ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ទាំង​អស់​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស


លោក Laurent Fabius ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​បារាំង​ និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ ប្រើប្រាស់​ញញួរ​ដើម្បី​បង្ហាញ​ពី​ការ​អនុម័ត​នៃ កិច្ចព្រមព្រៀង។
លោក Laurent Fabius ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​បារាំង​ និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ ប្រើប្រាស់​ញញួរ​ដើម្បី​បង្ហាញ​ពី​ការ​អនុម័ត​នៃ កិច្ចព្រមព្រៀង។

កិច្ច​ប្រជុំ​ដែល​មាន​គណៈ​ប្រតិភូ​តំណាង​មក​ពី​១៩៦​ប្រទេស​ ដែល​បាន​ធ្វើ​ឡើងក្នុង​តំបន់ ​Le Bourget ​ស្ថិត​នៅ​ជាយ​ទីក្រុង​ប៉ារីស​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​កើន​ឡើង​កម្តៅ​ពិភពលោក។

កិច្ចព្រមព្រៀង​នេះ​មាន​គោលដៅ​រក្សា​ការ​កើន​ឡើង​សីតុណ្ហភាព​របស់​ពិភពលោក​ឲ្យ​នៅ​ក្រោម​២​អង្សារសេ ដោយមាន​ផ្តល់​ជា​ថវិកា​ជំនួយ​លើ​ផ្នែក​អាកាសធាតុ​ចំនួន​១០០ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​ក្រីក្រ វាយតម្លៃ​លើ​ការ​វិវត្ត​ជា​រៀងរាល់​៥​ឆ្នាំ​ម្តង និង​កំណត់​កម្រិត​នៃ​ការ​បំភាយ​ឧស្ម័ន​កាបូនិច​ខ្ពស់​បំផុត​ក្នុង​ពេល​ឆាប់ៗ​នេះ។​

កិច្ច​ព្រមព្រៀង​នេះ​បាន​បញ្ចប់​ការ​ចរចា​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​វា​ក៏​ជា​កិច្ច​ព្រមព្រៀង​ស្តី​ពី​អាកាសធាតុ​ដែល​ធំ​បំផុត ចាប់​តាំង​ពី​មាន​អនុសញ្ញា​ទីក្រុង​ក្យូតូ​កាល​ពី​ឆ្នាំ​១៩៩៧​មក។

កាល​ពី​យប់​ថ្ងៃ​សៅរ៍ មួយ​ថ្ងៃ​បន្ទាប់​ពី​កាល​បរិច្ឆេទ​ដែល​បាន​គ្រោង​ទុក​ដោយ​ខ្លួន​ឯង រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​បារាំង​ លោក Laurent Fabius បាន​វាយ​ញញួរ​ឈើ ​និង​ប្រកាស​ថា ​ឯកសារ​កិច្ចព្រមព្រៀង​ជា​លាយលក្ខណ៍​អក្សរ​ដែល​មាន​៣១​ទំព័រ​ ​ត្រូវ​បាន​អនុម័ត​ដោយ​ផ្លូវការ​ជា​ឯកច្ឆ័ន្ទ។ លោក Fabius បាន​មាន​ប្រសាសន៍​ថា «ញញួរ​ឈើ​នេះ​មាន​ទំហំ​តូច​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​រឿង​ធំៗ​ជា​ច្រើន»៕

XS
SM
MD
LG