មនុស្ស​យ៉ាង​តិច​៥​នាក់​ត្រូវ​ចោទ​​ប្រកាន់​​បំពាន​វិធាន​ការ​រាំង​ខ្ទប់​ទីក្រុង ខណៈ​លោក ហ៊ុន សែន ឲ្យ​កាត់​ទោស​ភ្លាមៗ

ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ បញ្ជូនអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

តុលា​ការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​មនុស្ស​យ៉ាង​តិច ​៥ ​នាក់ កាល​ពី​ចុង​សប្តាហ៍​ពាក់ព័ន្ធ​នឹង​ការ​បំពានវិធាន​ការរបស់​រដ្ឋា​ភិបាល​ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដោយ​ពួក​គេ​អាច​ជាប់​ពន្ធនាគារពី​ ៦ ​ខែ​ទៅ​ ៣ ​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​កំហុស។

ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​និង​កាត់​ទោស​ភ្លាមៗ​ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ថា​ ការ​កាត់​ទោស​នេះ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ទប់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

កាល​ពី​យប់​ថ្ងៃ​ទី ១៦ ខែមេសា​ នគរបាល​បាន​ចាប់​ខ្លួន​បុរស ៣ ​នាក់ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួប​ជុំផឹក​ស៊ី​មាន​គ្នា​ច្រើន ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​ទី ​២ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​ ៣ ខណ្ឌ​មាន​ជ័យ។ ក្នុង​ចំណោម​អ្នក​ទាំង​ ៣ ក៏​មាន​មន្ត្រី​នគរបាលផ្កាយ​២​មួយ​រូប គឺ​លោក ​អ៊ុង ចាន់ធួក អាយុ ​៤៧ ​ឆ្នាំ ដែល​មាន​តួនាទី​ជា​អនុ​ប្រធាន​សេនាធិការ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ។ បុរស ២ ​នាក់​ទៀត​ ជា​គូកន​របស់​លោក។

មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន មន្ត្រី​ផ្កាយ ​២​ នោះ​ត្រូវ​បាន​ដក​ស័ក្ដិ​និង​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​មន្ដ្រី​នគរ​បាល​ជាតិ តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ នេះបើ​តាម​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​ចុះ​ថ្ងៃ​ទី​ ១៧ ខែ​មេសា ដែល​ VOA ​ទទួល​បាន។

កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​មេសា​លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​លើ​មន្ត្រី​ផ្កាយ​ ២ ​រូប​នេះ ដោយ​បញ្ជា​ឲ្យ​កាត់​ទោស​ភ្លាមៗ។ នេះ​បើ​តាម​សារ​ជា​សំឡេង​មួយ​របស់​នាយក​រដ្ឋមន្ត្រី​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​នានា។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «អា​ម្នាក់​នេះ​ត្រូវ​តែ​កាត់​ទោស ហើយ​ខ្ញុំ​កំពុង​ធ្វើ​នីតិវិធី​ដើម្បី​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ដក​ស័ក្តិ ហើយ​បណ្តេញ​ចេញ​ពី​នគរ​បាល​ជាតិ។ វាយ​ខ្នោះហើយ ​គឺ​ថា ​អត់​មាន​ព្រលែង​អី​ទេ ត្រូវ​តែកាត់​ទោស»។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ​បុរស​ទាំង​ ៣​ នាក់​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ច្បាប់​កូវីដ​១៩ ​ថ្មី ហើយ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ភ្លាម​ៗ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​កាត់​ទោស​នៅ​ឡើយ​ទេ ដោយ​សារ​ពួក​គេ​ស្នើ​សុំ​មេធាវី ដើម្បី​ការពារ។

