មេ​ដឹកនាំ​យុវជន​អាស៊ាន​ចូលរួម​សិក្ខា​សាលា​​អំពី​បរិសា្ថន​គាំទ្រ​ដោយ​ស្ថានទូត​អាមេរិក

  • នៅ វណ្ណារិន

អ្នក​ចូល​រួម អាយុ​ពី ១៨ ទៅ ២៥ ឆ្នាំ​ មក​ពី​ប្រទេស​ប្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម ថត​រូបថត​ជា​ក្រុម​មួយ​ក្នុង​ពិធី​បើក​សិក្ខាសាលា​បរិស្ថាន «YSEALI Generation: EARTH‍» ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ខេត្ត​សៀមរាប ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។ (ផ្តល់​ឲ្យ​ដោយ​ស្ថានទូត​អាមេរិក​ភ្នំពេញ)

នា​ថ្ងៃ​ពុធ​នេះ​ មេដឹក​នាំយុវជន​៧២​រូប​ មក​ពី​ប្រទេស​សហគមន៍​ប្រជាជាតិ​ អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា ASEAN ​ទាំង​១០ប្រទេស បាន​មក​ជួបជុំ​គ្នា​នៅ​ខេត្ត​សៀមរាប​ដើម្បី​ពិភាក្សា​ប្តូរ​យោបល់​ និង​រិះរក​មធ្យោបាយ​សម្រាប់​ការពារបរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុក្នុង​តំបន់។​

សិក្ខាសាលា​រយៈពេល​៤​ថ្ងៃ​ស្តីពី​កម្ម​វិធី​«គំនិត​ផ្តួច​ផ្តើម​នៃ​មេ​ដឹក​នាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍៖​ផែនដី» ​ឬ​ក៏​ YSEALI ​Generation: ​Earth ​នេះ​ ​បើក​ឱកាស​ឲ្យយុវជន​នៅ​ក្នុង​តំបន់​ធ្វើ​ការ​ផ្លាស់​ប្តូរ​គំនិត​ ប្រាស្រ័យ​ទាក់ទង​ និង​ធ្វើ​ការ​សហការ​គ្នា​ក្នុង​ការ​រិះរក​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ លើ​បញ្ហា​ប្រឈម​នា​នា​ផ្នែក​បរិស្ថាន។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ។​

សិក្ខាសាលាដែល​គាំទ្រ​ថវិកា​ដោយ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជានេះ​ក៏​បាន​បើក​ឱកាស​ឲ្យ​យុវជន​ទាំង​នោះ​បាន​សិក្សា ​និង​ផ្លាស់​ប្តូរបទ​ពិសោធន៍​ពី​ដៃ​គូ​និង​អ្នក​ជំនាញ​ពី​សហរដ្ឋ​អាមេរិកផង​ដែរ​ តាមរយៈ​បទ​បង្ហាញ​ផ្សេងៗ​អំពី​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន និង​កិច្ច​អភិវឌ្ឍន៍​ដោយ​និរន្តរភាព។

ក្នុង​ចំណោម​តំណាង​យុវជន​ទាំង​៧២​រូប​ រួម​មាន​យុវជន​ចំនួន​១៨មក​ពី​ប្រទេស​កម្ពុជា ​ក្រៅ​ពី​នោះ​គឺ​យុវជន​មក​ពី​ប្រទេស​អាស៊ាន​ទាំង​៩​ផ្សេង​ទៀត។​ ប្រទេស​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​ទាំង​១០ ​រួម​មាន​កម្ពុជា​ វៀតណាម​ ឡាវ​ ថៃ​ ហ្វីលីពីន​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ ប្រ៊ុយណេ​ សិង្ហបុរី​ និង​ប្រទេស​ភូមា។

