កងទ័ពស៊ីរីដែលគាំទ្រដោយកងទ័ពអាកាសរុស្ស៊ី និងកងជីវពលអ៊ីរ៉ង់ បន្តវាយលុកនៅភាគខាងជើងប្រទេស ដោយគ្រប់គ្រងបានវិញទីក្រុងពីរទៀតដែលត្រូវបានត្រួតត្រាដោយក្រុមឧទ្ទាម នៅក្បែរទីក្រុងអាលីប៉ូ ហើយបានរុលទៅមុខកាន់តែកៀកនឹងព្រំដែនតួកគី។
ការវាយលុករបស់កងកម្លាំងប្រធានាធិបតីស៊ីរី លោកអាសាដនេះ បានធ្វើឲ្យខ្ទេចខ្ទីយ៉ាងដំណំនូវបណ្តាញផ្តត់ផ្គង់របស់ក្រុមឧទ្ទាម។
ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីឥតឈប់ឈរទៅលើទីតាំងនានារបស់ក្រុមឧទ្ទាមនេះ ក៏បានបណ្ដេញជនភៀសខ្លួនស៊ីវិលស៊ីរីរាប់ពាន់នាក់ ឲ្យចេញឆ្ពោះទៅកាន់ព្រំដែនតួកគីផងដែរ។ ប្រទេសតួកគីបានទទួលជនភៀសខ្លួនស៊ីរី ២លាន៥សែននាក់ហើយ ដែលបានភៀសខ្លួនចេញពីជម្លោះដែលបានអូសបន្លាយពេលអស់៥ឆ្នាំមកហើយនេះ។
ឧបនាយករដ្ឋមន្ត្រីតួកគី លោក Numan Kurtulmus បានព្រមានថា អំពើហិង្សានេះអាចបង្ខំប្រជាជនស៊ីរីរហូតដល់៦សែននាក់ទៀត ឲ្យភៀសខ្លួនទៅប្រទេសតួកគី។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ដែលបានជួបប្រជុំជាមួយសមភាគីអារ៉ាប៊ីសាអូឌីតរបស់លោក ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ បានសម្តែងក្តីសង្ឃឹមថា នឹងមានបទឈប់បាញ់គ្នាមួយ ព្រមទាំងមានជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលដែលនៅជាប់ក្នុងពេលមានការប្រយុទ្ធគ្នានោះ៕