ទឹក​ជំនន់​សម្លាប់​មនុស្ស​យ៉ាង​តិច​៣៤​នាក់​​នៅ​​កម្ពុជា​ និង​ជាង​១០០​​នាក់​ក្នុង​​វៀតណាម

  • ​Reuters

រូបឯកសារ៖ ទឹកជំនន់បានជន់លិចផ្ទះសម្បែង និងដីដាំដំណាំរបស់ប្រជាពលរដ្ឋ នៅខេត្តកណ្តាល ជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​និយាយ​ថា ​អ្នកស្លាប់​សរុប​ដោយ​សារ​ទឹក​ជំនន់​ក្នុង​ប្រទេស​កម្ពុជារហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ​ មាន​ចំនួន ​៣៤ ​នាក់​ ហើយ​មនុស្ស​ជាង ៤ ​សែននាក់ ផ្សេង​ទៀត​ទទួល​រង​ផល​ប៉ះ​ពាល់​ ដោយ​សារ​ទឹក​ជំនន់​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយ​ការណ៍ ​នៅ​ថ្ងៃពុធ​ថា​ ​យ៉ាងហោច​ណាស់​ដី​កសិកម្ម​ចំនួន​ ២៤០.០០០ ​ហិកតា​ ត្រូវ​បាន​ទឹកជន់លិច​ ​រួម​ទាំង​ផ្នែក​ខ្លះ​ក្នុងរាជធានី​ភ្នំពេញផង ​ដែល​មាន​មនុស្ស​រាប់ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ។ ​ស្ថានីយ​ទូរ​ទស្សន៍ក្នុង​ស្រុក​បាន​បង្ហាញ​ពី​រូបភាព​ទាហាន​ជម្លៀស​អ្នកភូមិ​ពីផ្ទះ​លិចទឹក​ កាល​ពីថ្ងៃ​អង្គារ​ នៅភាគ​ពាយព្យ​ខេត្ត​បន្ទាយ​មានជ័យ។

ដោយ​ឡែក​ ក្នុង​ប្រទេស​វៀតណាម​វិញ ​មនុស្សជាង ​១០០ ​នាក់ ​បាន​ស្លាប់​ ហើយ​មនុស្ស​ ២០ ​នាក់ ​បាន​បាត់​ខ្លួន​ក្នុង​ភាគ​កណ្តាល​ប្រទេស​វៀត​ណាម បន្ទាប់​ពី​មានទឹក​ជំនន់​ខ្លាំង​ និង​ការ​បាក់​ដី​ក្នុង​តំបន់​នេះ​ អស់​ជា​ច្រើន​សប្តាហ៍​មក។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​អាជ្ញា​ធរមូល​ដ្ឋាន​ កាល​ពី​ថ្ងៃ​ពុធ​ ខណៈ​ពេល​ដែល​ប្រទេស​មួយ​នេះរពឹង​ថា ​នឹង​មាន​ព្យុះ​មួយ​ផ្សេង​ទៀត​ចូល​មកដល់​ក្នុង​ចុង​សប្តាហ៍​នេះ។​

សហព័ន្ធ​កាក​បាទ​ក្រហម​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ប្រមាណ ១៧៨.០០០ ​ខ្នង នៅ​ប្រទេស​វៀតណាម ត្រូវ​បាន​ទឹក​ជន់លិច​ ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ព្យាយាម​ជួយ​ផ្តល់អាហារ​និង​ទឹក​ផឹក​ដល់​អ្នក​ដែល​ត្រូវកាត់​ផ្តាច់​ដោយ​ទឹក​ជំនន់៕