ការវាយប្រហារដោយគ្រាប់រ៉ុក្កែតរយៈពេលពេញមួយយប់ទី ២ ទៀត ដោយក្រុមយុទ្ធជនប៉ាឡេស្ទីនពីតំបន់ Gaza ដែលបាញ់ទៅលើទីក្រុងហ្ស៊េរុយសាឡិម ត្រូវបានសងសឹកវិញ ដោយការវាយប្រហារតាមផ្លូវអាកាសមួយទៀត ដោយកងកម្លាំងយោធាអ៊ីស្រាអែល កាលពីយប់ថ្ងៃអង្គារ។
មនុស្សយ៉ាងហោចណាស់ចំនួន ២២ នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ Gaza ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅពេលយប់នោះ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់និយាយថា យុទ្ធជន Hamas និងឥស្លាមជីហាតចំនួន ១៥ នាក់ ត្រូវបានគេជឿថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនោះ ដែលបានយកតំបន់គ្រប់គ្រងដោយក្រុម Hamas រាប់រយកន្លែងជាគោលដៅ។ យោធាក៏បានឲ្យដឹងថា ពលរដ្ឋអ៊ីស្រាអែលចំនួន ៦ នាក់ បានរងរបួសនៅក្នុងការបាញ់គ្រាប់រ៉ុក្កែតពី Hamas នោះ។
អំពើហិង្សាកាលពីព្រឹកព្រហាមថ្ងៃអង្គារនោះបានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ចំនួន ២០ នាក់ ដោយរួមទាំងកុមារចំនួន ៩ នាក់ផង ត្រូវបានសម្លាប់នៅក្នុងតំបន់ Gaza ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល ដែលយកក្រុម Hamas ជាគោលដៅ។
ការវាយប្រហារតាមផ្លូវអាកាសនោះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន ១៥០ គ្រាប់ ដែលបាញ់ចេញពីតំបន់ Gaza ទៅក្នុងប្រទេសអ៊ីស្រាអែល ដែលក្នុងនោះគ្រាប់រ៉ុក្កែតចំនួន ៦ គ្រាប់ ត្រូវបានបាញ់សំដៅទៅក្នុងទីក្រុងហ្ស៊េរុយសាឡិម។ នេះបើយោងតាមការបញ្ជាក់របស់យោធាអ៊ីស្រាអែល។
ក្រុម Hamas បានបាញ់គ្រាប់រ៉ុក្កែតនៅម៉ោងជាង ៦ ល្ងាច បន្ទាប់ពីទុកពេលឲ្យអ៊ីស្រាអែលត្រឹមម៉ោង៦ ល្ងាច ម៉ោងក្នុងស្រុក ឲ្យដកកងកម្លាំងសន្ដិសុខរបស់ខ្លួនចេញពីបរិវេណវិហារឥស្លាម al-Aqsa នៅក្នុងសង្កាត់ក្រុងចាស់ (Old City) នៃទីក្រុងហ្ស៊េរុយសាឡិម។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា ក្រុម Hamas បានធ្វើហួសកម្រិតអាចអត់ឱនឱ្យបាន នៅពេលពួកគេធ្វើការបាញ់ប្រហារដោយគ្រាប់រ៉ុក្កែត។ គេជឿថា នេះគឺជាលើកទីមួយហើយដែលក្រុម Hamas នេះបាញ់គ្រាប់រ៉ុក្កែតឆ្ពោះទៅកាន់ទីក្រុងហ្ស៊េរុយសាឡិមចាប់តាំងពីសង្គ្រាមនៅឆ្នាំ ២០១៤ មក។
អ្នកនាំពាក្យម្នាក់របស់យោធាដែលជាបណ្ដាញរបស់ក្រុម Hamas លោក Abu Obeida បាននិយាយថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនោះ គឺជាការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជា «អំពើឧក្រិដ្ឋកម្ម និងភាពគឃ្លើន» របស់អ៊ីស្រាអែលនៅក្នុងទីក្រុងហ្ស៊េរុយសាឡិម៕