សមាគម​ការពារ​អ្នក​កាសែត​ឯករាជ្យ​នៅ​​កម្ពុជា​ត្រូវ​បាន​បង្កើត ​ពីរ​ឆ្នាំ​ក្រោយ​ការ​បង្ក្រាប

រូបឯកសារ៖ ពី​ឆ្វេង​ទៅ​ស្ដាំ លោក​ ​ម៉ៃ ទិត្យថារ៉ា ​​(ទីបី) នាយក​ប្រតិបត្តិ​​នៃ​សមាគម«ខេមបូចា» ​​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ ​«ការ​ប្រឆាំង​ព័ត៌មាន​​ក្លែង​បន្លំ​សម្រាប់​អ្នកសារ​ព័ត៌មាន​កម្ពុជា» នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

សមាគម «ខេមបូចា» (CamboJA) ​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​គាំពារ​​និង​ការ​បណ្ដុះបណ្ដាល​បន្ថែម​ដល់​អ្នក​សារព័ត៌មាន​ខ្មែរ​ជំនាន់​ក្រោយ​និង​អ្នក​សារព័ត៌មាន​នៅ​តាម​ជនបទ។

ក្រសួង​ព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់ការ​បង្កើត​សមាគម​ការពារ​អ្នកសារព័ត៌មាន​ថ្មីមួយដែលអះអាង​ថាខ្លួន​នឹង​ក្លាយ​ជា​ស្ថាប័នឯក​រាជ្យ​មួយ​សម្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន។

ការ​ផ្ដល់​អាជ្ញាប័ណ្ណ​របស់​ក្រសួង​ព័ត៌មាន ​ដល់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា «ខេមបូចា» (CamboJA) នេះ​ធ្វើ​ឡើង​ប្រមាណ​ពីរ​ឆ្នាំ​ ក្រោយ​ការ​បង្ក្រាប​លើ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យនានា។​

លោក ម៉ៃ ទិត្យថារ៉ា នាយក​ប្រតិបត្តិនៃ​សមាគម​ថ្មី​នេះ មាន​ប្រសាសន៍ប្រាប់​ VOA ថា សមាគម «ខេមបូចា» (CamboJA) ​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​គាំពារនិង​ការ​បណ្ដុះបណ្ដាល​បន្ថែម​ដល់​អ្នក​សារព័ត៌មាន​ខ្មែរ​ជំនាន់​ក្រោយ​និង​អ្នក​សារព័ត៌មាន​នៅ​តាម​ជនបទ។

«គោលដៅ​យើង​គឺ​យើង​ជួយ​ដំបូង​គឺ​ផ្ដោត​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​ប្រកប​ការងារ​ដោយ​មាន​វិជ្ជាជីវៈ។ ហើយ​ប្រសិន​បើ​ការងារ​របស់​គាត់​ដែល​ធ្វើ​ឡើងដោយ​វិជ្ជាជីវៈ​មានបញ្ហា​កើត​ឡើង យើង​នឹង​សិក្សា​ផ្លូវ​ច្បាប់​ដើម្បី​តស៊ូ​មតិ​ជួយ​គាត់។

លោក ម៉ៃ ទិត្យថារ៉ា នាយក​ប្រតិបត្តិនៃសម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា «ខេមបូចា» (CamboJA) ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA នៅ​រាជធានី​ភ្នំពេញ ក្រោយ​ក្រុម​លោក​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ពី​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​អង្គារ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៩។

«ខេមបូចា»​ត្រូវ​បង្កើត​ឡើ​ង​ដោយក្រុម​អ្នក​កាសែតដែល​បាន​និង​កំពុង​បំពេញ​ការងារ​ក្នុង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ជា​ច្រើន។

​ការ​បង្កើត​សមាគម​ការពារ​អ្នក​កាសែត​ថ្មី​នេះ​ បាន​ធ្វើ​ឲ្យ​ចំនួន​សមាគម​អ្នកកាសែត​កើន​ដល់​ចំនួន​៤២​ស្ថាប័ន​រហូត​មក​ដល់​ពេល​នេះ។

ទោះ​បី​ជា​មាន​សមាគម​អ្នកកាសែត​ច្រើន​បែបនេះ​ក្តី​ ក៏​លោក ម៉ៃ ទិត្យថារ៉ា ​លើក​ឡើង​ថា ​អ្នក​កាសែតដែល​ធ្វើ​ការ​តាម​វិជ្ជាជីវៈ មិន​បាន​ទទួល​បាន​ការ​យកចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់​នៅ​ពេល​ដែល​ពួកគេ​ជួប​បញ្ហា​នោះ​ទេ។

