ទីផ្សារ Nikkei នៅប្រទេសជប៉ុនបានជួយដូរក្នុងតម្លៃកើនខ្ពស់ជាងមុន២.៥% ខណៈផ្សារ S&P/ASX របស់អូស្ត្រាលីបានកើន៣.៧%។ ទីផ្សារ KOSPI នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានកើន២.៦% ហើយទីផ្សារ Hang Seng របស់ហុងកុងកើន ជាង១%។ ទីផ្សារភាគហ៊ុនរបស់ក្រុងសៀងហៃបានបិទក្នុងថ្ងៃឈប់សម្រាកមួយរបស់ប្រទេសចិនក្នុងថ្ងៃចន្ទនេះ។
ក្រុមអ្នកវិនិយោគទំនងមានការលើកទឹកចិត្តពីការធ្លាក់ចុះនៃចំនួនអ្នកស្លាប់ប្រចាំថ្ងៃពីជំងឺកូវីដ១៩ នៅក្រុងញូវយ៉ក ប្រទេសអេស្ប៉ាញនិងអ៊ីតាលី ដែលនេះជាភស្តុតាងបង្ហាញថា បទបញ្ជាឲ្យពលរដ្ឋនៅផ្ទះដើម្បីកុំឲ្យបន្តចម្លងវីរុសនេះ ចាប់ផ្តើមមានប្រសិទ្ធភាព។ ព័ត៌មានល្អនេះទំនងជាកាបន្ធូរបន្ថយដល់ការខាតបង់យ៉ាងខ្លាំងនៃទីផ្សារភាគហ៊ុន Wall Street កាលពីថ្ងៃសុក្រ ក្រោយពីសហរដ្ឋអាមេរិកបានបាត់បង់ការងារចំនួន៧០០.០០០កាលពីខែមីនា ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។
ប៉ុន្តែតម្លៃប្រេងនៅទាបនៅឡើយកាលពីថ្ងៃចន្ទ ដោយសារប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងរុស្ស៊ីបន្តជាប់គាំងនៅក្នុងជម្លោះតម្លៃប្រេងដ៏តឹងតែង ដែលជម្លោះនេះកាន់តែធ្ងន់ធ្ងរដោយសារតម្រូវការធ្លាក់ចុះបណ្តាលមកពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩៕