រយៈពេលមួយថ្ងៃមុនពេលដែលសមាជិកសភាទាំង១២៣រូបមកពីគណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជាគ្រោងនឹងយកសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងសេចក្តីព្រាងច្បាប់ស្តីការរៀបចំការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតយកមកអនុម័តនោះអង្គការសង្គមស៊ីវិលដែលតាមដានឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាបានទាមទារឱ្យគណបក្សទាំងពីរលុបចោលបទប្បញ្ញត្តិមួយចំនួននៃមាត្រា ៨៤ ១៣៧ ១៤៨ ១៥៩ និង ១៦០ នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ លើប្បញ្ញត្តិដែលចែងពីការដាក់ទោសពិន័យទៅលើសិទ្ធិចូលរួមសកម្មក្នុងជីវភាពនយោបាយនិងសេរីភាពបញ្ចេញមតិរបស់ សមាគម និង អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល។
មាត្រាទី៨៤ នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានចែងថា៖ «អង្គការមិនមែនរដ្ឋាភិបាល ឬ សមាគមក្នុងស្រុក និង សមាគម ឬ អង្គការអន្តរជាតិដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពណាមួយ ទោះបីដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ដែលរួមមានផ្តួចផ្តើមឬ ចូលរួមក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយ។ ចេញសេចក្តីថ្លែងការណ៍ ឬ ធ្វើសកម្មភាពណាមួយក្នុងគោលបំណងគាំទ្រ ឬ បង្ហាញការលម្អៀងទៅរក ឬ ប្រឆាំងទៅរកគណបក្សនយោបាយណាមួយ ឬ បេក្ខជនណាម្នាក់»។
រាល់សកម្មភាពក្នុងការចូលរួមក្នុងជីវភាពនយោបាយខាងលើ បែរទៅជាបទល្មើសដែលត្រូវផ្តន្ទាទោស ផាកពិន័យតាមមាត្រា ១៥៩ និង មាត្រា ១៤៨ ដែលមានចំនួនទឹកប្រាក់ពី១០លាន រៀល ទៅ ២០ លានរៀលដោយគជប។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះ និកហ្វិក មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ថ្មីនេះអាក្រក់ជាងច្បាប់ចាស់ទៅទៀតដោយសារតែមានចំណុចមួយចំនួននៅក្នុងច្បាប់នេះបានគំរាមកំហែង បំភិតបំភ័យអង្គការសង្គមស៊ីវិលមិនឱ្យចូលរួមដំណើរការបោះឆ្នោត។
លោកនិយាយថា៖ «គោលការណ៍ធម្មជាតិទឹកត្រូវហូរពីលើចុះមកក្រោម ប៉ុន្តែផ្ទុយទៅវិញបើសិនជាច្បាប់ហ្នឹងធ្វើឱ្យទឹកហ្នឹងហូរបញ្ច្រាសពីក្រោមទៅលើនោះជាការផ្ទុយនិងក្រឹត្យក្រមធម្មជាតិហើយ។ទីពីរគោលការណ៍យុត្តិធម៌ យុត្តិធម៌ពាក់ព័ន្ធ នឹង សិទ្ធិរបស់មនុស្ស»។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព និង ជាសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតមានប្រសាសន៍ថាសេចក្តីព្រាងច្បាប់នេះអត់បានដាក់ឱ្យពិភាក្សាពេញលេញនិងមានតម្លាភាព។
លោកនិយាយថា៖ «បញ្ញត្តិមួយចំនួនហ្នឹងមានចំណុចអវិជ្ជមានខ្លាំងហើយនឹងវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ហើយនឹងការដកសិទ្ធិនិងសេរីភាពរបស់សមាគម អង្គការសង្គមស៊ីវិល អ្នកសង្កេតការណ៍បោះឆ្នោតក៏ដូចជាគណបក្សនយោបាយ ប្រកួតប្រជែងនៅក្នុងការបោះឆ្នោត»។
រដ្ឋសភារបស់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍គ្រោងនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បើទោះបីសេចក្តីព្រាងច្បាប់ថ្មីនេះបានទទួលរងការរិះគន់ខ្លាំងពីអង្គការក្រៅរដ្ឋាភិបាលនិងអង្គការអន្តរជាតិ ក៏ដោយ។
លោក ឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថាអ្វីដែលជាការស្នើឡើងរបស់អង្គការសង្គមស៊ីវិលមិនមានហេតុផលសមស្របទេពីព្រោះមានអង្គការក្រៅរដ្ឋាភិបាលច្រើនណាស់ដែលគាំទ្រសេចក្តីព្រាងច្បាប់ថ្មីនេះ។
លោកនិយាយថា៖ «ការស្នើរបស់អង្គការ ERA គឺជាវត្ថុបំណងឯកជនរបស់ខ្លួនមិនមែនជាវត្ថុបំណងរបស់ប្រជាពលរដ្ឋនិងរបស់ម្ចាស់ឆ្នោតទេ»។
លោក អេង ឆៃអាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចូលរួមពិភាក្សាលើសេចក្តីព្រាងច្បាប់នេះមានប្រសាសន៍ថាសេចក្តីស្នើច្បាប់នេះបានមកដល់ដៃរបស់រដ្ឋសភាហើយ។ ហើយការលុបឬដាក់ថែមយ៉ាងណានោះគឺអាស្រ័យទៅលើសភាពេញអង្គដែលនឹងប្រជុំពិភាក្សាអនុម័តនៅថ្ងៃស្អែកនេះ។
លោកនិយាយថា៖ «ខ្ញុំមានជំនឿថាចំណុចអវិជ្ជមានមួយចំនួននៅក្នុងច្បាប់នេះគឺថ្នាក់ដឹកនាំគណបក្សទាំងពីរហ្នឹងច្បាស់ជាយកទៅពិនិត្យនិងពិចារណា។ ប៉ុន្តែអ្វីដែលជាសំខាន់គោលបំណងគោលដៅយើងគឺយើងចង់ឱ្យមានគជបថ្មី»។
អង្គការឃ្លាំមើលការរំលោភ សិទ្ធិមនុស្សមួយដែលមានឈ្មោះ Human Rights Watchកាលពីថ្ងៃអង្គារ បានបរិហាររិះគន់សេចក្តីព្រាងច្បាប់ថ្មីសម្រាប់ការកែទម្រង់ការបោះឆ្នោតថាបានរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន និង រំលោភទៅលើបទដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ៕