លោក ​ប្រាក់ សុខុន​ គ្រោង​ធ្វើ​ទស្សនកិច្ច​ជា​លើក​ទី៣​នៅ​មីយ៉ាន់ម៉ា​ ក្រោយ​ពី​អ្នក​ទោស​ជា​ច្រើន​នាក់​ត្រូវ​បាន​ដោះលែង​​

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ​ប្រាក់ សុខុន ដែល​ជា​បេសកជន​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ កាល​ពី​​ថ្ងៃទី​១៧ ខែ​កុម្ភៈ​ឆ្នាំ ២០២២។

នៅ​ក្រោយ​ការ​ដោះ​លែង​អ្នក​ទោស​ជា​ទ្រង់ទ្រាយ​ធំ​របស់​របប​សឹក​មីយ៉ាន់ម៉ា​ ឬ​ភូមា​បេសកជន​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា​លោក ​ប្រាក់ សុខុន​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ានម៉ា​ជា​លើក​ទី​៣​ដើម្បី​ស្វែក​រក​ដំណោះ​ស្រាយ​បន្ថែម​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ក៏ដូច​ជា​វិបត្តិ​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ។​

ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ឬ​ក៏​របៀប​វារៈ​ជាក់លាក់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ឡើយ​ទេ​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សន​កិច្ច​លើក​ទី​៣​របស់​លោក ​ប្រាក់​ សុខុន ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ក្រុម​ឧត្តមសេនីយ៍​កំពូលៗ​នោះ។​ ​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ដំណើរ​ទស្សន​កិច្ច​នេះ​ជា​ភារកិច្ច​ចុង​ក្រោយ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ ដើម្បី​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​គិត​ពិចារណា​ឡើង​វិញ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ផ្សេងៗ​ដែល​បាន​ធ្វើ​ឡើង​កន្លង​មក។​

បើ​តាម​លោក​ ឯម សុវណ្ណារ៉ា​ ការ​ដោះ​លែង​អ្នក​ទោស​ដោយ​របប​សឹក​ភូមា​ កើត​មាន​ឡើង​ ដោយសារ​តែ​មាន​សម្ពាធ​ពី​អន្តរ​ជាតិ​ដែល​ចង់​ឱ្យ​មាន​ដំណោះ​ស្រាយ​ពន្លត់​ភ្លើង​ជម្លោះ​រវាង​ក្រុម​យោធា​ និង ​ភាគី​ពាក់ព័ន្ធ​ឯ​ទៀត​ និង​ថា​របប​សឹក​នោះ​នឹង​ប្រឈម​ភាព​ឯកា​ បើ​សិន​នៅ​តែ​គឃ្លើន​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​មុនៗ​ដូច​ជា​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ដែល​មាន​គោលដៅ​ចម្បង​មួយ​គឺ​បញ្ចប់​អំពើ​ហិង្សា។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ​ អះអាង​ថា​ ឥណ្ឌូណេស៊ី​ ដែល​នឹង​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​របស់​ប្លុក​អាស៊ាន​ ដែល​មាន​១០​ប្រទេស​នា​ឆ្នាំ​ក្រោយ​នឹង​អាច​ចាត់​វិធានការ​ខ្លាំង​និង​ក្តៅ​ទៅ​លើ​របប​សឹក​ភូមា​ ជា​ជាង​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «ទស្សនៈ​ខ្ញុំ​យល់​ថា ​ឥណ្ឌូណេស៊ី​ សិង្ហបុរី​ និង​ម៉ាឡេស៊ី​នឹង​លើក​វិធានការ​តឹងរ៉ឹង​ មិន​សូវ​ជា​យោគយល់​ដូច​កម្ពុជា​ទេ។​ អាច​មាន​វិធានការ​ប្រឈម​ខ្លាំង​ជាមួយ​នឹង​រដ្ឋាភិបាល​ភូមា​ច្រើន។ ​ដូច្នេះ​ហើយ​បាន​មាន​ការ​បន្ទន់​ឥរិយាបទ​របស់​រដ្ឋាភិបាល​យោធា​ក្នុង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ឬ​ក៏​សកម្មជន​នយោបាយ​ក៏​ដូច​ជា​ចំណុច​មួយ​ល្អ​នៅ​ក្នុង​ការ​ឈាន​ទៅ​រក​ចំណុច​ឯកឆន្ទ​ទាំង​៥​ចំណុច»។​

