចូលរួម​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នេះ​បាន​លើកឡើង​អំពី​ភាព​បន្ទាន់​នៃ​ការ​នាំចេញ​ជី​ទៅ​កាន់​កសិករ​នានា​នៅ​លើ​ពិភពលោក​ក្នុង​តម្លៃ​មួយ​សមរម្យ​និង​ឱ្យ​បាន​ទាន់​រដូវ​ដាំដុះ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​អំពី​អ្វី​ដែល​អាច​នឹង​កើតឡើង​នៅ​ឆ្នាំ​ក្រោយ​ថា៖ «ប្រសិនបើ​គ្មាន​វិធានការ​ណា​មួយ​ទេ​នៅ​ពេល​ឥឡូវ​នេះ កង្វះ​ជី​នៅ​លើ​ពិភពលោក​នឹង​ក្លាយ​យ៉ាង​ឆាប់​រហ័ស​ទៅជា​បញ្ហា​កង្វះ​ស្បៀង​អាហារ​នៅ​លើ​សាកល‍លោក»។

លោក​បាន​មាន​ប្រសាសន៍​ថា មាន​សេចក្ដី​រាយការណ៍​ថា កសិករ​នៅ​តំបន់​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​និង​នៅ​តំបន់​ផ្សេងៗ​ទៀត​អាច​ដាំ​ដំណាំ​បាន​តិច​ជាង​មុន​ដោយសារតែ​ជី​មាន​តម្លៃ​ថ្លៃ​ជាង​មុន​ឬ​ក៏​ដោយសារ​មាន​ការ​ខ្វះខាត​ជី។


ប្រធានាធិបតី​ប្រទេស​សេណេហ្គាល់​លោក Macky Sall ដែល​ជា​ប្រធាន​សហភាព​អាហ្វ្រិក បាន​បញ្ជាក់​នៅ​ក្នុង​ការ​ប្រជុំ​កម្រិត​រដ្ឋមន្ត្រី​អំពី​បញ្ហា​សន្តិសុខ​ស្បៀង​អាហារ​នៅ​ក្រៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ថា៖ «ជី​មាន​តម្លៃ​ថ្លៃ​ជាង​តម្លៃ​កាលពី​ឆ្នាំ ២០២១ ចំនួន ៣ ដង‍»។

ចាប់​តាំងពី​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក ប្រទេស​នេះ​បាន​ដាក់​កំហិត​កូតា​លើ​ការ​នាំចេញ​ជី​ទៅ​ក្រៅ​ប្រទេស ដោយ​បាន​បញ្ជាក់​ថា ខ្លួន​ចង់​ឱ្យ​មាន​ជី​គ្រប់គ្រាន់​សម្រាប់​កសិករ​របស់​ខ្លួន។

Your browser doesn’t support HTML5

នៅ​មហា​សន្និបាត​អ.ស.ប.​ សង្រ្គាម​នៅ​អ៊ុយក្រែន​នឹង​ជា​ប្រធានបទ​ពិភាក្សា​ចម្បង

រដ្ឋាភិបាល​រុស្ស៊ី​គឺជា​អ្នក​នាំចេញ​ជី​ច្រើន​ជាងគេ​បំផុត​ទៅ​បរទេស ហើយ​ការ​បង្អាក់​និង​បញ្ហា​កង្វះ​ជី​ដែល​រុស្ស៊ី​បាន​បង្កើត​ឡើង​នេះ​បាន​បណ្តាល​ឱ្យ​ជី​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​នៅ​តាម​ទីផ្សារ​នានា​នៅ​លើ​ពិភពលោក។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​កសិករ​តូចតាច​មួយ​ចំនួន​មិន​អាច​ទិញ​ជី​បាន ដែល​អាច​នាំ​ឱ្យ​មាន​ការ​ធ្លាក់ចុះ​នូវ​ទិន្នផល​ដំណាំ​របស់​ពួកគេ។

ស្ថានការណ៍​នេះ​បាន​គំរាម​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​អាហារ​នៅ​លើ​ពិភពលោក ដែល​កំពុង​តែ​មាន​ស្ថានភាព​អាក្រក់​ស្រាប់​រួច​ទៅ​ហើយ។ អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា មនុស្ស​ជាង ៨០០ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​កំពុង​រងគ្រោះ​ដោយសារ​ភាព​អត់ឃ្លាន៕