ទីផ្សារភាគហ៊ុន Futures របស់អាមេរិកបានកើនតម្លៃក្នុងថ្ងៃសុក្រនេះ ដោយទីផ្សារ Dow Jones បានរើបឡើងបន្តិច ដែលនេះមានន័យថានឹងមានការកើនតម្លៃនៅពេលបើកទីផ្សារជួញដូរ។ ទីផ្សារ S&P បានកើនកន្លះភាគរយហើយទីផ្សារ Nasdaq កើនជិត២ភាគរយ។
ទីផ្សារអឺរ៉ុបនិងអាស៊ីក៏មានការកើនតម្លៃខ្លាំងដែរ ខណៈដែលលោកប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍អំពីគម្រោងបើកសេដ្ឋកិច្ចអាមេរិកជាបណ្តើរៗឡើងវិញ។ សេចក្តីរាយការណ៍អំពីថាអាចមានថ្នាំព្យាបាលជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនអាមេរិក Gilead Science Inc. ក៏រួមចំណែកដល់ប្រតិកម្មវិជ្ជមានរបស់ទីផ្សារដែរ។
អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Chicago និយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ពួកគេបានសង្កេតឃើញមាន«ការធូរស្បើយយ៉ាងឆាប់»ក្នុងចំណោមអ្នកជំងឹកូវីដ១៩ចំនួន១២៥នាក់ដែលបានប្រើថ្នាំឈ្មោះ remdesivir របស់ក្រុមហ៊ុន Gilead Sciences Inc ជាផ្នែកមួយនៃការព្យាបាលសាកល្បង។
ចំណែកទីផ្សារនៅអាស៊ីវិញហាក់មិនប្រតិកម្មអ្វីទៅនឹងព័ត៌មានអំពីឱនភាពសេដ្ឋកិច្ចចិនក្នុងអំឡុងត្រីមាសទី១នៃឆ្នាំ២០២០ ដែលជាការថយចុះមិនធ្លាប់មានអស់ច្រើនទសវត្សរ៍។
នៅប្រទេសអូស្ត្រាលីទីផ្សារ S&P/ASX បានបិទដោយកើនតម្លៃ១,៤១%ខ្ពស់ជាងមុន។
ទីផ្សារ Nikkei របស់ជប៉ុនបានកើនតម្លៃ៣,១៥% ហើយទីផ្សារ TSEC របស់តៃវ៉ាន់បានកើន២,១៤%។ ទីផ្សារ Hang Seng របស់ហុងកុងនិងផ្សារ Mumbai Sensex របស់ឥណ្ឌាកើនជាង១,៥%រៀងៗខ្លួន ខណៈដែលផ្សារ Composite Index របស់ក្រុងសៀងហៃកើនតិចជាង១ភាគរយ៕