លោក​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម ​(Telegram)​ ថា៖ «ករណី​នេះ​សូម​បញ្ជាក់​ក្រោយ​ពី លោក​ព្រះ​រាជអាជ្ញា​រង ឡុង ជាប បាន​សាកសួរ​តាម​នីតិវិធី បាន​សម្រេច​ចោទ​ប្រកាន់[តាម] មាត្រា​ ៤ ​មាត្រា​ ១១​ នៃ​ច្បាប់​កូវីដ​ហើយ​បាន​បញ្ជូន​ទៅ​តាម​នីតិវិធី បង្ហាញ​ខ្លួន​ភ្លាមៗ គឺ​បញ្ជូន​ទៅ​តុលាការ​ជំនុំ​ជម្រះ​នៅ​រសៀល​នេះ​[ថ្ងៃ​អាទិត្យ]។ ហើយ​លោក​ចៅ​ក្រម​ជំនុំ​ជម្រះ លោក អ៊ុក សុវណ្ណារិទ្ធ បាន​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន ដោយសារ​ក្នុង​ពេល​សវនា​ការ ជនជាប់​ចោទ​ស្នើ​សិទ្ធិ​សុំពឹង​ពាក់​មេធាវី។ ដើម្បី​ទុក​ពេល​ឲ្យ​រក​មេធាវី ដូច្នេះ​ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន ហើយ​រយៈ​ពេល​ ២ ​សប្តាហ៍ក្រោយ នឹង​យក​មក​ជំនុំ​ជម្រះ​សា​ជាថ្មី​ម្តង​ទៀត»។

ចំណែកករណីមួយ​ទៀត គឺ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​នគរ​បាល​បង្ហាញ​ឈ្មោះ គឺ​លោក សៀង រង្សី អាយុ​៣៥​ឆ្នាំ បាន​បើក​រថយន្ត​ក្នុង​ពេលរាំង​ខ្ទប់​ការ​ធ្វើ​ដំណើរ ហើយថត​វីដេអូបង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ក៏​ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​មេសា។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​ ១១ ​នៃ​ច្បាប់​កូវីដថ្មី ហើយ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ ប៉ុន្តែ​លោក​បាន​ស្នើ​សុំ​រក​មេធាវី​ការ​ពារ​សិន ដូច្នេះ​តាម​នីតិវិធី​ច្បាប់ ត្រូវ​ទុករយៈ​ពេល ​២ ​សប្តាហ៍ ដើម្បី​រក​មេធាវី​ការពារ​សិទ្ធិ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​តុលាការ។

ចំណែកករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត បុរស​ម្នាក់​ទៀត ដែល​ត្រូវ​បាន​នគរបាល​បង្ហាញ​ឈ្មោះ គឺ​លោក​ ដារ៉ា រ័ត្ន​សុគុន​ អាយុ​ ២៧ ​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​យក​កូន​កាំបិត​កាត់​ខ្សែ​របាំង​ការពារ​គោល​ដៅ​របស់​សមត្ថកិច្ច ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​ ២ ​ខណ្ឌ​ទួល​គោក។ បុរស​ម្នាក់​នេះ​ត្រូវ​បានចៅក្រម​ជំនុំ​ជម្រះ​លោក ឡុង វណ្ណា ​ផ្តន្ទាទោស​ដាក់​ពន្ធនា​គារ ១ ​ឆ្នាំ តាម​មាត្រា​ ១១ ​នៃ​ច្បាប់​ស្តី​ពី​កូវីដ​១៩។ នេះ​បើ​តាម​លោក គុជ គឹមឡុង អ្នក​នាំពាក្យ​តុលា​ការ​រាជធានី​ភ្នំពេញ។

រថយន្តរបស់ក្រុមមន្ត្រីសុខាភិបាល កំពុងដឹកអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។ (ហ៊ាន សុជាតា/វីអូអេ)

មាត្រា​ ៤ ​នៃ​ច្បាប់​ស្តី​ពី​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​តាំង​ពី​ថ្ងៃ​ទី​ ១១ ខែ​មីនា ឆ្នាំ​ ២០២១ ចែង​អំពី​វិធាន​ការ​ដ្ឋបាល​និង​វិធាន​ការ​ផ្សេងៗ​ទៀត ដែល​រដ្ឋាភិបាល​អាច​ដាក់​ចេញ​ជា​បណ្តោះ​អាសន្នដែល​មាន​ភាព​ចាំបាច់​និង​មាន​ប្រយោជន៍ ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេល​វេលា​ក្នុង​ការ​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩។ វិធានការ​នោះ​មាន​ការ​រឹត​ត្បិត ​ឬ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​រឹត​ត្បិត​ ឬ​ការ​ហាម​ឃាត់​កា​រជួប​ជុំ និង​ការ​បិទ​ខ្ទប់​តំបន់ ​ឬ​កន្លែង​មួយ​ចំនួន​ជា​ដើម។

