មេដឹកនាំ​​​អាស៊ី​​គ្រោង​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​​គាំទ្រ​ដោយ​ចិន ខណៈ​​ការ​​បោះឆ្នោត​នៅ​អាមេរិក​នៅ​មិន​ប្រាកដ​ប្រជា

  • ​Reuters

រូបឯកសារ៖ មេដឹកនាំអាស៊ាន ឥណ្ឌា ចិន ជប៉ុន ​កូរ៉េខាងត្បូង​ អូស្ត្រាលី​និង​នូវែលសេឡង់ ថតរូបក្នុងកិច្ចប្រជុំកំពូលលើកទី ៣ ស្តីពី​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​​ក្នុង​តំបន់​ ហៅ​កាត់​ថា RCEP នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

មេដឹកនាំ​អាស៊ី​អាគ្នេយ៍​ចាប់ផ្តើម​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ត្រូវបាន​គេរំពឹង​ថា ​នឹង​នាំឱ្យ​ទៅ​រក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មប្រកប​ដោយ​មហិច្ឆតា​មួយ​ ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​ នៅ​ពេល​ដែល​លទ្ធផល​នៃការ​បោះឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ នៅ​តែ​មិន​ប្រាកដប្រជា ​ដែល​នាំ​ឱ្យមាន​ចម្ងល់​អំពី​ការ​ចូល​រួម​របស់​សហរដ្ឋអាមេរិកនៅ​ក្នុង​តំបន់។ នេះ​បើតាម​ទីភ្នាក់ាងារ​ព័ត៌មាន Reuters។

មេដឹកនាំ​នៃ​សមាគម​អាស៊ាន​ ដែល​មាន​សមាជិក​ ១០ ​ប្រទេស​ ​និង​ប្រទេស​ចិន​ ជប៉ុន ​កូរ៉េខាងត្បូង​ អូស្ត្រាលី​និង​នូវែលសេឡង់ ​គ្រោង​នឹង​បញ្ចប់​ការ​ពិភាក្សា​ស្តីពី​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយក្នុង​តំបន់​ ហៅ​កាត់​ថា RCEP ​នៅ​ថ្ងៃ​អាទិត្យ​នេះ។​

កិច្ចព្រមព្រៀងដែលត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យ​ នៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ានតាមអនឡាញ ដែលមានរយៈពេលបួនថ្ងៃ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ នឹងចំណាយពេលច្រើនឆ្នាំទៀត ដើម្បីបញ្ចប់ ប៉ុន្តែនឹងបន្ថយពន្ធជាបន្តបន្ទាប់ នៅតាមតំបន់ជាច្រើន ហើយអាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។

ប្រទេសទាំង ១៥ ដែលបានចូលរួម គឺមានចំនួនប្រជាជនជិតមួយភាគបីនៃប្រជាជនពិភពលោក ហើយស្មើនឹង ២៩% នៃផលិតផលក្នុងស្រុកសរុបរបស់សាកល។ ប្រទេសចិន គឺជាប្រភពធំបំផុតនៃការនាំចូលនិងគោលដៅសម្រាប់ការនាំចេញរបស់សមាជិកកិច្ចព្រមព្រៀង RCEP នេះ។

លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសវៀតណាម ដែលជាប្រធាននៃកិច្ចប្រជុំអាស៊ាននៅឆ្នាំនេះ បានមានប្រសាសន៍ថា៖ «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងផ្តល់កម្លាំងចលករសម្រាប់ពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសរវាងប្រទេសហត្ថលេខី»។

កិច្ចប្រជុំកំពូលនេះកើតឡើង ស្របពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ទោះបីជាលោក Joe Biden បេក្ខជនគណបក្សប្រជាធិបតេយ្យត្រូវបានព្យាករណ៍ថា ទទួលបានសំឡេងអង្គបោះឆ្នោតលើស ២៧០ ដែលត្រូវការសម្រាប់ការទទួលជ័យជម្នះក៏ដោយ។

លោក Biden ដែលជាអនុប្រធានាធិបតីក្នុងអំឡុងពេលមានគោលនយោបាយ «ងាកទៅរកអាស៊ី» (Pivot to Asia) របស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នោះ ត្រូវបានគេរំពឹងថា នឹងងាកចេញពីរបៀបវារៈ «អាមេរិកជាអាទិភាព» (America First) របស់លោក Trump ហើយនឹងចូលរួមម្តងទៀតយ៉ាងសកម្មនៅក្នុងតំបន់នេះ៕