ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា អ្នកភូមិយ៉ាងហោចណាស់ចំនួន៥១នាក់ត្រូវបានសម្លាប់នៅពេលក្រុមជីវពលអ៊ីស្លាមបានវាយឆ្មក់ចូលភូមិអ្នកស្រុកចំនួន៣ នៅភាគកណ្តាលប្រទេសម៉ាលីជិតព្រំដែនជាមួយប្រទេសនីហ្សេ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលស្រុកម្នាក់កាលពីថ្ងៃច័ន្ទ។
ភូមិ Ouatagouna ភូមិ Karou និងភូមិ Deouteguef ត្រូវរងការវាយប្រហារព្រមៗគ្នាកាលពីថ្ងៃអាទិត្យវេលាម៉ោង៦លា្ងច។ នេះបើយោងតាមលិខិតរបស់មន្ត្រីរដ្ឋបាលស្រុក Asongo ផ្ញើឲ្យអភិបាលតំបន់ Gao ប្រទេសម៉ាលី។
លិខិត ដែលទីភ្នាក់ងារព័ត៌មាន Reuters បានឃើញ សរសេរថា ផ្ទះអ្នកភូមិត្រូវបានក្រុមជីវពលអ៊ីស្លាមចូលរើកកាយនិងដុតឆេះ ហើយសត្វពាហនៈរបស់អ្នកភូមិត្រូវបានក្រុមនេះនាំយកទៅជាមួយ។ តួលេខបណ្តោះអាសន្នបង្ហាញថា មនុស្សសរុបប្រមាណ៥១នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។
នៅពុំមានក្រុមណាមួយប្រកាសទទួលខុសត្រូវពីការវាយប្រហារក្នុងតំបន់នោះ ទីដែលកងទ័ពម៉ាលី កងទ័ពបារាំង កងទ័ពសហភាពអឺរ៉ុប និងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកំពុងច្បាំងជាមួយក្រុមបះបោរ ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុមអាល់ខៃដា។
អ្នកនាំពាក្យកងទ័ពម៉ាលីលោកអនុសេនីយ៍ឯក Souleymane Dembele បានបញ្ជាក់ថា មានការវាយប្រហារមែន តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
ប្រភពផ្សេងៗក្នុងស្រុកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមជីវពលទាំងនោះបានមកបោះទីតាំងនៅផ្លូវចូលទៅកាន់ទីប្រជុំជនទាំងនោះ ហើយបាញ់ប្រហារដោយមិនរើសមុខទៅលើជនស៊ីវិល។
មន្ត្រីរដ្ឋបាលបាននិយាយថា កងទ័ពម៉ាលីកំពុងបោសសម្អាតតំបន់នោះ។ យោងតាមលិខិតនោះ លោកក៏បានស្នើសុំឱ្យក្រុមយោធាជួយការពារពិធី«បុណ្យសពធានាដល់ប្រជាជននិងចូលរួមរំលែកទុក្ខដល់គ្រួសារអ្នកស្លាប់»៕