ស្ទង់មតិ៖ អំពើ​រំលោភ​បំពាន​លើកុមារ​ភាគ​ច្រើនប្រព្រឹត្ត​ដោយ​គ្រួសារ​និង​សាច់​ញាតិ

  • Ron Corben

កុមារ​ខ្មែរ​ដើរ​នៅ​លើ​ផ្លូវ​បែកភក់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ក្រោយពី​ពួកគេ​បាន​ចូលរួម​ក្នុង​ពិធី​ប្រារព្វ​ទិវា​កុមារ​អន្តរជាតិ​មួយ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ។​

ប្រទេស​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ស្ទង់មតិ​ដែល​គាំទ្រ​ដោយ​អ.ស.ប.​អំពី​អំពើ​ហិង្សា​លើ​កុមារ ​ហើយ​បានរក​ឃើញ​ថា ​អំពើ​រំលោភ​បំពាន​ភាគ​ច្រើន​ធ្វើឡើង​ដោយ​គ្រួសារ​ និង​មនុស្ស​ពេញ​វ័យ​ ដែល​ជា​សាច់​ញាតិ។​

ការ​ស្ទង់មតិនៅ​ប្រទេស​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​អ.ស.ប.​ ស្តី​អំពី​ទំហំនៃអំពើ​ហិង្សា​លើកុមារបាន​រក​ឃើញ​ថា ​មាន​ការ​រំលោភ​បំពាន​ច្រើន​គ្មាន​ការ​ទប់ទល់​ ដែល​បំពាន​លើ​សតិ​អារម្មណ៍​ ផ្លូវភេទ​ និង​រាងកាយ​របស់​កុមារ ដោយ​មាន​ជាង​ពាក់​កណ្តាល​នៃ​ក្មេង​មិន​ទាន់​ពេញវ័យ​ ត្រូវ​ប្រឈម​នឹង​អំពើ​ហិង្សា​ខាង​រាងកាយ​តាម​ទម្រង់​ផ្សេងៗ​មុន​ពេល​គេ​មាន​អាយុ​១៨​ឆ្នាំ។​

ការ​ស្ទង់​មតិ​ដែល​មាន​ការ​គាំទ្រ​ដោយ​រដ្ឋាភិបាល​កម្ពុជា​នេះ​ បាន​រក​ឃើញ​ថា ​មួយ​ភាគ​៤​នៃ​កុមារ​គឺ​ជា​មុខ​សញ្ញា​នៃ​ការ​រំលោភ​បំពាន​ខាង​សតិ​អារម្មណ៍​ ហើយ​អ្នក​បំពាន​ច្រើន​តែ​ជា​ឪពុក​ម្តាយ​ឬ​សាច់​ញាតិ​ជិត​ស្និទ្ធ​ ហើយ​មាន​៥%​ទៀត ​ទាំងប្រុស​ទាំងស្រី​ បាន​រាយ​ការណ៍​អំពី​ការ​រំលោភ​ផ្លូវ​ភេទ​ពេលនៅ​ជា​កុមារ។​

អ្នកស្រី ​Marta ​Santos ​Pais អ្នក​តំណាង​ពិសេស​របស់​អ.ស.ប.​អំពី​ការ​រំលោភ​លើ​កុមារ​ និយាយ​ថា ​ការ​រក​ឃើញ​ក្នុង​ការ​ស្ទង់មតិ​នេះ​ឆ្លុះ​បញ្ចាំង​ពីការ​ដែល​ក្មេង​ច្រើន​តែ​នៅស្ងៀម​ មិន​តវ៉ា​ប្រឆាំង​នឹង​ការ​បំពាន​នេះ​ទេ​ ដែល​ជា​លទ្ធផល ​វា​អាច​នឹង​បន្តឲ្យ​មាន​អំពើ​ហិង្សា​រហូត​ដល់​ជំនាន់​ក្រោយៗ​ទៀត។​

«កង្វល់​ដ៏​សំខាន់​មួយ​គឺ​ថា ​មាន​ក្មេងស្រី​ជាង​៥០%​ និង​ក្មេង​ប្រុស​ជាង​៩០%​ និយាយ​ថា​ គេ​មាន​អារម្មណ៍ពិបាក​ណាស់ក្នុង​ការ​និយាយ​ប្រាប់​គេ​ឯង​អំពី​ស្ថាន​ការណ៍​នៃ​អំពើ​ហិង្សា​នេះ។ ​គេ​មិន​និយាយ​ប្រាប់​អ្នក​ណា​ទេ។​ គេ​លាក់​ទុក​ក្នុង​ចិត្ត​របស់​គេ ​ហើយ​គេមាន​ជំងឺ​បាក់ស្បាត​ច្រើន​ឡើងៗ។ ហើយ​នេះ​ជា​ហេតុផល​មួយ​នៃ​ហេតុផល​នានា ​ដែល​នៅ​កន្លែង​ច្រើនណាស់យើង​ឃើញ​មាន​ការ​បន្ត​អំពើ​ហិង្សា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ»។

លទ្ធផល​នេះ​ធ្វើឡើង​ដោយ​ផ្អែក​តាម​បទ​សម្ភាសន៍​ជា​មួយ​ជន​ជាតិ​ខ្មែរ​២៥០០​នាក់ ​អាយុ​ពី​១៣​ឆ្នាំ​ទៅ​២៤​ឆ្នាំ។ ​មន្ត្រី​នានា​និយាយ​ថា​ លទ្ធផល​នេះ​គឺជា​ជំហាន​ធំមួយ​ក្នុង​ការ​ស្ទង់មតិ​អំពី​ទំហំនៃ​ការ​រំលោភ​បំពាន​លើ​កុមារ​ និង​មនុស្ស​វ័យ​ក្មេង។​

