ការ​ចូល​រួម​ប្រកួត​ផ្តាច់​ព្រ័ត្រ​​នៅ Silicon Valley ធ្វើ​ឲ្យ​ក្រុម​​កុមារី​ខ្មែរ​ក្លាយ​ជា​​ការ​ជំរុញ​ចិត្ត​មួយ​ដល់​ស្ត្រី​ដែល​ចូលចិត្ត​បច្ចេកវិទ្យា

Your browser doesn’t support HTML5

ការចូលរួមប្រកួតផ្តាច់ព្រ័ត្រនៅ Silicon Valley ធ្វើឲ្យក្រុមកុមារីខ្មែរក្លាយជាការជំរុញចិត្តមួយដល់ស្ត្រីដែលចូលចិត្តបច្ចេកវិទ្យា

កុមារី​កម្ពុជា​មួយ​ក្រុម​ដែល​មាន​អាយុ​ត្រឹម​១១​និង​១២​ឆ្នាំ ​បាន​ចូល​រួម​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជា​សាកល​មួយ​ខាង​ការ​សរសេរ​កម្មវីធី​ app សម្រាប់​ទូរស័ព្ទ​ឈ្មោះ Technovation Challenge World Pitch Summit ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​សប្តាហ៍​មុន ​នៅ​ទី​ស្នាក់​ការ​កណ្តាល​ក្រុមហ៊ុន​ Google ​ក្នុង​តំបន់​បច្ចេកវិទ្យា​ Silicon Valley សហរដ្ឋ​អាមេរិក។ ទោះ​បី​ពួក​គេ​មិន​ទទួល​បាន​រង្វាន់​ធំ​ក្តី ក៏​​ពួក​គេ​ត្រូវ​គេ​មើល​ឃើញ​ថា នឹង​ផ្តល់​ជា​ការ​ជំរុញ​ទឹកចិត្ត​​មួយ​​​ដល់​កុមារី​និង​ស្ត្រី​ខ្មែរ​ដែល​ចាប់​អារម្មណ៍​នឹង​វិស័យ​បច្ចេកវិទ្យា។ លោក សឹង សុផាត នៃ VOA ជូន​សេចក្តី​រាយការណ៍​ពី​​តំបន់ Silicon Valley រដ្ឋ​កាលីហ្វ័រញ៉ា​ដូច​តទៅ៖

នេះ​ជា​ការ​ឡើង​បង្ហាញ​កម្មវិធី​ app ទូរស័ព្ទ​មួយ​ ដែលស្តាប់​ទៅដូច​ជា​ការ​បង្ហាញ​ឬ​ហៅ​ថា Pitch ដែល​មាន​ជា​ទៀងទាត់​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley ដែរ។ ប៉ុន្តែ​កុមារី​ខ្មែរទាំង​នេះ​មិន​មែន​បង្ហាញ​កម្មវិធី app របស់​ពួក​គេដើម្បី​ប៉ង​ចង់ក្លាយ​ជា​មហាសេដ្ឋី​ក្រុមហ៊ុន​បច្ចេកវិទ្យាថ្មី​មួយ​នោះទេ។

កុមារី​ លន ដារ៉ាស៊ូចេង អាយុ​១២​ឆ្នាំ​ ប្រធានក្រុម​និងសមាជិក​៤​ទៀត​ បញ្ចប់​ការ​បង្ហាញ​ជា​ភាសា​អង់គ្លេស​ ដោយ​បញ្ចុះបញ្ចូល​ក្រុម​ចៅក្រម​វាយ​តម្លៃ​ឲ្យ​គាំទ្រ​កម្មវិធី​តាម​ទូរស័ព្ទ​ឈ្មោះ Cambodia Identity Product ​យ៉ាង​ដូច្នេះ​ថា៖

