អ្នកជំនាញប្រជាសាស្រ្តនិយាយថា អាស៊ីកំពុងមានការប្រែប្រួលប្រជាសាស្រ្តដ៏ធំបំផុតក្នុងពេលថ្មីៗនេះ ដែលចំនួនប្រជាជនអាយុលើសពី៦៥ឆ្នាំនឹងកើនឡើងពី៣០០លានដល់ប្រមាណ១ប៊ីលាន (១ពាន់លាន) នៅឆ្នាំ២០៥០។ រដ្ឋាភិបាលនៃតំបន់នេះត្រូវបានបង្ខំឲ្យធ្វើការផ្លាស់ប្តូរគោលនយោបាយមួយចំនួន ដែលមានដូចជាការថែទាំផ្នែកសុខាភិបាល អាយុចូលនិវត្តន៍ និងប្រាក់ចូលនិវត្តន៍ ដើម្បីទប់ទល់នឹងការប្រែប្រួលប្រជសាស្រ្តដ៏ឆាប់រហ័សមួយនេះ។
នៅក្នុងបន្ទប់ទទួលអ្នកជំងឺនៃមន្ទីរពេទ្យសាធារណៈមួយក្នុងក្រុងបាងកក អ្នកជំងឺវ័យជរាសម្រាន្តលើគ្រែមន្ទីរពេទ្យរង់ចាំការចុះឈ្មោះ និងទទួលការពិនិត្យព្យបាល។ នេះជាទិដ្ឋភាពប្រចាំថ្ងៃរបស់មន្ទីរពេទ្យ និងជាទិដ្ឋភាពកំណត់សម្គាល់បញ្ហាប្រឈមផ្នែកសុខាភិបាល និងសង្គមដែលប្រទេសថៃនឹងប្រឈមជាមួយនឹងចំនួនប្រជាជនវ័យចំណាស់។
នៅប្រទេសថៃ ចំនួនប្រជាជនដែលមានអាយុ៦៥ឆ្នាំឡើងទៅគឺលើសពី១០ភាគរយនៃចំនូនប្រជាជនសរុបចំនួន៦៧លាននាក់។ ធនាគារពិភពលោក ប៉ាន់ស្មានទុកជាមុនថានៅឆ្នាំ២០៤០ អ្នកដែលមានអាយុលើសពី៦៥ឆ្នាំនឹងកើនឡើងដល់១៧លាននាក់ ដែលនេះជាចំនួនលើសពីមួយភាគបួននៃប្រជាជនសរុប។
លោក Porametee Vimolsiri អគ្គលេខាធិកានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ និងសេដ្ឋកិច្ចជាតិ (NESDB) ដែលជាស្ថាប័នស្រាវជ្រាវរបស់រដ្ឋ និយាយថា ប្រជាជនដែលមានអាយុកាន់តែជរាជាឧបសគ្គគោលនយោបាយមួយដែលត្រូវតែដោះស្រាយ។
«ប្រសិនបើប្រៀបធៀបនឹងប្រទេសលោកខាងលិច ប្រជាជនវ័យចំណាស់របស់យើងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ទោះបីជាវាមានចំនុចប្រហាក់ប្រហែលគ្នាទៅនឹងប្រទេសមួយចំនួនដែលធ្លាប់ប្រឈមមុខនឹងស្ថានភាពនេះពីមុនក្តី យើងឃើញការប្រែប្រួលយ៉ាងច្រើននៅប្រទេសថៃ ហើយក្នុងពេលដែលយើងមិនមែនជាប្រទេសមានចំណូលខ្ពស់ យើងមិនមែនជាប្រទេសអ្នកមាន ដូចនេះវាជាបញ្ហាដ៏ធំមួយ»។
ប្រទេសចិនក៏កំពុងប្រឈមមុខនឹងបញ្ហាប្រជាជនវ័យចំណាស់ដែលកើនឡើងយ៉ាងឆាប់រហ័សដែរ ខណៈពេលដែលប្រទេសជប៉ុនបានរាយការណ៍ថាប្រមាណ៣០ភាគរយនៃប្រជាជនសរុបរបស់ខ្លួនមានអាយុលើសពី៦០ឆ្នាំ។ ហុងកុង កោះតៃវ៉ាន់ កូរ៉េខាងត្បូង និងសិង្ហបុរីក៏ប្រឈមមុខនឹងនិន្នាការស្រដៀងគ្នានេះដែរ។