ចំណែក​មាត្រា​ ១១ ​នៃ​ច្បាប់​ស្តីពី​កូវីដ​ដែល​ចែង​ថា​អំពើ​រារាំង ​ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការ​អនុ​វត្ត​វិធានការ​ដែល​បាន​ដាក់​ចេញ​ស្រប​តាម​ច្បាប់​នេះ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ពី​ ៦ ​ខែ​ទៅ ​៣ ​ឆ្នាំ។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស ពួកគេ​ក៏​ត្រូវប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ពី​ ៥០០ ​ដុល្លារ​ទៅ​ ២.៥០០​ ដុល្លារ​អាមេរិក។

ក្រោយ​ការ​បង្កើត​ច្បាប់​ថ្មី​ស្តី​ពី​វិធាន​ការ​លើ​ជំងឺ​កូវីដ​១៩ មនុស្ស​យ៉ាង​តិច​ ៤ ​នាក់​ទៀត ក៏​ត្រូវ​បាន​ចោទ​ប្រកាន់ ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​លើ​បណ្ដាញ​សង្គម​កុំឲ្យ​ចាក់​វ៉ាក់​សាំង​របស់​ចិន។

លោកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ក្នុង​កាលៈ​ទេសៈ​នេះ ភាគី​ពាក់ព័ន្ធ រួមមាន​រដ្ឋាភិបាល អាជ្ញា​ធរ និង​ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ដូច​គ្នា។ លោក​ស្រី​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋចូលរួម​ទាំង​អស់​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​នេះ។

លោកស្រី​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​៖ «សម្រាប់​ខ្ញុំ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យធ្វើ​ការ​បន្ត​ក្នុង​កា​រ​ផ្សព្វផ្សាយ​ហើយ​ពលរដ្ឋ​ត្រូវ​ស្វែង​យល់ ហើយ​ចូល​រួម​សហការ​ឲ្យ​បាន​ពេញ​លេញ ដើម្បី​រួច​ឆ្លង​ផុត​នូវ​ការ​រីក​រាល​ដាល​នេះ​ទាំង​អស់​គ្នា»។

ទោះ​ជា​យ៉ាង​ណា លោកស្រី ចក់ សុភាព ជំរុញអ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ទទួល​បាន​សិទ្ធិ​ក្នុង​ការជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។

លោកស្រី​បន្ថែម​ថា៖ «ទោះ​បី​នៅ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ មិន​ថា​នៅ​ក្នុង​កាលៈ​ទេសៈ​មុន​ការ​រាត​ត្បាត​ឬ​ក៏​ក្នុង​អំឡុង​ពេលនៃ​ការ​រាត​ត្បាត​នេះ ការ​ធានា​ឲ្យ​បាន​នូ​វ​សិទ្ធិទទួល​បាន​ការ​ជំនុំ​ជម្រះដោយ​យុត្តិធម៌ គឺ​ចាំបាច់ណាស់»។

គួរ​បញ្ជាក់​ថា​ជា​បន្ត​បន្ទាប់ រដ្ឋាភិបាល​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​រាំង​ខ្ទប់​ទីក្រុង​យ៉ាង​តឹង​រ៉ឹង ដោយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​លោក វង្ស ពិសេន អគ្គ​មេបញ្ជាការ​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ និង​កូន​ប្រុស​របស់​លោក គឺ លោក ហ៊ុន ម៉ាណែត ដែល​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​និង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើ​ង​គោក ពង្រាយ​កង​ទ័ពក្នុង​ទីក្រុង ដើម្បី​ធានា​ថា ​ការ​រាំង​ខ្ទប់​ក្នុង​ទីក្រុង​មាន​ប្រសិទ្ធភាព។

លោក ហ៊ុន សែន ក៏​បានព្រមានមេ​នគរបាល ដែល​លោក​ថា​ «ពុក​រលួយ» ក្នុង​ពេល​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង៕