«សូម​ជួយ​ប្រឆាំង​ភាព​ក្រីក្រ​ដោយ​ប្រើ​ app យើង​ខ្ញុំ។ សូម​កុំខំ​ស្វែង​រក​អតិថិជន​សម្រាប់​ផលិតផល​របស់​អ្នក ប៉ុន្តែ​គួរ​ស្វែង​រក​ផលិតផល​សម្រាប់​អតិថិជន​អ្នក​វិញ!​ សូម​អរគុណ។‍»

កុមារីខ្មែរ​ដែល​មាន​អាយុ​ត្រឹម​១១​និង​១២​ឆ្នាំ​ទាំង​នេះ​ បានឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក​និង​ហាត់រៀន​ការ​ឡើង​បង្ហាញ​ជា​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ​ ដើម្បី​មក​ចូល​រួម​ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​មួយ​សម្រាប់​កុមារី​ដែល​សរសេរ​កូដ​កុំព្យូទ័រ​ឈ្មោះ Technovation Challenge 2017។ ពួក​គេបាន​ក្លាយ​ទៅ​ជា​ឧទាហរណ៍​លើក​ទឹក​ចិត្ត​មួយ​ដល់​កុមារី​និង​ស្ត្រី​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក​ដែល​ប្រាថ្នា​ចង់​ចាប់យក​អាជីព​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ ពួក​គេ​ក៏​ចង់​ជួយ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំណើត​របស់​ពួក​គេ​ផង​ដែរ ដោយ​បង្កើត​បច្ចេកវិទ្យា​តាម​ទូរស័ព្ទមួយ​ដែល​អនុញ្ញាត​ឲ្យសិប្បករ​លក់​ផលិតផល​ខ្មែរ​តាម​អ៊ីនធឺណិត។​

សមាជិក​ក្រុម​មួយ​រូប​ទៀត​គឺ​កុមារី ជា សុជាតា អាយុ​១១​ឆ្នាំ ពន្យល់​ពី​គោលដៅ​មួយ​នៃកម្មវិធី​ app នេះ​ថា៖

«យើង​ខ្ញុំ​ចង់​ជួយ​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដើម្បីបន្ថយ​ជន​ចំណាកស្រុក​ដែល​ទៅ​ប្រទេស​ជិតខាង​ កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​បង្កើត​ចំណូល​និង​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​ខ្មែរ។‍»

ដើម្បី​អាច​ជាប់​ចូល​ប្រកួត​នៅ​ក្នុង​កម្មវិធី Technovation បាន​ កុមារី​និង​យុវតី​ពី​ជុំ​វិញ​ពិភពលោក​ត្រូវសរសេរ​កូដ​បង្កើត​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ឬ app ព្រម​ទាំង​រៀប​ចំ​ផែនការ​អាជីវកម្ម business plan ដែល​ជួយ​ដោះស្រាយ​បញ្ហា​មួយ​នៃ​គោលដៅ​អភិវឌ្ឍ​អង្គការ​សហប្រជាជាតិ។ កុមារី​កម្ពុជា​បាន​ជ្រើសរើសបញ្ហា​ភាព​ក្រីក្រ។

ការចូល​រួម​ប្រកួត​ផ្តាច់​ព្រ័ត្រ​​នៅ Silicon Valley ធ្វើ​ឲ្យ​កុមារី​ខ្មែរ​ក្លាយ​ជា​គំរូ​ដ៏​​វ័យ​ក្មេង​​មួយ​ដល់​ស្ត្រី​ដែល​ចូលចិត្ត​បច្ចេកវិទ្យា

ទោះ​បីសាកលភាវូបនីយកម្ម​បាន​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​កំណើន​ក្នុង​វិ័ស័យ​ទេសចរណ៍​ក្តី ​សាកលភាវូបនីយកម្ម​ក៏​បាន​នាំ​ឲ្យ​មាន​វិសមភាព​សេដ្ឋកិច្ច​និង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង។ កុមារី​ទាំង​នេះ​គិត​ថា​ កម្មវិធី​ app របស់​ពួក​គេ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។​

នៅ​មុន​ពេល​ជួប​ចៅក្រម​វាយតម្លៃ កុមារី​ លន ដារ៉ាស៊ូចេង ពន្យល់​ប្រាប់ VOA អំ​ពី​គោលបំណង​មួយ​ទៀត​នៃ​កម្មវិធី​ app នេះ​ថា៖​

«ពួក​យើង​ក៏​ចង់ផ្សព្វ​ផ្សាយ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភពលោក​ផង​ដែរ។‍»

ដោយ​ពួក​គេ​មាន​អាយុ​ដ៏​ក្មេង​ខ្ចី​នេះ មិន​មាន​អ្នក​ណា​រំពឹង​ថា ​ពួក​គេ​អាចជួយ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ​នោះ​ទេ។ ប៉ុន្តែ​វត្តមាន​របស់​ពួក​គេ​នៅ​ក្នុង​ការ​ប្រកួត​នេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​បញ្ហា​មួយ​ទៀត​គឺ មាន​ស្ត្រី​តិចតួចប៉ុណ្ណោះ ដែល​ប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា។

នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ចំណោម​និស្សិត​ដែល​ជ្រើស​រើស​ជំនាញ​ព័ត៌មានវិទ្យានៅ​ឆ្នាំ​២០១០​ស្ត្រី​មាន​ត្រឹម​១៤​ភាគរយ​ប៉ុណ្ណោះ។ នេះ​ជា​ស្ថានភាព​មួយ​ដែល​អ្នក​ខ្លះ​យល់​ថា ​បណ្តាល​មក​ពីការ​មិន​ទទួល​បាន​ភាព​ស្មើ​គ្នា​ខាង​ការ​អប់រំ ព័ត៌មាន ឬ​កង្វះ​ខាត​ជន​គំរូ​ដែល​ជា​ស្ត្រី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។

កម្មវិធី​ដូច​ជា​ Technovation នេះ​រំពឹង​ថា​នឹង​អាច​ជួយ​កែប្រែ​និន្នាការ​នេះ។

អ្នកស្រី​ Tara Chklovski ជា​ស្ថាបនិក​និង​ជា​នាយកប្រតិបត្តិ​នៃ​អង្គការ Iridescent ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ Technovation នេះ។ អ្នក​ស្រី​ថ្លែង​ប្រាប់ VOA ពី​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ក្នុង​ពេល​បច្ចុប្បន្ន​ថា៖

«ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ បច្ចេកវិទ្យា​ពិត​ជា​អាច​ជួយ​ស្ត្រី​ឲ្យ​មាន​សំឡេង​ខ្លាំងក្លា និង​បង្កើត​សង្គម​មួយ​ដែល​មាន​សមភាព។‍»

នេះ​ជា​លើក​ទី​១​ហើយ​ដែល​កុមារី​ខ្មែរបាន​ជាប់​មក​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅក្នុង​កម្មវិធី​ Technovation ​នៅ​តំបន់ Silicon Valley សហរដ្ឋ​អាមេរិក។

កុមារី​ខ្មែរ​ទាំង​នេះ​បាន​ក្លាយ​ជា​ឧទាហរណ៍​មួយ​អំពី​លទ្ធភាព​ដែលបច្ចេកវិទ្យា​អា​ចជួយ​ជំរុញ​ដល់​សមត្ថភាព​ស្ត្រី​បាន ប្រសិន​បើ​ពួក​គេ​ទទួល​បាន​ការ​អប់រំ​ ការ​ឧបត្ថម្ភ និង​ការ​លើក​ទឹក​ចិត្ត​ត្រឹមត្រូវ​ពី​គ្រួសារ​និង​សង្គម។​ ថ្វី​បើកុមារី​ទាំង​នេះ​ភាគ​ច្រើន​មក​ពី​ក្រុមគ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ក្តី​ ពួក​គេ​បាន​ទទួល​បាន​បណ្តុះបណ្តាល​ពី​សាលា​អន្តរជាតិ Liger Learning Center ដែល​ជា​អង្គការ​មួយ​ផ្តោត​ទៅ​លើ​ការ​អប់រំបែបគម្រោង​ ​រៀន​ដក​ពិសោធន៍ និង​ភាព​ជា​អ្នក​ដឹកនាំ ដែលខុសប្លែក​ពី​ការ​អប់រំ​ធម្មតា​តាម​កម្មវិធី​អប់រំ​របស់​រដ្ឋ។​

