មនុស្ស​យ៉ាង​តិច​៦០​នាក់​​ស្លាប់​ក្នុង​គ្រោះ​​ទឹកជំនន់​ដោយ​សារ​ភ្លៀង​ខ្លាំង​​នៅ​ជប៉ុន​

  • VOA Khmer

បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​សង្រ្គោះ​បន្ទាប់ពី​រថយន្ត​លោក​ត្រូវ​ជាប់​ក្នុង​ទឹកជំនន់​ក្នុង​ទីក្រុង​Omuta ប្រទេស​ជប៉ុនកាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២០។

ក្រុម​បុគ្គលិក​សង្គ្រោះ​និង​កងកម្លាំង​យោធានៅប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍បាន​ប្រឹងប្រែងជួយ​សង្គ្រោះ​ពលរដ្ឋ​នៅ​តាម​គេហដ្ឋាន​ចំនួនជាង​៣.០០០ ដែល​ត្រូវ​ផ្តាច់​ដោយ​សារ​ទឹកជំនន់បង្ក​ដោយ​ភ្លៀង​និង​ការ​បាក់ដីដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៦០​នាក់ និង​នាំ​ឲ្យ​មាន​ការ​អន្តរាយ​យ៉ាង​ខ្លាំង​នៅ​តំបន់​ភាគ​កណ្តាល​និង​និរតី​នៃ​ប្រទេស​ជប៉ុន។​

ទី​ភ្នាក់ងារ​ខាង​គ្រោះ​មហន្តរាយ​របស់​ជប៉ុន​និយាយ​ថា ទឹក​ជំនន់និង​ការ​បាក់ដី​បានធ្វើ​ឲ្យ​ខូចខាត​ផ្លូវថ្នល់​និងកាត់​ផ្តាច់ផ្លូវ​ទៅ​កាន់​ផ្ទះ​ប្រជាជននៅ​តំបន់​រង​គ្រោះ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ខេត្ត Kumamoto ដែល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង។

នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បញ្ជាក់​ថា​មាន​បុគ្គលិក​សង្គ្រោះ​ចំនួន​១៣០.០០០​នាក់​កំពុង​ជួយ​សង្គ្រោះ​នៅ​ក្នុង​ខេត្ត​ចំនួន​៨។

មក​ទល់​នឹង​នេះ​មានទន្លេ​និង​ស្ទឹង​ចំនួន​៥៩​បាន​ឡើងជោរជន់ និង​មាន​ការ​បាក់​ដី​១៧៩​កន្លែង​ក្នុង​ខេត្ត​២៣ ហើយ​អ្នក​ព្យាករណ៍​អាកាសធាតុ​ព្រមាន​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូត​ដល់​យ៉ាង​ហោច​ណាស់​ដល់​ថ្ងៃ​អាទិត្យ​ទៀត។​

កិច្ចការ​សង្គ្រោះនៅ​ជប៉ុន​នៅ​ពេល​មាន​ការ​លំបាក់​មួយ​កម្រិត​ទៀត​ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដែល​មក​ទល់​នឹង​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ជិត​១០.០០០​នាក់នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ធ្វើឲ្យ​គេ​ពិបាកជម្លៀស​ពលរដ្ឋ​ទៅ​កន្លែង​ជម្រក​បាន​ច្រើន​ដោយ​សារ​ត្រូវ​រក្សា​គម្លាត​ពី​គ្នា។

ក្នុងរឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត រាជធានី​តូក្យូ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ពី​ចំនួន​ករណី​ឆ្លង​កូវីដ១៩​ថ្មី​ច្រើន​បំផុត​មិន​ធ្លាប់​មាន​រហូត​ដល់​២២៤​ករណី​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​កើត​កូវីដ​១៩​ក្នុង​ទី​ក្រុង​នេះ​កើន​ដល់ជាង​៧.២០០​នាក់៕