អាស៊ាន​ទទូច​ឲ្យ​មាន​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​ COC

រូបឯកសារ៖ រូបថត​ពី​អាកាស​ថត​តាម​បង្អួច​យន្តហោះ​យោធា​របស់​ភីលីពីន​មួយ បង្ហាញ​ឲ្យ​ឃើញ​នៅ​ការ​ទាញ​យក​ដែនដី​ជា​បន្តបន្ទាប់​របស់​ចិន នៅ​តំបន់​ថ្មប៉ប្រះទឹក​ដ៏​រិចរិល​មួយ​នៅ​លើ​តំបន់​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ភាគ​ខាង​លិច​នៃ​ខេត្ត Palawan ប្រទេស​ភីលីពីន កាល​ពី​ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០១៥។ (Reuters/Ritchie B. Tongo/Pool)

សមាគម​​អាស៊ាន​ទទូច​ឲ្យភាគី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បន្ត​ដោះស្រាយ​បញ្ហា​នៅតំបន់​នេះ​ដោយ​សន្តិវិធី ​ហើយ​ឈាន​ទៅ​រក​ការ​តាក់​តែង​ក្រម​ប្រតិបត្តិ​ COC។

សមាគមអាស៊ាន​ទទូច​ឲ្យភាគី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បន្ត​ដោះស្រាយ​បញ្ហា​នៅតំបន់​នេះ​ដោយ​សន្តិវិធី ​ហើយ​ឈាន​ទៅ​រក​ការ​តាក់​តែង​ក្រម​ប្រតិបត្តិ​ COC។ ​ក្រុម​មេដឹក​នាំ​អាស៊ាន​មិន​ចង់​ឃើញ​ភាគី​ចិន​ និង​អាស៊ាន​ធ្វើឲ្យ​មាន​ភាព​តានតឹង​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ប្រទេស​មួយ​ចំនួន​ទាមទារ​ជា​កម្ម​សិទ្ធិ​នោះ។​

ក្រុម​មេ​ដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​គ្រោង​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​រួមគ្នា​មួយ​ផ្នែក​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​អំពាវនាវ​ឲ្យ​សមាជិក​របស់​ខ្លួន​មួយ​ចំនួន ​និង​ប្រទេស​ចិន​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នេះ​តាម​ច្បាប់​អន្តរជាតិ​ និង​ដោយ​សន្តិវិធី​ ដើម្បី​ឈាន​ទៅ​រក​ការ​បង្កើត​ក្រម​ប្រតិបត្តិ ​COC ​មួយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​សមុទ្រ​ចិន​ ដែល​គេ​ចាត់​ទុក​ថា​ ជា​បញ្ហា​គួរឲ្យ​ព្រួយ​បារម្ភ​សម្រាប់​សន្តិសុខ​ក្នុង​តំបន់​ដ៏​ស្មុគស្មាញ​នោះ។​

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ថត​រូបរួម​គ្នា​នៅ​ទីក្រុងកូឡាឡាំពួរ​នៃ​ប្រទេសម៉ាឡេស៊ី​កាលពី​ថ្ងៃទី៦ ខែ​សីហា ឆ្នាំ២០១៥។

នៅ​ក្នុង​ឯកសារ​អាស៊ាន​ដែល​ VOA​ ទទួល​បាន​មុន​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២៧​នៅ​ក្រុង​កូឡាឡាំពួរ​នៅចុង​ខែ​វិច្ចិកា​នេះ​ ក្រុម​មេដឹកនាំ​អាស៊ាន​បាន​ជំរុញឲ្យ​សមាជិក​របស់​ខ្លួន ​និង​ចិន​ដោះស្រាយ​ជម្លោះ​តាម​ច្បាប់​អន្តរជាតិ។​

សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន​ ដែល​ត្រូវ​អាន​ដោយ​ប្រធាន​អាស៊ាន​គឺ​មេ​ដឹកនាំ​ម៉ាឡេស៊ី​នៅ​ថ្ងៃ​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ថ្ងៃទី​២១ ​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ខាង​មុខ ​ហើយ​ដែល ​VOA ​ទទួល​បាន​នោះ​ បាន​បញ្ជាក់​ថា៖​

«អាស៊ាន​សូម​បញ្ជាក់​អំពី​សារៈ​សំខាន់​ចំពោះ​ការ​ដោះស្រាយ​ដោយ​មធ្យោបាយ​សន្តិវិធី​តាម​ច្បាប់​អន្តរជាតិ​ រួម​ទាំង​ច្បាប់​សមុទ្រ​របស់​អ.ស.ប.​ UNCLOS​ ឆ្នាំ​១៩៨២។​ យើង​សូម​ទទូច​ឲ្យគ្រប់ភាគី​ទាំងអស់​អនុវត្តការ​ទប់ស្កាត់​ភាព​តានតឹង ​ដែល​នាំ​ទៅ​រក​សកម្មភាព​ណា​មួយ​ ហើយ​ជៀស​វាង​សកម្មភាព​ដែល​អាច​ស្មុគ​ស្មាញ​ ឬ​បង្កើន​ភាព​តានតឹង»។​

ប្រទេស​ហ៊្វីលីពីន​ ម៉ាឡេស៊ី ​វៀតណាម​ ប្រ៊ុយណេ​ គឺ​ជា​សមាជិក​សមាគម​អាស៊ាន​ ដែល​មាន​ជម្លោះ​បូរណភាព​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​ផ្លូវ​នាវា​ចរណ៍​លំដាប់​លេខ​បី​ក្នុង​ពិភព​លោក​សម្រាប់​ទំនិញ​ និង​ពាណិជ្ជកម្ម។ ភាព​តាន​តឹង​ និង​ការ​ទន្ទ្រាន​ទៅវិញ​ទៅមក​បាន​កើត​ឡើង​ ដែល​នាំ​ឲ្យ​មាន​ការ​បារម្ភ​ខ្លាច​មាន​ការ​ប៉ះពាល់​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ ដោយសារ​ចិន​មិន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​នាវាចរណ៍​ និង​ការ​នេសាទ​ ហើយ​ចិន​បានធ្វើ​កោះ​សប្បនិមិ្មត​កន្លង​មក​ដែល​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៤​នេះ​មិន​សប្បាយ​ចិត្ត។​

ប្រទេស​អាស៊ាន​១០​ ដែល​មាន​កម្ពុជា​ជា​សមាជិក​ផង ​បាន​បញ្ជាក់​ពី​សារៈ​ សំខាន់​នៃ​ការ​រក្សា​សន្តិភាព ​សន្តិសុខ ​និង​ស្ថិរភាព ​ការ​គោរព​ច្បាប់​អន្តរជាតិ​ ពាណិជ្ជកម្ម​ស្របច្បាប់​ ដែលគ្មាន​ការ​រារាំង​ សេរីភាព​នាវាចរណ៍​ និង​ការ​ហោះ​ហើរ​លើ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖​

«អាស៊ាន​សូម​គូស​បញ្ជាក់​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​សមាជិក​រដ្ឋ​របស់​អាស៊ាន​ ក្នុង​ការ​អនុវត្ត​ដ៏ពេញ​លេញ ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​សេចក្តី​ថ្លែង​ការណ៍ ​ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ហៅ​កាត់​ថា ​DOC ​ទាំងស្រុង​ ហើយនឹង​ការ​បញ្ជាក់​អំពី​តម្រូវការ​ចាំបាច់​សម្រាប់​ការ​បង្កើត​ក្រម​ប្រតិបត្តិ​ COC ​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាង​ត្បូង»។​

នាវា USS Lassen (DDG 82) ដំណើរការ​នៅ​លើ​ដែនទឹក​អន្តរជាតិក្បែរ​នាវាយោធា​រំដោះ​របស់​ប្រជាមានិត​ចិនឈ្មោះ Jianghu V-class frigate Dongguan (560)​ នៅ​ពេល​ដែល​ល្បាត​នៅតំបន់​សមុទ្រ​ចិន​ខាង​ត្បូងកាល​ពី​ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។

សេចក្តី​ព្រាង​ COC ​ដែល​ VOA ​ទទួល​បាន​កាល​ពីខែ​សីហា ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​អាស៊ាន​ និង​ចិន​បាន​ជំរុញ​មាន​ការ​តាក់តែង​សេចក្តី​ព្រាង​ក្រម​ប្រតិបត្តិ​ COC ​ឲ្យ​បាន​ឆាប់​ផ្អែក​តាម​សេចក្តី​ថ្លែង​ការណ៍ ​DOC​ ហើយ​ក៏​គ្រោង​នឹង​ដាក់​ជូន​មេ​ដឹកនាំ​អាស៊ាន​ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ពិនិត្យ​នៅ​ខែ​វិច្ឆិកា​នេះ។​

បើ​តាម​ការ​អះអាង​របស់​លោក​ គង់ ភោគ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្ត្រវិញ ​បាន​អះអាង​ថា​ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងត្រូវការ​ពេល​វេលា​ដោះស្រាយ ​តែ​លោក​បាន​ផ្តល់​សារៈសំខាន់​ទៅ​លើ​ការ​តាក់​តែង​ក្រម​ប្រតិបត្តិ​ COC ​ទោះ​ជា ​COC ​មិនមែន​ជា​យន្តការ​បែងចែក​ដែន​ទឹក​ដល់​ភាគី​ជម្លោះ​ក្តី។​

«គោល​ដៅ​សំខាន់​របស់​វា​គឺ​ធ្វើ​ម៉េច​កុំឲ្យ​មាន​ជម្លោះ ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ ​និង​បញ្ជៀស​ភាព​តានតឹង​ និង​អស្ថិរភាព​ ដែល​អាច​ឈាន​ដល់ការ​ប៉ះ​ទង្គិច​គ្នា។ អញ្ចឹង​ហើយ​បាន​ជា​ COC ​វា​សំខាន់។​ អញ្ចឹង​វា​ជា​ប្រយោជន៍​រួម​ សម្រាប់​ចិន ​សម្រាប់​អាស៊ាន​ ហើយនឹង​ដៃគូ​អន្តរជាតិ​ផ្សេង​ទៀត​ រួមទាំង​អាមេរិក​ផង​ដែរ»។​

លោក​បាន​អះអាង​ថា​ កម្ពុជា​បាន​រួម​ចំណែក​ដល់​ស្ថិរភាព​តំបន់​ជា​ច្រើន​ចាប់​តាំង​ពី​ឆ្នាំ​២០០២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដំបូង​បាន​សម្រេច​តាក់តែង​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ DOC ​ដែល​ក្រុម​ប្រទេស​អាស៊ាន​ និង​ចិន​នៅ​តែ​យក​ជា​គោលសម្រាប់​ការ​អនុវត្តន៍​មកទល់​បច្ចុប្បន្ន។​

លោក​ថ្លែង​ថា​ ទោះ​ជា​កម្ពុជា​មិនមែន​ជា​ប្រទេស​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាម ទារ​កម្ម​សិទ្ធិ​ក្តី​ ក៏​កម្ពុជា​មើល​ឃើញ​ពី​សារៈ​សំខាន់​នៃសន្តិភាព ​ស្ថិរភាព​ក្នុង​តំបន់ ​ហើយ​បាន​ចូល​រួម​យ៉ាង​សកម្ម​មួយ​ផ្នែក​ធំ​ក្នុង​តួនាទី​សម្រប​សម្រួល​ តាំងពី​ឆ្នាំ​២០០២​មក។​

ជម្លោះ​នៅ​ឈូង​សមុទ្រ​ចិន​ខាងត្បូង​មិនត្រូវ​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ទេ

VOA បាន​ព្យាយាម​ទាក់ទង​ដើម្បី​សុំសេចក្តីអត្ថាធិប្បាយ​ពី​ក្រុម​មន្ត្រី​កម្ពុជា តែ​ពុំ​អាច​ទាក់​ទង​បាន​ទេ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្មីៗ​នេះ​បាន​ផ្តល់​អនុសាសន៍​ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​យន្តការ​ទ្វេ​ភាគី​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​ការ​សម្រេច​បាន​ក្រម​ប្រតិបត្តិ ​COC។​ លោក​ ហ៊ុន សែន ​បាន​បញ្ជាក់​ថា គេ​មិន​អាច​រំពឹង​ថា​ អាស៊ាន​ទាំងមូល​អាច​កាត់​សេចក្តី​ដល់​ភាគី​ជម្លោះ​បាន​ទេ​ ​ហើយ​អាស៊ាន​មិន​អាច​វាស់ដី​ វាស់​សមុទ្រ ​ចែក​ដល់​ប្រទេសជា​ដៃ​គូ​ជម្លោះ​បាន​ឡើយ។​

ទោះ​ជា​យ៉ាង​ណា​ក្តី​លោក​បណ្ឌិត​ ចន ស៊ីយ៉ូស៊ីយ៉ារី​ ​(John Ciorciari) ​សាស្ត្រា​ចារ្យផ្នែក​គោលនយោបាយ​សាធារណៈនៃ​សាលា​ ​Gerald Fort of Public School ​នៃ​សកល​វិទ្យាល័យ​រដ្ឋ​ Michigan ​ស.រ.អា.​បាន​ឆ្លើយ​តប​នឹង​ VOA តាម​អ៊ីមេល​ថា ​អាស៊ាន​ត្រូវ​ការ​វិធាន​ការ​បន្ថែម ​មិនមែន​ពឹង​ផ្អែក​លើ​តែ​វៀតណាម​ និង​ហ្វ៊ីលីពីន​ទេ​ តែ​រដ្ឋាភិបាល​ជា​សមាជិក​សំខាន់ៗ​ផ្សេងៗ​ទៀត​ក៏​ត្រូវ​បង្ហាញពី​ឆន្ទៈ​ក្នុង​ដាក់​ការ​លះបង់​ប្រកប​ដោយ​អត្ថន័យ​ទល់​នឹង​ប្រទេស​ចិន​ដែរ។​

«បើ​ទោះជា​មាន​សេចក្តី​ថ្លែង​ការណ៍​ពី​មេ​ដឹកនាំ​អាស៊ានរិះគន់​យុទ្ធនាការ​កសាង​កោះ​របស់​ចិន​ក្តី ​ក៏​ទំនង​ជា​មិន​អាច​បញ្ឈប់​ការ​ទន្ទ្រាន​ដែន​ទឹក​នេះ​បានដែរ។​ ការ​ពិភាក្សា​ច្រើន​ឡើង​វិញ​តាម​ច្រក​ការទូត​ ដែល​ថា ​ការ​សម្រប​សម្រួល​អាច​នឹង​មាន​ប្រសិទ្ធភាព​នោះ ​គឺ​ត្រូវការ​បញ្ចុះបញ្ចូល​មេដឹកនាំ ចិន​ឲ្យ​យល់​ថា​ការ​កៀប​សង្កត់​ផ្នែក​យោធា​មុនៗនោះ​ មិនមែន​ជា​ការ​ធ្វើ​ឲ្យ​មាន​ផលប្រយោជន៍​ដល់​ចិន​ទេ»។​

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ភាព​តានតឹង​ខ្លះ​ឡើង​វិញ​ ក្រោយ​ពេល​ដែល​កប៉ាល់​ចម្បាំង​ស.រ.អា.ដែលអះអាង​ថា​ ខ្លួនមាន​សេរីភាពក្នុង​ការ​ធ្វើ​នាវាចរណ៍លើ​ដែន​សមុទ្រ​អន្តរជាតិ ​បាន​ជួប​គ្នា​ជាមួយ​កប៉ាល់ល្បាត​ចិន​ ហើយ​ក្រុម​នាវិក​ចិន​ចោទ​ថា​ កប៉ាល់ស.រ.អា.​បាន​ចូល​ក្នុង​ដែន​ទឹក​ចិន។​ ស.រ.អា.បាន​ប្តេជ្ញា​ការពារ​សន្តិសុខ​តំបន់​ ដែល​មាន​សម្ព័ន្ធមិត្ត​របស់​ខ្លួន ​ទោះជា​ចិន​បាន​ហៅ​ ការណ៍​នោះ​ថា ​ជា​ការ​បង្ក​ឲ្យមាន​ភាពតាន​តឹង​ក្តី៕