លោក ម៉ៅ មុនី ជា​វិស្វករ​ខាង​កម្មវិធី software កុំព្យូទ័រ​ ដែល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​តំបន់​ Silicon Valley នេះ​អស់​រយៈ​ពេល​២០​មក​ហើយ។ ពេល​បាន​ដំណឹង​ពី​មិត្ត​ភក្តិ​អំពី​ការ​ដែល​មាន​កុមារី​ខ្មែរ​មក​ចូល​រួម​ការ​ប្រកួតលំដាប់​ពិភពលោក​នេះ​ លោក​ក៏​ប្រញាប់​មក​ចូល​រួម​ភ្លាម។ លោក ម៉ៅ មុនី ដែល​មាន​កូនស្រី​អាយុ​១១​ឆ្នាំ​ដែរ​នោះ​ បាន​សម្តែង​ការ​ស្ញប់ស្ញែង​ចំពោះ​កុមារី​ទាំង​៥ ប្រាប់ VOA ថា៖

«យើង​ឃើញ​ថា ​វា​មោទនភាព​មួយ​ ឃើញ​កូន​ខ្មែរត្រឹម​អាយុ​១០ ១១​ឆ្នាំ ចេះ​ធ្វើ​បាន​ app ហើយ​ការណ៍​សំខាន់មាន​ចិត្ត​ថា​ ចង់​ជួយ​ខ្មែរ​យើង ដូច​ថា​ធ្វើ​ឲ្យ​មាន​ជីវភាព​រស់​នៅ​បាន​ល្អ​ ដោយ​ការ​ធ្វើ​បាន ហើយ​ខ្ញុំ impressed [ស្ញប់ស្ញែង] ​មួយ​ជាង​គេ​ហ្នឹងគឺ​ឃើញ​ថា​ មិន​ចង់​ឲ្យ​ខ្មែរ​យើង​ទៅ​រកស៊ី​នៅប្រទេស​ក្រៅ​ទៀត។ ឲ្យ​ប្រើ​អា​ app ហ្នឹង។‍»

លោក​ជឿង​ថា ​ការ​ដែល​មាន​កុមារី​ខ្មែរ​ទាំង​៥​នាក់​មក​ប្រកួត​ដល់តំបន់ Silicon Valley នេះ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​កុមារី​និង​យុវនារី​ខ្មែរ​ផ្សេង​ទៀត​ចាប់​អាជីព​ខាង​វិស័យ​បច្ចេកវិទ្យា​នេះ​កាន់​តែ​ច្រើន។

ក្នុង​ចំណោម​យុវនារី​អាមេរិកាំងកំណើត​ខ្មែរ​ដ៏​តិចតួច​ដែល​បម្រើ​ការ​ក្នុង​វិស័យ​បច្ចេកវិទ្យានៅ​ Silicon Valley នេះ មាន​កញ្ញា Pauline Seng អ្នកគ្រប់គ្រង​កម្មវិធី​មួយ​រូប​នៅ​ក្រុមហ៊ុន Google ដែល​ជា​កន្លែង​នៃ​ការ​ប្រកួត​នេះ។ ក្រោយ​ពីបាន​ទទួល​ដំណឹង​ពី​ការ​ប្រកួត​ដែល​មាន​កុមារី​ខ្មែរ​ចូល​រួម កញ្ញា Pauline Seng ក៏​បាន​មក​គាំទ្រ ហើយនិយាយ​ថា​ កុមារី​ទាំង​៥​បាន​ក្លាយ​ជា​គំរូ​រួច​ទៅ​ហើយ​ដល់​ស្ត្រី​ផ្សេង​ទៀត រួម​ទាំង​កញ្ញា​ខ្លួន​ឯងផង​ដែរ ​ដែល​ទើប​ចាប់​ប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​ពេល​នាង​អាយុ​២៣​ឆ្នាំ។

