អ័ព្ទដ៏ក្រាស់បានគ្របដណ្ដប់លើប្រទេសដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតលើលោក ចំនួនពីរ នៅថ្ងៃអង្គារនេះ។ ស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន និងទីក្រុងញូដេលី ប្រទេសឥណ្ឌា បានបង្ហាញលទ្ធផលនៃការបំពុលបរិយាកាស ដែលមានកម្រិតហួសពីកម្រិតគ្រោះថ្នាក់អតិបរមាឆ្ងាយយ៉ាងឆ្ងាយ។
រដ្ឋធានីប៉េកាំងកាលពីថ្ងៃចន្ទនិងនៅថ្ងៃអង្គារនេះ បានស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្នជាលើកទី២អំពីកម្រិតជាតិពុលនៅក្នុងបរិយាកាស។ ការណ៍នេះបានជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ចេញបទបញ្ជាឲ្យរោងចក្រកាត់បន្ថយផលិតកម្មឬបិទទ្វាតែម្តង ហើយតម្រូវឲ្យកាត់បន្ថយយានយន្តចំនួនពាក់កណ្តាលមិនឲ្យធ្វើដំណើរតាមដងផ្លូវនានាក្នុងទីក្រុង ព្រមទាំងបង្គាប់ឲ្យបិទសាលារៀនថែមទៀតផង។
ការប្រកាសអាសន្នលើកដំបូងនៅទីក្រុងប៉េកាំង ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ។ ប៉ុន្តែ ការចេញសេចក្តីប្រកាសអាសន្ននេះមិនមែនមានន័យថា បរិយាកាសនៅទីក្រុងប៉េកាំងនៅពេលនេះមានជាតិពុលច្រើនជាងពេលមុនៗនោះទេ។
លោក Yanzhong Huang អ្នកស្រាវជ្រាវជាន់ខ្ពស់ខាងសុខភាពសកលលោក នៃក្រុមប្រឹក្សាទទួលបន្ទុកទំនាក់ទំនងបរទេសបានមានប្រសាសន៍ថា៖ «មូលហេតុដែលអាជ្ញាធរក្រុងប៉េកាំងសម្រេចចេញសេចក្តីប្រកាសអាសន្ននោះគឺដើម្បីធ្វើឲ្យវិធានការដាច់អហង្ការក្នុងការគ្រប់គ្រងកម្រិតជាតិពុលរបស់ខ្លួនច្រើនថែមទៀត មើលទៅសមហេតុសមផល»។ លោកបន្ថែមថា៖ «ជាការពិតណាស់ ការកំណត់ចំនួនយានយន្ត ដែលចរាចរតាមដងផ្លូវ ពិតជាបានកាត់បន្ថយកម្រិតជាតិពុលនៅក្នុងបរិយាកាសមែន»។
នៅក្នុងរដ្ឋធានីរបស់ឥណ្ឌាវិញ បន្ទាប់ពីកម្រិតបំផុលបរិយាកាសមានលក្ខណៈល្អប្រសើរកាលពី១០ឆ្នាំមុនក្រោយពីមានចំណាត់ការនានាប្រឆាំងនឹងការបំពុលបរិយាកាសនោះមក ឥឡូវនេះទីក្រុងញូវដេលីកំពុងតែឈ្លក់នឹងការខ្យល់ពុលឡើងវិញដែលគេចាត់ទុកថា កម្រិតជាតិពុលនៅទីក្រុងនេះខ្ពស់ជាងគេបង្អស់នៅលើពិភពលោក។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។
លោក Anumita Roychowdhury នាយកប្រតិបត្តិទទួលបន្ទុកខាងការស្រាវជ្រាវនិងការតស៊ូមតិនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបរិស្ថានក្នុងទីក្រុងញូវដេលី បានមានប្រសាសន៍ថា៖ «ការសិក្សានានាបានបង្ហាញថា នៅក្នុងទីក្រុងញូវដេលី ក្មេងម្នាក់ក្នុងចំណោមក្មេងបីនាក់ បច្ចុប្បន្ននេះមានបញ្ហាសួត»។ លោកបន្ថែមថា៖ «ចំនួនក្មេងដែលស្លាប់មុនអាយុពេញវ័យនៅក្នុងទីក្រុងញូវដេលី គឺម្នាក់ក្នុងមួយម៉ោង ដោយសារតែជំងឺដែលទាក់ទងនឹងជាតិពុលក្នុងខ្យល់នេះឯង»៕