មនុស្ស​ប្រមាណ​៧០​នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ការ​បាក់ដី​មួយ​នៅ​អណ្តូង​រ៉ែ​​ត្បូង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

មនុស្ស​ម្នា​ឈរ​ក​ក្រុម​ជួយ​សង្គ្រោះ​ស្វែងរក​អ្នក​បាត់​ខ្លួន​នៅ​ក្នុង​​អណ្តូង​រ៉ែត្បូង​​មួយ​កន្លែង កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ ក្នុង​ក្រុង Hpakant រដ្ឋ Kachin ភាគ​ខាងជើង​ប្រទេស​មីយ៉ាន់ម៉ា។ (AP)

មនុស្ស​ជា​ច្រើន​នាក់​កំពុង​បាត់​ខ្លួននៅ​ឡើយ​នៅ​ក្នុង​ការ​បាក់​ដីមួយនៅ​ក្នុង​អណ្តូង​រ៉ែត្បូង​នៅ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា​នៅថ្ងៃ​ពុធ​ម្សិល​មិញ។​

គ្រោះ​មហន្តរាយ​នេះ​កើត​មាន​ឡើង​នៅវេលាម៉ោង​ជិត​ភ្លឺ​នៅ​ក្នុង​តំបន់​ Hpakant​ ក្នុង​រដ្ឋ​កាឈិន​ដែល​ជា​ទីកន្លែងសំខាន់​នៃ​ឧស្សាហ​កម្ម​រ៉ែត្បូង។ មនុស្សវាង​ពី​៧០ទៅ​៨០​នាក់​អាច​ត្រូវ​ដី​បាក់​ហូរនាំ​ទៅក្នុង​បឹង​មួយ​នៅ​ក្បែរនោះ។​

ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង​ AFP ​បាននិយាយ​ថា សមាជិក​នៃ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​បាន​បញ្ជាក់​ថា​គេ​បាន​រក​ឃើញ​មនុស្ស​ម្នាក់ស្លាប់​ហើយ​មនុស្ស២៥​នាក់​ទៀត​បាន​រង​របួស​និង​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ។​

ការ​បាក់​ដី​បាន​ក្លាយ​ជា​រឿង​ដែល​តែង​តែ​កើតឡើង​ជា​ទូទៅ​នៅ​ក្នុង​តំបន់ឧហ្សាហ​កម្មអណ្តូង​រ៉ែត្បូង​ចំណូល​ច្រើន​របស់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​មានច្បាប់​ធូរលុង​ហើយ​ដែលជួល​កម្មករ​ចំណាក​ស្រុកនិង​អ្នក​ធ្វើ​ការ​មក​ពី​គ្រប់​ទិសទី​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជីក​រក​ត្បូង​យក​ទៅ​លក់​ឆ្លង​ព្រំដែន​ក្នុង​ប្រទេស​ចិន។​កម្មករ​រ៉ែត្បូង​ច្រើន​រយនាក់បាន​ស្លាប់​កាល​ពី​ឆ្នាំ​ទៅ​ផង​ដែរ​នៅ​ក្នុង​តំបន់ ​Hpakant​ នេះ​នៅ​ពេល​មាន​ការ​បាក់​ដី​ដ៏ធំ​មួយ។​

រដ្ឋ​ប្រហារ​យោធាកាលពី​ថ្ងៃ​ទី១​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់អ្នកស្រី Aung San Suu Kyi​ បាន​រារាំង​កិច្ចប្រឹង​ប្រែងកែទម្រង់​ឧស្សាហ​កម្ម​រ៉ែត្បូង​នេះ។

អ្នកស្រី​ Aung San Suu Kyi​ បាន​ចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់ឧស្សាហ​កម្ម​រ៉ែត្បូង​នេះ​តាម​រយៈ​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី​ប៉ុន្តែ​កិច្ច​ប្រឹង​ប្រែង​ទាំង​នោះ​ត្រូវ​បាន​អន្តរាយ​នៅ​ពេល​ពួក​យោធាដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារថ្ងៃ​ទី​១​ខែ​កុម្ភៈ៕​