ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​ព្រួយ​បារម្ភ ក្រោយ​មាន​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង Atlanta រដ្ឋ Georgia

រូបឯកសារ៖ បុរសម្នាក់ចូលរួមធ្វើបាតុកម្មលើកកម្ពស់ការយល់ដឹងអំពីការប្រព្រឹត្តអំពើហិង្សាទៅលើក្រុមជនជាតិអាស៊ី នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​មួយ​ចំនួន​មាន​អារម្មណ៍​តក់ស្លុត នៅ​ពេល​ដែល​ខ្មាន់​កាំភ្លើង​ស្បែក​ស​ម្នាក់​បាន​បាញ់​ប្រហារ​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង Atlanta រដ្ឋ Georgia សម្លាប់​មនុស្ស​អស់ ៨ នាក់ ដែល​ក្នុង​នោះ​មាន ៦ នាក់​ជា​ស្ត្រី​ជាតិ​សាសន៍​អាស៊ី។

ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​រាប់​រយ​នាក់​បាន​បង្ហាញ​ការ​ខឹង​សម្បារ ក្ដី​សោកសៅ ការ​ភ័យ​ខ្លាច និង​ភាព​អស់​សង្ឃឹម​នៅ​លើ​បណ្ដាញ​សង្គម​តាម​អនឡាញ។

អ្នកស្រី Aisha Yaqoob Mahmood នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​តស៊ូ​មតិ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី (Asian American Advocacy Fund) នៅ​ទីក្រុង Atlanta បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​អស់​សង្ឃឹម​គឺ​ដោយសារតែ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​បាន​លើកឡើង​អំពី​បញ្ហា​នេះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ»។

មនុស្ស​ជា​ច្រើន​ក៏​មាន​ការ​ខឹង​សម្បារ​ផងដែរ ​ដែល​ជន​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នេះ​ឈ្មោះ Robert Aaron Long អាយុ ២១ ឆ្នាំ មិន​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ភ្លាមៗ​ពី​បទ​ឧក្រិដ្ឋ​ស្អប់​គុំកួន។

អាជ្ញាធរ​បាន​និយាយ​ថា ជន​នេះ​បាន​ប្រាប់​ប៉ូលិស​ថា ការ​បាញ់​ប្រហារ​នេះ​មិន​មែន​ធ្វើ​ឡើង​ដោយ​ការ​ស្អប់​គុំកួន​ជាតិ​សាសន៍​នោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឡើង​សំដៅ​លើ​ហាង​ស្ប៉ា​ដោយសារតែ​ខ្លួន «ញៀន​នឹង​រឿង​ផ្លូវ​ភេទ»។

អ្នកស្រី Margaret Huang ដែល​ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល Southern Poverty Law Center បាន​បញ្ជាក់​ថា សមត្ថកិច្ច​ចាំបាច់​ត្រូវ «ហ្វឹកហ្វឺន​ស្វែង​យល់​បន្ថែម​អំពី​អ្វី​ដែល​ជា​បទ​ឧក្រិដ្ឋ​ស្អប់​គុំកួន។ ជន​សង្ស័យ​នេះ​សំដៅ​វាយ​ប្រហារ​លើ​តែ​ហាង​ណា​ដែល​គ្រប់គ្រង​ដោយ​ជាតិ​សាសន៍​អាស៊ី»។

អ្នកស្រី​បាន​បន្ថែម​ថា ករណី​ដែល​អាជ្ញាធរ​មិន​ចាត់ទុក​ការ​វាយ​ប្រហារ​នេះ​ថា​ជា​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន វា​នឹង «បង្អាក់​ទឹកចិត្ត​ទាំង​ស្រុង​ដល់​អ្នក​ដទៃ​នៅ​ក្នុង​ការ​ស្វែងរក​ជំនួយ»៕