លោក​បន្ថែម​ថា​ គំនិត​ផ្តួច​ផ្តើម​ផ្សេង​ទៀត​ដែល​ចង់​ដក​ភូមា​ចេញ​ពី​សមាជិក​របស់​អាស៊ាន​អាច​ធ្វើ​ឱ្យ​យោធា​មីយ៉ាន់ម៉ា​ ពិចារណា​ឡើង​វិញ​ដែរ។​ ក្រៅពី​នេះ​ លោក​ថា មធ្យោ​បាយ​បន្ថែម​ដែល​អាច​បំបែក​ភាព​ទ័លច្រក​ក្នុង​វិបត្តិ​មីយ៉ាន់ម៉ា​បាន​នោះ​ គឺ ​អាស៊ាន​និង​សហគមន៍​អន្តរជាតិ​ ត្រូវ​ធ្វើ​ទំនាក់​ទំនង​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ជាមួយ​រដ្ឋាភិបាល​ស្រមោល​របស់​ភូមា។​

វិបត្តិ​នៅ​មីយ៉ាន់ម៉ា​បាន​ផ្ទុះ​ឡើង​ក្រោយ​ក្រុម​មេ​ដឹកនាំ​យោធា​កំពូលៗ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្តើម​អំណាច ​ដោយ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​របស់​អ្នកស្រី ​Aung San Suu Kyi​ (អោង សានស៊ូជី) ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​នយោបាយ​ជំទាស់​ សកម្ម​ជន​ និង​អំពើ​ហិង្សា​លើ​អ្នក​ដែល​ប្រឆាំង​នឹង​របប​សឹក​មីយ៉ាន់ម៉ា​បាន​កើត​ឡើង ​និង​មិន​ទាន់​មាន​តម្រុយ​នៃ​ភាព​ធូរ​ស្រាលនៅ​ឡើយ។​

រូប​ឯកសារ៖ លោក ប្រាក់ សុខុន (ឆ្វេង) រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិតរបស់​ប្រធាន​អាស៊ាន ចាប់​ដៃ​គ្នា​ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា លោក​ឧត្តមសេនីយ៍ Min Aung Hlaing ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AFP PHOTO / MYANMAR MILITARY INFORMATION TEAM)

លោក ​វណ្ណ ប៊ុនណា​ សហ​ស្ថាបនិក​ The Thinker Cambodia ​ដែល​ជា​វេទិកា​វិភាគ​គោល​នយោបាយ ​និង​ជា​អ្នក​វិភាគ​មួយ​រូប​ រំពឹង​ថា​ នឹង​មាន​ការ​សម្រេច​បាន​លទ្ធផល​តិចតួច​ពី​បេសកកម្ម​លើក​ទី​៣​របស់​ប្រេសិត​ពិសេស​ប្រធាន​ប្តូរវេន​អាស៊ាន​ ប៉ុន្តែ​អាច​មាន​ការ​បើក​ផ្លូវ​ពី​របប​សឹក​ភូមា​ឱ្យ​ជួប​ជា​មួយ​មន្ត្រី​របស់​អ្នក​ស្រី ​Aung San Suu Kyi​ ​មេ​ដឹកនាំ​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ (NLD)។​

លោក ​វណ្ណ ប៊ុនណា​ លើក​ឡើង​ទៀត​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​មិន​អាច​បន្ធូរបន្ថយ​ ភាព​តាន​តឹង​បាន​ទេ​ ប៉ុន្តែ​វា​គឺ​ជា​ការ​ផ្តល់​សម្បទាន​នយោបាយ​របស់​មេ​ដឹកនាំ​របប​សឹក​ ខណៈ​ឥណ្ឌូណេស៊ី​នឹង​ក្លាយ​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នា​ឆ្នាំ​ក្រោយ​ ដែល​លោក​ អះអាង​ ថា ​នឹង​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ការ​ទូត​បែប​សកម្ម​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្រោម​ហេតុផល​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​សន្តិ​សុខ​និង​ស្ថិរភាព​ក្នុង​តំបន់។

លោក​បន្ថែម​ថា៖ «អាស៊ាន​ត្រូវ​ធានា​ថា ​អ្វី​ដែល​បាន​ព្រម​ព្រៀង​គ្នា​ជាមួយ​របប​សឹក​ភូមា​ទាក់ទង​នឹង​ការ​ឯក​ភាព​៥​ចំណុច​ហ្នឹង ​គឺ​ត្រូវ​អនុវត្ត​អាហ្នឹង​ឱ្យ​បាន​ពេញ​លេញ​សិន​ ហើយ​ចាំរុញ​ទៅ​រក​យន្តការ​ណា​ផ្សេង​ទៀត។​ ប្រសិន​ជា​អនុវត្ត​អាហ្នឹង​មិន​ទាន់​បាន​ពេញ​លេញ ​វា​ពិបាក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា​ណាស់»។​

