អាស៊ាន​ជំរុញ​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ទាក់ទិន​នឹង​រឿង​តៃវ៉ាន់

រូបថតជាក្រុម​នៃ​អ្នក​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានីភ្នំពេញ ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២។

លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន (ASEAN) បាន​បង្ហាញ​ក្ដី​បារម្ភ​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​ភាព​តានតឹង​កើនឡើង​ទាក់ទិន​នឹង​រឿង​តៃវ៉ាន់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក គង់ ភោគ បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញថា អាស៊ាន​សង្ឃឹម​ថា គ្រប់​ភាគី​ទាំង​អស់​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​ពាក់ព័ន្ធ​នឹង​រឿង​តៃវ៉ាន់ និង​បញ្ចៀស​នូវ​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឱ្យ​ស្ថានការណ៍​នេះ​កាន់តែ​យ៉ាប់យ៉ឺន​ឡើង។

​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ​ កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​តំបន់​សំខាន់​មួយ ហើយ​ការ​បញ្ជាក់​របស់មន្ត្រីកម្ពុជា​រូប​នេះ កើត​មាន​ឡើង​ក្រោយ​ពី​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi បាន​សម្រេចធ្វើ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​កាល​ពី​យប់​ថ្ងៃ​អង្គារ ថ្វី​បើ​មាន​ការ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ពី​ប្រទេស​ចិន​ក៏​ដោយ។

លោកស្រី​បាន​ចាកចេញ​ពី​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ពុធ ក្រោយ​ពី​បាន​ជួប​ជាមួយ​ប្រធានាធិបតី​និង​សមាជិក​សភាតៃវ៉ាន់​ និង​បានសន្យា​ថា​សហរដ្ឋ​អាមេរិក​នឹង​មិន​បោះបង់​ចោល​តៃវ៉ាន់​ទេ។

ទី​ភ្នាក់ងារ​ព័ត៌មាន​ AP បាន​រាយការណ៍​ថា មិន​យូរ​ប៉ុន្មាន​ក្រោយ​លោកស្រី​អញ្ជើញ​ទៅ​ដល់​ក្រុង​តៃប៉ិ​កាល​ពី​យប់​ថ្ងៃ​អង្គារ ប្រទេស​ចិន​បាន​ប្រកាស​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់ គឺ​ដូច​តាម​ការ​គំរាម​ពី​មុន​របស់​ខ្លួន។

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​ចិន​ក៏​បាន​ដាក់​កំហិត​ផង​ដែរ​លើ​ការ​នាំចូល​ផ្លែឈើ​និង​ត្រី​មកពី​តៃវ៉ាន់៕