អតីតអ្នកសេដ្ឋកិច្ចនៃធនាគាពិភពលោក លោកស្រី Kirida Bhaopichitr ដែលឥឡូវជាប្រធានស្រាវជ្រាវនៃអង្គការស្រាវជ្រាវឯកជនមួយ ដែលហៅថា វិទ្យាសា្ថនស្រាវជ្រាវការអភិវឌ្ឍប្រទេសថៃ (TDRI) និយាយថា ផលប៉ះពាល់មួយ គឺការធ្លាក់ចុះយ៉ាងឆាប់រហ័សនូវកម្លាំងពលកម្មសម្រាប់ប្រទេសជាច្រើន។
«ដូច្នេះ ប្រទេសជាច្រើនក្នុងអាស៊ីបូព៌ា ដែលមានមនុស្សចាស់ច្រើន កម្លាំងពលកម្មនឹងធ្លាក់ចុះ។ នៅប្រទេសថៃ យើងព្យាករណ៍ថា កម្លាំងពលកម្មនឹងធ្លាក់ចុះលើសពី១០ភាគរយក្នុងចន្លោះឆ្នាំ២០១០ និង២០៤០។ រីឯ នៅប្រទេសកូរ៉េនឹងមានការធ្លាក់ចុះលើសពី១៥ភាគរយ។ ដូចនេះក្រុមប្រជាជនដែលមានអាយុពី១៥ទៅ ៦៤ឆ្នាំនឹងថយចុះ»។
លោក Eduardo Klien ប្រធានអង្គការអន្តរជាតិ HelpAge ប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកនិយាយថា ការប្រែប្រួលនៃប្រជាសាស្រ្តនឹងមានផលប៉ះពាល់ដ៏ខ្លាំងដល់សង្គមនៃតំបន់នេះ។
«ការប្រែប្រួលនៃប្រជាសាស្រ្តនេះកំពុងផ្លាស់ប្តូររូបរាងសង្គមរបស់យើង។ ហើយនេះប្រហែលជាការផ្លាស់ប្តូរប្រជាសាស្រ្តដែលឆាប់រហ័សបំផុតដែលបានកើតមានក្នុងប្រវត្តិសាស្រ្ត។ បច្ចុប្បន្ននេះវាជាឧបសគ្គធំមួយសម្រាប់អ្នករៀបគម្រោងសង្គម និងសេដ្ឋកិច្ច ក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច ក្នុងគ្រួសារ ឥរិយាបថបុគ្គល និងក្នុងប្រព័ន្ធអប់រំ»។
លោក Klien និយាយថា ការសា្រវជ្រាវមួយរបស់អង្គការសហប្រជាជាតិទៅលើប្រទេសវៀតណាម បានរកឃើញថា នៅឆ្នាំ២០៣០ ជំនួយប្រាក់សោធននិវត្តន៍របស់ប្រទេសវៀតណាមនឹងត្រូវកាត់ផ្តាច់ទាំងស្រុង។
នៅប្រទេសចិន គោលនយោបាយរបស់រដ្ឋាភិបាល គឺផ្តល់ការថែទាំដល់ប្រជាជនវ័យចំណាស់ចំនួន៩០ភាគរយនៅផ្ទះ ៧ភាគរយនៅក្នុងសហគមន៍ និង៣ភាគរយដល់គ្រួសារដែលចូលនិវត្តន៍។
លោកស្រី Kirida និយាយថា ការផ្លាស់ប្តូរគោលនយោបាយដែលនឹងត្រូវប្រតិបត្តិមានដូចជាការបង្កើនអាត្រាកំណើត បង្កើនការចូលរួមកម្លាំងពលកម្មពីស្រ្តី ពន្យារអាយុធ្វើការរបស់បុគ្គលិកវ័យចំណាស់ និងអនុញ្ញាតអន្តោប្រវេសន៍ចូលប្រទេស ថែមទាំងត្រូវរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដើម្បីជម្នះឧបសគ្គក្នុងពេលអនាគត។
អ្នកវិភាគនិយាយថា ប្រទេសហ្វីលីពីន ឥណ្ឌា កម្ពុជា និងឡាវមានទម្រង់ប្រជាជនវ័យក្មេងនៅឡើយ ហើយទើបតែចាប់ផ្តើមមានការផ្លាស់ប្តូរប្រជាសាស្រ្តប៉ុណ្ណោះ៕
ប្រែសម្រួលដោយ វិញ សុជាតា