ជាក់​ស្ដែង​ក្នុង​ករណី​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់លើ​អ្នក​យក​ព័ត៌មាន​ពីរ​រូប​របស់​វិទ្យុ​អាស៊ី​សេរី គឺ​លោក ​អ៊ួន ឈិន និង​លោក​ ​យាង សុធារិន្ទ សមាគម​អ្នកកាសែត​ក្នុង​ប្រទេស​កម្ពុជា មិន​បាន​បញ្ចេញ​ប្រតិកម្ម​បែប​ណា​មួយ​នោះ​ទេ ក្រៅ​ពី​អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​មួយ​ចំនួន​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​និង​ស្ថាន​ទូត​បរទេស​មួយ​ចំនួនដែល​បាន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ឯករាជ្យ​ទាំង​ពីរ​រូប។

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំងពីរ ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៃ​ការ​វិនិច្ឆ័យ​ទោស​បែប​ណា​នៅឡើយ​ទេ ចាប់​តាំងពី​ការ​កាត់ទោស​ពួកគេ​កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ។​

​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​មាន​ប្រសាសន៍ថា ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា «ខេមបូចា» (CamboJA) ​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​ពិនិត្យ​ឃើញ​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​របស់​អង្គភាព​ថ្មី​នេះ។

«កន្លង​ទៅ​ឲ្យ​តែ​មាន​អ្នក​ស្នើ​សុំ​មក យើង​ពិនិត្យ​លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​យើង​ផ្ដល់​ជូន​ហើយ យើង​អត់​មាន​អ្វី​តឹង​រ៉ឹង​ទេ ។ យើង​គិត​ថា​ អា​ហ្នឹង​មាន​ចែង​នៅ​ក្នុង​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥​ហើយ»។

យ៉ាង​ណា​ក្ដី​លោក​ទទួល​ស្គាល់​ថា កន្លង​មក​សមាគម​អ្នក​សារព័ត៌មាន​មួយ​ចំនួនមិន​មាន​សកម្មភាព​ ហើយ​ក្រសួង​នឹង​ពិចារណា​រឹត​បណ្ដឹង​អាជ្ញាប័ណ្ណ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។​ លោក​សង្ឃឹម​ថា​សមាគម​ថ្មី​នឹង​ចូល​រួមជំរុញ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ ក៏​ដូច​ជា​វាយ​តម្លៃ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​ជំនួស​ការ​វាយ​តម្លៃ​ពី​ស្ថាប័ន​បរទេស។​

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា បាន​ស្វាគមន៍​ការ​បង្កើត​សមាគម​អ្នក​សារព័ត៌មាន«ខេមបូចា» ​និង​ស្វាគមន៍​ការ​សហការ​ទៅ​អនាគត​ទៀត។

«យើង​នៅ​មាន​វិញ្ញាសា​ នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ដើម្បី​ធ្វើ​ការ​ទាំង​អស់​គ្នា អភិវឌ្ឍវិស័យ​សារព័ត៌មាន​ដែល​នៅ​ក្មេង​ខ្ចី​របស់​យើង​នេះ ឲ្យ​មាន​ភាព​ចាស់​ទុំ»។

ក្នុង​ពេល​នេះ«ខេមបូចា»​មាន​សមាជិក​ស្ថាបនិក​សរុប​ចំនួន​១៥​នាក់​មក​ពី​ស្ថាប័ន​សារព័ត៌មាន​ចំនួន​ប្រាំ​មួយ​ និង​អ្នក​កាសែត​ដែល​មិន​ចំណុះ​ស្ថាប័ន​ព័ត៌មាន។​

លោក ម៉ៃ ទិត្យថារ៉ា នាយក​ប្រតិបត្តិនៃ​សមាគម​ថ្មី​នេះ ​មាន​សុទិដ្ឋិនិយម​ថា ការណ៍ដែល​អ្នក​សារព័ត៌មាននៅ​កម្ពុជា​ មាន​អង្គការ​ដែល​អាច​គាំពារតាម​ផ្លូវ​តុលាការ​ជា​ពិសេស នឹង​អាច​ជួយ​ជំរុញ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើង​វិញ​ ក្រោយ​ពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​បាន​វាយតម្លៃ​ថា​បានធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ៕