សម្តេចប៉ាប Francis បានបួងសួងនៅថ្ងៃបុណ្យណូអែលនេះ សុំឲ្យពិភពលោកដែលធ្លាប់មានសង្គ្រាមនិងការគំរាមកំហែងភេរវកម្មមានសន្តិភាព។
ដោយថ្លែងពីយ៉ខាងមុខនៃព្រះវិហារ Saint Peter's Basilica សម្តេចប៉ាប Francis បាននិយាយអំពីជនរងគ្រោះនៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី ជាពិសេសសមរភូមិដ៏សាហាវនៅក្នុងទីក្រុង Aleppo ហើយទ្រង់បានជំរុញឲ្យសហគមន៍អន្តរជាតិស្វែងរកដំណោះស្រាយចរចាគ្នានៅក្នុងជម្លោះនេះ។
ដោយថ្លែងនៅចំពោះមុខមនុស្សម្នារាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំគ្នានៅ Saint Peter's Square សម្រាប់ការថ្លែងសុន្ទរកថាប្រចាំឆ្នាំ សម្តេចប៉ាប Francis បានមានប្រសាសន៍ថា អំពើភេរវកម្មកំពុងធ្វើឲ្យមនុស្សភ័យខ្លាចនិងស្លាប់បាត់បង់ជីវិតក្នុងទីក្រុងនិងប្រទេសនានានៅទូទាំងពិភពលោក។
លោកអាចារ្យ Justin Welby ដែលជាប្រធានគ្រប់គ្រងនៃព្រះវិហារ Church of England និងសមាគមអ្នកកាន់សាសនាគ្រិស្តនិកាយ Anglican បានថ្លែងស្រដៀងគ្នានេះ នៅក្នុងសុន្ទរកថាអំពីកង្វល់ដែលមនុស្សជាច្រើននៅទូទាំងពិភពលោកមាននៅពេលនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រៀមសម្រាប់ថ្លែងនៅក្នុងទីក្រុងឡុងដ៏នៅល្ងាចថ្ងៃអាទិត្យម៉ោងក្នុងស្រុក លោកបានមានប្រសាសន៍ថា «ចុងឆ្នាំ២០១៦បង្ហាញពីស្ថានភាពរបស់យើងនៅក្នុងពិភពលោកមួយផ្សេង ហើយកាន់តែមិនអាចទស្សន៍ទាយទុកមុនបាននិងកាន់តែលែងច្បាស់លាស់ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាកាន់តែភ័យខ្លាចនិងបែកបាក់គ្នា»។
កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅក្បែរព្រះវិហារសាសនាគ្រិស្តនានានៅទូទាំងអឺរ៉ុប ដោយមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានការព្រមានថា ក្រុមភេរវកម្មឥស្លាមអាចនឹងរៀបចំផែនការធ្វើការវាយប្រហារនានានៅថ្ងៃបុណ្យណូអែល ដោយសារតែពួកភេរវករទាំងនោះចង់ឲ្យពិធីបុណ្យសាសនារបស់ខ្លួនមានប្រជាប្រិយភាពជាងគេបំផុត។
នៅកន្លែងផ្សេងទៀត អ្នកកាន់សាសនាគ្រិស្តប្រារព្ធពិធីបុណ្យសាសនាដើម្បីរំឮកដល់ថ្ងៃកំណើតរបស់ព្រះយេស៊ូគ្រិស្ត ដែលពួកគេគោរពបូជាថាជាបុត្រារបស់ព្រះជាម្ចាស់៕