មេដឹកនាំនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានអំពាវនាវនៅថ្ងៃព្រហស្បត៍នេះឲ្យមានពាណិជ្ជកម្មបើកចំហនិងពហុភាគី ដើម្បីគាំទ្រដល់សេដ្ឋកិច្ចសាកលលោកដែលត្រូវបានរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩។ មេដឹកនាំខ្លះក្នុងចំណោមនោះសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀតជាមួយសហរដ្ឋអាមេរិកនៅក្រោមរដ្ឋបាលរបស់លោក Joe Biden។
ប្រធានាធិបតីចិនលោក Xi Jinping ស្ថិតនៅក្នុងចំណោមមេដឹកនាំទាំងនោះនៅក្នុងកិច្ចប្រជុំតាមអនឡាញនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC) ដែលមានប្រទេសចំនួន ២១ ជាសមាជិក។
លោក Xi Jinping បានច្រានចោលនូវទស្សនៈដែលគាំពារតែទំនិញក្នុងប្រទេស និងបាននិយាយថា សាកលភាវូបនីយកម្មគឺ «មិនអាចប្រែក្រឡាស់» បានឡើយ។ លោកថ្លែងដូច្នេះក្នុងពេលមួយថ្ងៃ មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំនោះ។
លោក Xi Jinping បានបញ្ជាក់នៅក្នុងវេទិកាមួយរបស់ APEC មុនកិច្ចប្រជុំ APEC ដែលនឹងត្រូវធ្វើឡើងតាមអនឡាញនៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលមកដល់នៅថ្ងៃសុក្រស្អែកនេះថា៖ «យើងនឹងមិនធ្វើបញ្ច្រាសឬប្រឆាំងនឹងនិន្នាការប្រវត្តិសាស្ត្រដោយការបង្កើតក្រុមតូចមួយ ហើយទុកប្រទេសផ្សេងទៀតចោលនោះទេ»។
លោក Xi Jinping បានបន្ថែមទៀតថា៖ «ចិននឹងនៅតែតាំងចិត្តចំពោះការបើកចំហនិងកិច្ចសហប្រតិបត្តិការ ហើយនឹងប្រកាន់ខ្ជាប់នូវទស្សនៈពហុនិយម និងគោលការណ៍នៃការពិគ្រោះយោបល់ដ៏ទូលំទូលាយ ការធ្វើវិភាគទានរួមគ្នា និងការចែករំលែកផលប្រយោជន៍»។
លោកប្រធានាធិបតី Trump បានដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មការពារទំនិញក្នុងប្រទេស ចាប់តាំងពីបានចូលកាន់តំណែងនៅដើមឆ្នាំ ២០១៧ មក។ គោលការណ៍ទាំងនោះរួមមានផងដែរនូវការយកពន្ធគយដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារលើទំនិញរបស់ចិន ដែលបានធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំជាងគេបង្អស់ទាំង ២ នេះនៅលើពិភពលោក៕