លោក​បន្ត​ថា៖ ​«ប្រសិន​ជា​របប​សឹក​ភូមា​នៅ​តែ​រឹង​ទទឹង​មិន​ព្រម​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​ការ​ព្រមព្រៀង ​ខ្ញុំ​គិត​ថា​ អាស៊ាន​ បើ​ទោះ​បី​ជា​មាន​ការ​ប៉ះ​ពាល់​សម្រាប់​ខ្លួន​មែន​ គួរ​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ ដែល​មាន​លក្ខខណ្ឌ​ចាប់​បង្ខំ​ច្រើន​ជាង​ឬ​ក៏​ដាក់​សម្ពាធ​ទាំង​ការ​ពិចារណា​អំពី​ការ​ព្យួរ​សមាជិក​ភាព​ ឬ​ក៏​មិន​អញ្ជើញ​តំណាង​ណា​មួយ​សោះ​របស់​របប​សឹក​ភូមា​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន»។​

ដោយ​ឡែក​អ្នក​វិភាគ​នយោបាយ ​លោក ​សេង សារី ​លើក​ឡើង​ថា ​ស្ថានភាព​ក្នុង​ប្រទេស​ភូមា​មិន​ទាន់​ធ្លាក់​ជ្រៅ​ឈាន​ដល់​ការ​មាន​សង្គ្រាម​ស៊ីវិល​នៅ​ឡើយ។​ ប៉ុន្តែ​លោក​ថា ​ នៅ​ពេល​ដែល​ឥណ្ឌូណេស៊ី​ដែល​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​ប្រកាស​ទទួល​ស្គាល់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី ​អោង សានស៊ូជី​នោះ​ ភូមា​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ ​ហើយ​អាស៊ាន​នឹង​ត្រូវ​បែក​បាក់​ដោយ​សារ​ប្រទេស​នៅ​ក្បែរ​ភូមា ​ដូច​ជា​ប្រទេស​ថៃ​ជាដើម ​មាន​ការ​កើន​ឡើង​នូវ​ជន​ភៀសខ្លួន ​ហើយ​ក៏​នឹង​មាន​បញ្ហា​ដោយសារ​ចលនា​តស៊ូ​ផ្សេងៗ​ពី​ប្រទេស​ភូមា​ផង​ដែរ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា​ ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា​លោក​ប្រាក់ សុខុន​ បាន​ទទួល​ស្វាគមន៍​ការ​ដោះលែង​អ្នក​ទោស​ទ្រង់​ទ្រាយ​ធំ​នា​ពេល​ថ្មីៗ​នេះ។​ លោក ​ប្រាក់​ សុខុន ចាត់​ទុក​ការ​ដោះលែង​អ្នក​ទោស​ទ្រង់​ទ្រាយ​ធំ​នេះ​ថា​ ​ជា​កាយ​វិការ​ដ៏​សំខាន់​ក្នុង​ទិស​ដៅ​ត្រឹម​ត្រូវ​ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ចាប់​ផ្តើម​ដំណើរ​ការ​សន្ទនា​ ក្នុង​ចំណោម​ភាគី​ ពាក់ព័ន្ធ​ទាំង​អស់​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​តាម​ន័យ​ដើម​ថា៖​ «ក្នុង​បំណង​បន្ត​កិច្ច​ប្រឹង​ប្រែង​ដែល​បាន​ធ្វើ​តាំង​តែ​ពី​ដើម​អាណត្តិ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ សំដៅ​ជួយ​ឲ្យ​មីយ៉ាន់ម៉ា​វិល​ទៅ​រក​ភាព​ប្រក្រតី​ និង​មាគ៌ា​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នោះ ប្រេសិត​នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​លើក​ទី​៣ ដូច​បាន​គ្រោង​ទុក​កន្លង​មក​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ ដោយ​សង្ឃឹម​ថា​ នឹង​អាច​សម្រេច​បាន​នូវ​វឌ្ឍនភាព​បន្ថែម​ទៀត​លើ​អាទិភាព​ចំនួន​បី​នៃ​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​គឺ​ការ​បញ្ចប់​អំពើ​ហិង្សា​ ការ​សម្រប​សម្រួល​ដល់ការ​ចែក​ជំនួយ​មនុស្ស​ធម៌​ និង​ការ​កសាង​ជំនឿ​ និង​ទំនុក​ចិត្ត​សម្រាប់​កិច្ច​សន្ទនា​សន្តិភាព​ប្រកប​ដោយ​បរិយាប័ន្ន»។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ជុំ សុន្ទរី​បាន​ទេ​គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ៕​