កញ្ញា​បញ្ជាក់​ប្រាប់ VOA ថា៖

«ពិត​ណាស់ មើល​ចុះ ពួក​គេ​បាន​មក​ដល់​ Silicon Valley! នឹង​មាន​ស្ត្រី​ជា​ច្រើន​ទៀត​ដែល​នឹង​ខំប្រឹង​ឲ្យ​បាន​មក​ដល់​ដំណាក់កាល​នេះ​ដូច​ក្មេង​ស្រី​ទាំង​នេះ​ដែល​នឹង​ជំរុញ​ឲ្យ​ក្មេង​ស្រី​ផ្សេង​ទៀត​ចាប់​អារម្មណ៍​នឹង​បច្ចេកវិទ្យា។‍»

កញ្ញា Pauline Seng ថ្លែង​ថា ​ប​ច្ចុប្បន្ន​នេះ​ស្ត្រី​នៅ​អាមេរិក​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដោយ​សារ​មាន​កម្មវិធី​គាំទ្រ​ច្រើន​ជាង​មុន​ដូច​ជា​កម្មវិធី Technovation ជា​ដើម។ បុគ្គលិក​ក្រុមហ៊ុន Google រូប​នេះដែល​ទើប​បាន​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​ជឿជាក់​ថា យុវតី​ក្នុង​ជំនាន់​កុមារី​ទាំង​៥​នឹង​កាន់​តែ​មាន​អនាគត​ត្រចះត្រចង់​ក្នុង​វិស័យ​នេះ ដែល​អាច​ជួយ​ជំរុញ​ដល់​វិស័យ​បច្ចេកវិទ្យា​ដ៏​ក្មេង​ខ្ចី​របស់​កម្ពុជា។

នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ក្រុម​ខ្មែរ ក៏​មាន​និស្សិត​ខ្មែរ​ពី​ប្រទេស​កម្ពុជា​មួយ​រូប​ផង​ដែរ​គឺ ​កញ្ញ គី វិល័យវណ្ណ អាយុ​២៣​ឆ្នាំ និស្សិត​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Brown University នៅ​រដ្ឋ Rhode Island។ កញ្ញា​កំពុង​ធ្វើ​កម្មសិក្សា​ (internship) ​ខាង​វិស្វកម្ម software កុំព្យូទ័រ​រយៈ​ពេល​៣​ខែ​នៅ​ក្រុមហ៊ុន Google ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​នេះ។

កញ្ញា​បាន​ទទួល​ដំណឹងអំពីការណ៍ដែល​មាន​កុមារី​ខ្មែរ​មក​ប្រកួត​នៅ​ក្រុមហ៊ុន Google ​ដែល​កញ្ញា​កំពុង​ធ្វើកម្មសិក្សា​នេះ តាម​រយៈ​ការ​ផ្សាយ​របស់​ VOA ហើយ​កញ្ញា​មាន​អារម្មណ៍​រំភើប​ខ្លាំង​នៅ​ពេល​បាន​ឃើញ​ពួក​គេ​ឡើងលើ​ឆាក​បង្ហាញ​ពី​ app មួយ​ដែល​កញ្ញា​ថា​ពិបាកបង្កើត។ ការណ៍​នេះ​ធ្វើ​ឲ្យ​កញ្ញា គី វិល័យវណ្ណ ​នឹក​ឃើញ​ដល់​កាល​ពី​កញ្ញា​មាន​អាយុ​ដូច​កុមារី​ទាំង​៥៖