លោក​ ហុង មួយហេង ​ដែល​ជា​អ្នក​ណែនាំ​តំណាង​យុវជន​កម្ពុជា​ ​បាន​ឲ្យ​ដឹង​ថា ​មាន​ការធ្វើ​បទ​បង្ហាញ​ទាក់ទិន​នឹង​ការ​ចូលរួម​របស់​សាធារណជន​ និង​ក្រុម​ហ៊ុន​ឯកជន​ក្នុង​កិច្ច​ការពារ​បរិស្ថាន​ និង​អភិវឌ្ឍន៍ ហើយ​ក៏​មាន​ការ​លើក​ជា​មតិ​យោបល់​ជា​ច្រើន​ពី​យុវជន​ដែល​ចូលរួម​នោះ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ទឹក​ស្អាត​នៅ​តំបន់​ដែល​ខ្វះខាត​មួយ​ចំនួននៅ​ជុំវិញ​បឹង​ទន្លេសាប។​

«និយាយ​ឲ្យ​ចំ​ អ្នក​ចូលរួម​ទាំង​អស់​បាន​ពិភាក្សា​យ៉ាង​ផុសផុល​មែនទែន​ ហើយ​គាត់​លើក​ជា​គម្រោងផ្សេងៗ​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង។​

មាន​ក្រុម​ខ្លះ​បាន​លើក​ជា​គម្រោងធ្វើ​អាង​ទឹក​ស្អាត។​ ក្រុម​ខ្លះ​បាន​លើក​ជា​គម្រោង​អណ្តូង​ទឹក។ ហើយ​ក្រុម​ខ្លះ​លើក​ចេញ​ជា​ការ​ប្រមូល​ចំណូល​ពី​ប្រភព​ផ្សេងៗ។​ មាន​ក្រុម​មួយ​នោះ​ គេ​លើក​ពី​ប្រព័ន្ធ​មួយ​នោះ​ដែល​កែ​ច្នៃ​ពី​ទឹក​ប្រៃ​មក​ទឹក​សាប»។​

លោក​ទិន ពន្លក​ អគ្គនាយក​រង​នៃ​ក្រសួង​បរិស្ថានដែល​បាន​ចូលរួម​បើក​សិក្ខា​សាលា​នេះ ​បាន​ប្រាប់​វីអូអេ​ខេមរ​ភាសា​តាម​រយៈ​ទូរសព្ទ​ពី​ខេត្ត​សៀមរាប​មក​ថា ​បញ្ហា​បរិស្ថានគឺ​ជា​រឿង​ដ៏​សំខាន់​សម្រាប់យុវជន​ក្នុង​តំបន់​និង​ពិភពលោក​ ជាពិសេស​ការ​ឡើង​កំដៅ​ពិភពលោក​ ឬ ​Global Warming​ ដែល​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រ​ជាជន​ជាច្រើន។

«សំខាន់​ណាស់​ ដែល​យុវជន​ឥឡូវ​ហ្នឹង​គឺ​ត្រូវ​ចូលរួម​ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ អ្នក​ជំនាន់​ចាស់ធ្វើអី្វ​ខ្លះ​ដែល​ត្រូវ​ ហើយធ្វើអ្វី​ខ្លះ​ដែល​ខុស ដើម្បី​ចៀស​វាង​បញ្ហា​ទាំង​នោះ​ទៅ​ថ្ងៃ​មុខ​ទៀត​ នៅ​ពេល​ដែល​គាត់​ស្នង​តំណែង​ជា​អ្នក​ដឹកនាំ​ហ្នឹង​ណា៎។​ ​ ហើយ​ការ​សហការ​ជាមួយ​ប្រទេស​នានា​ហ្នឹង​គឺ​ជា​ការ​ចាំបាច់​ ដែល​បញ្ហា​ទាំង​នោះ​គឺ​វា​ពាក់​ព័ន្ធ​គ្នា»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្ម​វិធី​«គំនិត​ផ្តួចផ្តើម​នៃ​មេ​ដឹក​នាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍»​ ឬ​ក៏​ YSEALI ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​លោកបារ៉ាក់​ អូបាម៉ា ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិកចាប់​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ។​ ​កម្ម​វិធី​នេះ​គឺ​ជា​ការ​ប្តេជ្ញា​របស់​សហ​រដ្ឋ​អាមេរិកក្នុង​ការ​ជួយ​ជ្រោមជ្រែង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​វិបុលភាព ​និង​និរន្តរ​ភាព៕