អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣២ នាក់បានស្លាប់ បន្ទាប់ពីមានហេតុការណ៍បាក់ស្ពានយោលអាយុកាលជិត ១៥០ ឆ្នាំមួយខ្សែដែលទើបជួសជុលហើយកាលពីពេលថ្មីៗនេះឆ្លងកាត់ពីលើទន្លេ Macchu នៅក្នុងរដ្ឋ Gujarat កាលពីថ្ងៃអាទិត្យ។
មនុស្សជាច្រើននាក់ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយអាជ្ញាធរថា ចំនួនអ្នកសា្លប់អាចកើនឡើងថែមទៀត។
សេចក្ដីរាយការណ៍នានាក្នុងប្រទេសឥណ្ឌាបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ស្ពានយោលមួយខ្សែនេះត្រូវបានបើកដាក់ឱ្យដំណើរការឡើងវិញកាលពី ៥ ថ្ងៃមុន បន្ទាប់ពី «បានជួសជុលអស់រយៈពេល ៧ ខែ ដោយក្រុមហ៊ុនឯកជនមួយ» មក។ សេចក្ដីរាយការណ៍ទាំងនោះបានបញ្ជាក់ថា ស្ពាននេះមិនទាន់ទទួលបានលិខិតបញ្ជាក់អំពីសុវត្ថិភាពឬអំពីស្ថានភាពរបស់វាពីរដ្ឋបាលមូលដ្ឋាននៅឡើយទេ។
អាជ្ញាធរបានបញ្ជាក់ថា មនុស្សជាច្រើនរយនាក់បាននាំគ្នាឆ្លងកាត់ស្ពាននេះនៅក្នុងពិធីបុណ្យ Diwali នៃសាសនាហិណ្ឌូរបស់ឥណ្ឌា។
ក្រុមសង្គ្រោះបន្ទាន់និងកងទាហានត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដែលកំពុងស្ថិតនៅក្នុងរដ្ឋ Gujarat នៅចំពេលដែលហេតុការណ៍បាក់ស្ពាននេះបានកើតឡើង បាននិយាយថា លោកមាន «ក្តីរន្ធត់ជាខ្លាំងចំពោះសោកនាដកម្មនេះ» ដែលបានកើតឡើងនៅក្នុងរដ្ឋកំណើតរបស់លោក។ ខុទ្ទកាល័យរបស់លោកបានប្រកាសផ្តល់ប្រាក់សម្រាប់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ទាំងនោះ៕