នៅ​តំបន់​អាស៊ី អ្នកស្រី ​Santos Pais​ ក៏​បាន​ជួប​ជាមួយ​រដ្ឋាភិបាលប្រទេស​ឡាវ​ផង​ដែរ​ ដែល​កំពុង​ធ្វើ​ផែនការ​សកម្ម​ភាព​ជាតិ​អំពី​អំពើ​ហិង្សា​លើស្ត្រី​និង​កុមារ។​ អ្នកស្រី​និយាយ​ថា ​ផែនការ​នេះ​សង្ឃឹម​ថា ​នឹង​បាន​ការ​គាំទ្រ​ពី​ច្បាប់​ថ្មី ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ពិភាក្សា​នៅ​សភា​ ហើយ​ដែល​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​កុមារ។​

ស.រ.អា.​ និង​សហភាព​អឺរ៉ុបបានធ្វើ​ការ​សិក្សា​អំពី​អំពើ​ហិង្សា​លើ​កុមារ​ ហើយ​បាន​ចាត់​វិធានការ​តាម​នីតិ​វិធី​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ទទួល​ខុសត្រូវ​ ហើយ​ជួយ​ជន​រងគ្រោះ​ទប់ទល់​នឹង​ជំងឺ​បាក់​ស្បាត។​

អ្នកស្រី ​Santos​ Pais​ និយាយ​ថា​ ប្រទេស​នានា​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​បង្កើន​វិធាន​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​ហើយ។​

«ដូច​នេះ​យើង​ឃើញ​ថា​ លទ្ធផល​នេះ​គឺគ្រាន់តែ​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​បញ្ហា​ដ៏​ធំ​ ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ ​ហើយ​បញ្ហា​នេះ​វា​មិន​ខុស​គ្នា​ទេ​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ តែ​នៅ​ក្នុង​តំបន់​នេះ​ យើង​មាន​ការ​លើក​ទឹក​ចិត្ត​ ដោយ​មាន​កត្តា​មួយ​ចំនួន​ជំរុញ​ទឹកចិត្ត​យើង​គឺ​ប្រទេស​ភាគ​ច្រើន​បំផុត​បាន​យក​ចិត្តទុក​ដាក់​ច្រើនណាស់​នៅ​ក្នុង​គោល​នយោបាយ​ ដែល​គេ​កំពុង​ដាក់​ចេញ»។​

របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​មួយ​ឈ្មោះ ​Copenhagen Consensus Center​ ដែល​ជា​អង្គការ​ឯករាជ្យ​មិន​រក​កម្រៃ​ បាន​វាយ​តម្លៃ​ថា​ ការ​រំលោភ​បំពានលើ​កុមារ​នាំឲ្យ​ខាត​បង់​ទឹក​ប្រាក់​អស់​៣,៦​លាន​លាន​ដុល្លារដែល​ការ​បំពាន​ភាគ​ច្រើន​កើត​មាន​នៅ​ក្នុង​ផ្ទះ​ ហើយ​តំបន់​ដែល​ជា​បន្ទុក​នៃ​ការ​ខាតបង់​ច្រើន​បំផុត​គឺ​តំបន់​មជ្ឈឹម​បូព៌ា​ តំបន់​អាហ្វ្រិក​ខាងជើង ​តំបន់​អាស៊ី​ខាងត្បូងនិង​តំបន់​សាហារ៉ា​អាហ្វ្រិក​ខាងត្បូង។

ការ​ចំណាយ​គឺសម្រាប់ការ​ព្យាបាល​ អន្តរាគមន៍របស់​បុគ្គលិក​សង្គម​កិច្ច​ សម្រាប់ការ​ស្តារ​សម្បទា​ឡើង​វិញ ​និង​សម្រាប់​សមាហរណ​កម្ម​ក្មេង​មាន​ជំងឺ​បាក់​ស្បាត​ឲ្យ​ចូល​ជាមួយ​សង្គម​ទូទៅ ​ឬ​សម្រាប់​ពេល​គេ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ផ្លូវភេទ​ និង​ការ​ព្យាបាល​ដោយ​ពេទ្យ។​

ប៉ុន្តែ​អ្នក​ស្រី ​Santos Pais ​និយាយ​ថា​ ការ​ស្ទង់​មតិ​ទូទាំង​សកល​លោក​អំពី​ការ​រំលោភ​បំពាន​លើ​កុមារ​ នៅ​ក្នុង​គ្រួសារ ​និង​នៅ​តាម​សាលារៀន​នេះ​ចង្អុល​បង្ហាញ​អំពី​ការ​ងារ​វែង​ឆ្ងាយ​ទៀត ​គឺ​ការ​ស៊ើប​អង្កេត​អំពី​ស្ថាន​ការណ៍​នេះ​នៅតាម​ស្ថាប័ន​នានា​ ដែល​មាន​ពហុ​លក្ខណៈ ​សម្រាប់​គាំពារ ​និង​ការពារ​កុមារ ​ហើយ​នឹង​អ្នក​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ប្រព័ន្ធ​យុត្តិធម៌៕​

​លោក​ពិន ស៊ីសុវណ្ណ​ប្រែ​សម្រួល