ក្រុមអ្នកជួយសង្គោ្រះបន្ទាន់នៅក្នុងតំបន់ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទម្សិលមិញ បានជួយសង្គ្រោះបុគ្គលិករោងចក្រអគ្គិសនីចំនួន ៣៧ នាក់ ដែលបានជាប់គាំងក្នុងផ្លូវរូងភ្នំមួយកន្លែង បន្ទាប់ពីផ្ទាំងទឹកកកដ៏ធំមួយក្នុងតំបន់ភ្នំហិមាល័យ នៅប្រទេសឥណ្ឌា បានបាក់ធ្លាក់ទៅក្នុងទឹក ហើយបានបង្កការខូចខាតដល់ទំនប់ទឹកមួយកន្លែង និងរោងចក្រវារីអគ្គិសនីយ៉ាងហោចណាស់ចំនួន ២ កាលពីព្រឹកព្រហាមថ្ងៃអាទិត្យ។
អាជ្ញាធរឥណ្ឌានិយាយថា យ៉ាងហោចណាស់សាកសពជនរងគ្រោះចំនួន ១៨ នាក់ ត្រូវបានគេរកឃើញ ប៉ុន្តែមានមនុស្សប្រមាណជាង ២០០ នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ ហើយត្រូវគេបារម្ភថា បានស្លាប់នៅក្នុងឧបទ្ទវហេតុនោះ។
ក្រុមអ្នកជួយសង្គ្រោះប្រមាណ ២ ពាន់នាក់ ដែលរួមមានទាំងក្រុមយោធានិងប៉ូលិសផងនោះ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះ នៅក្នុងតំបន់ជ្រលងភ្នំហិមាល័យនោះ។
ទឹកជំនន់ដែលកើតចេញពីការបាក់ធ្លាក់ផ្ទាំងទឹកកកដ៏ធំនេះបានធ្វើឲ្យខូចខាតរោងចក្រវារីអគ្គិសនីមួយកន្លែង នៅលើទន្លេ Alaknanda និងធ្វើឲ្យខូចខាតរោងចក្រវារីអគ្គិសនីមួយកន្លែងទៀត លើទន្លេ Dhauli Ganga ផងដែរ។ ទន្លេទាំងពីរនេះហូរចេញពីតំបន់ជួរភ្នំហិមាល័យ ហើយហូរប្រសព្វគ្នា មុននឹងហូរចាក់ចុះទៅក្នុងទន្លេ Ganges។
ឧបទ្ទវហេតុនៃការបាក់ធ្លាក់ផ្ទាំងទឹកកកដ៏ធំពីលើភ្នំនេះបានបង្កើតឲ្យមានបរិមាណទឹកធំ និងកម្ទេចកម្ទីជាច្រើនហូរចុះមកក្រោម ដោយបង្កឲ្យមានទឹកជន់ជោរក្នុងទន្លេ Dhauli Ganga និងបង្ខំឲ្យមានការជម្លៀសអ្នកភូមិ ដែលកំពុងរស់នៅតាមខ្សែទឹកខាងក្រោមនៃដងទន្លេនេះផងដែរ។
វីដេអូដែលត្រូវបានបង្ហាញពីកន្លែងកើតហេតុនោះបង្ហាញពីទឹកជំនន់មានពណ៌ប្រផេះ ដែលកើតចេញពីផ្ទាំងទឹកកក និងកម្ទេចកម្ទីហូរធ្លាក់ចុះតាមជ្រលងភ្នំកាត់តាមទំនប់ទឹកក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា។
ក្រុមអ្នកវិទ្យាសាស្ត្របានបន្ទោសដល់ការឡើងកម្ដៅផែនដីថា ជាមូលហេតុដែលបណ្តាលឲ្យមានការរលាយផ្ទាំងទឹកកកដ៏ធំ ហើយបាក់ធ្លាក់ចុះមកក្រោមនោះ៕