«ឃើញ​ក្មេងៗ​ហ្នឹង​អាយុ​ត្រឹម​១១ ១២ ប៉ុន្តែ​ដូច​មាន​ទំនុក​ចិត្ត​ខ្លួន​ឯង​ខ្ពស់។ ហើយ​នឹក​ឃើញ​កាល​ខ្ញុំអាយុ​ប៉ុណ្ណឹង ប្រើ​កុំព្យូទ័រ​ដូច​របៀប​ថា អត់​សូវ​ចេះ​នៅ​ឡើយ ហើយ​អត់​ចេះ​កូដ អត់​ចេះ​អី​ហ្នឹង។ ហើយ​ឃើញ​គាត់​បង្កើត​ app មួយ​ដូចរបៀប​ថា ដូច​រំភើប ពេល​គាត់​ឡើង​ដូច​ចង់​ស្រក់​ទឹក​ភ្នែក​ដែរ ព្រោះ​រំភើប​ពេក។‍»

នៅ​ក្នុង​ការ​ប្រកួត​រយៈ​ពេល​២​ថ្ងៃ​នេះ ក្រុម​កុមារី​ខ្មែរ​ដែល​បង្កើត​កម្មវិធី​ Cambodia Identity Product ​មិន​បាន​ឈ្នះ​រង្វាន់​ធំ​ទេ គឺបាន​ចាញ់​ក្រុម​យុវតីមក​ពី​ក្រុង​ហុងកុង។ ប៉ុន្តែ​យ៉ាង​នេះក្តី ពួក​គេ​មាន​ទភាព ដែល​ពួក​គេ​ បាន​ត្រូវ​ជ្រើស​រើសពី​ជាង​១.០០០​ក្រុមនៅ​ទូទាំង​ពិភពលោក​ ហើយ​បាន​ជាប់​មក​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​តំបន់​បច្ចេកវិទ្យា​ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក។

កុមារី យស់ សិរីសប្តាហ អាយុ១២​ឆ្នាំ ថ្លែង​ប្រាប់​ VOA នៅ​ក្រោយ​កម្មវិធី​ប្រកួត​នេះ​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​ថា​ សប្បាយ​ចិត្ត​ដែល​ក្រុម​ខ្ញុំ​បាន​មក​ដល់វគ្គ​នេះ។‍»

ដោយ​សារ​ពួក​គេ​ជា​ក្រុម​ជាប់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ CIT របស់​ខ្មែរ​នេះ​បាន​ទទួល​អាហារូបករណ៍​៥.០០០​ដុល្លារ​ត្រឡប់​ទៅ​ស្រុក​វិញ។

ឆ្លើយ​តប​នឹង​សំណួរ VOA ​ក្រោយ​ពី​បាន​ទស្សនា​ការ​ថ្លែង​របស់​ប្រធានក្រុមហ៊ុន​ Google ដែល​ជា​បុរស​ គឺ​លោក Sundar Pichai នៅ​ក្នុង​ពិធី​បិទ​នៃ​កម្មវិធី​ប្រកួត​ Technovation នេះ ថា​តើ​កុមារី​ខ្មែរ​ទាំង​៥​គិត​ថា ​មហា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​អាច​នឹង​មាន​ស្ត្រី​ជា​មេដឹកនាំ​ទៅ​អនាគត​ទេ ពួក​គេ​ឆ្លើយ​ព្រម​គ្នា​ថា៖

«ចាស‍‍!‍»

ទោះ​បី​រឿង​នេះ​អាច​ឬ​មិន​អាច​ក្លាយ​ជា​ការពិត​ទៅ​ពេល​អនាគត​ក្តី ក៏​កុមារី​ខ្មែរ​ទាំង​៥​បាន​ក្លាយ​ជាក្រុម​ជន​គំរូ​មួយរួច​ទៅ​ហើយ៕