ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាស្ត្រាចារ្យ​ជនជាតិ​អូស្ត្រាលី​លោក Sean Turnell នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ សាស្ត្រាចារ្យ​ជនជាតិ​អូស្ត្រាលី​លោក Sean Turnell ពិភាក្សា​អំពី​កំណែទម្រង់​សេដ្ឋកិច្ច​ដោយ​រដ្ឋាភិបាល​ NLD របស់​មីយ៉ាន់ម៉ា នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨។ (ISEAS-Yusof Ishak Institute/via Reuters)
រូបឯកសារ៖ សាស្ត្រាចារ្យ​ជនជាតិ​អូស្ត្រាលី​លោក Sean Turnell ពិភាក្សា​អំពី​កំណែទម្រង់​សេដ្ឋកិច្ច​ដោយ​រដ្ឋាភិបាល​ NLD របស់​មីយ៉ាន់ម៉ា នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨។ (ISEAS-Yusof Ishak Institute/via Reuters)

សេចក្តីថ្លែងការណ៍​របស់​យោធា​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​ថា​ លោក​សាស្ត្រាចារ្យ Sean Turnell និង​ជន​បរទេស៣នាក់​ទៀត​នឹង​ត្រូវ​ដោះលែង​ដើម្បី​បញ្ជាក់​ពី«សុឆន្ទៈ​ល្អ​រវាង​ប្រទេស​ទាំង​នេះ»​ហើយ​នឹង​ជា​ផ្នែក​មួយ​នៃ​ការលើកលែង​ទោស​ដ៏​ធំ​មួយ​សម្រាប់​ពួក​អ្នកទោស។

អតីត​ឯក​អគ្គ​រាជទូត​ចក្រភព​អង់គ្លេស​លោក​ស្រី Vicky Bowman និង​ស្វាមី​របស់​លោក​ស្រី​គឺ​លោក Ko Htein Lin និង​អ្នក​ថត​ខ្សែភាពយន្ត​ជនជាតិ​ជប៉ុន​លោក Toru Kubotaក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ដោះលែង​ផង​ដែរ។

សេចក្តីរាយការណ៍នានា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ឱ្យ​ដឹង​ថា ការ​លើកលែង​ទោស​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ប្រារព្ធ​បុណ្យជាតិ​មីយ៉ាន់ម៉ា។

លោក Turnell ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគាររយៈពេល​ ៣ ឆ្នាំ​កាល​ពី​ខែ​កញ្ញា​ចំពោះ«ការរំលោភ​ច្បាប់​ការសម្ងាត់​រដ្ឋ​ផ្លូវការ​របស់​មីយ៉ាន់ម៉ា»។ ជនជាតិ​អូស្ត្រាលី​រូប​នេះ​ដែល​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ស្រី Aung San Suu Kyi មេដឹកនាំ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពីតំណែង តែងតែ​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំង​នេះ។

លោកស្រី Elaine Pearson នាយិកា​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​ប្រាប់​វីអូអេ​ថា​លោក​ស្រី​ស្វាគមន៍​ចំពោះ​ការដោះលែង​នេះ។ ក៏ប៉ុន្តែ​លោក​ស្រី​ជំរុញ​ឱ្យ​ពិភពលោក​កុំ​បំភ្លេច​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត។

លោក​ស្រី​ថ្លែង​ថា៖ «លោក Sean Turnell មិន​គួរ​ត្រូវជាប់​ពន្ធនាគារ​សូម្បី​មួយ​វិនាទី​ឡើយ។ ព័ត៌មាន​អំពី​ការលើកលែង​ទោស​នេះ​ប្រាកដ​ជា​ការធូរស្បើយ​យ៉ាង​ធំ​មួយ​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក។ ក៏ប៉ុន្តែ​វា​ក៏​ជា​ការ​ដាស់​តឿន​មួយ​ថា​ មាន​ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់​ពាន់​នាក់​ទៀតដែល​ត្រូវ​បាន​គេ​ឃុំខ្លួន​នៅ​ក្នុង​ស្ថានភាព​ដ៏​រន្ធត់ ​ហើយ​ពួកគេ​មិន​មាន​ការគាំទ្រ​ខ្លាំង​បែប​នេះ​ពី​អន្តរជាតិ​នោះ​ទេ។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​អូស្ត្រាលី ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​ផ្សេង​ទៀត ទាមទារ​ឱ្យ​ពួក​យោធា​មីយ៉ាន់ម៉ា​ដោះលែង​អ្នកទោស​នយោបាយ​ទាំង​អស់​ដែល​ត្រូវ​បាន​គេ​ឃុំខ្លួន​ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា​មក»។

ការប្រកាស​ដោះលែង​អ្នក​ទោស​នេះ​កើត​មាន​ឡើង​នៅ​មុន​សន្និសីទ​កំពូល​កិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ក្នុង​ទីក្រុង​បាងកក ​ប្រទេស​ថៃ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​លោក​ស្រី Penny Wong បាន​អំពាវនាវ​ឱ្យ​ដោះលែង​លោក Turnell ។ អតីត​រដ្ឋាភិបាល​កណ្តាល​ស្តាំ​និយម​របស់​អូស្ត្រាលី​កាលពី​ពេល​មុន​បាន​និយាយ​ថា ការ​ចាប់​លោក​ដាក់​ពន្ធនាគារ​ជា«អំពើ​អយុត្តិធម៌»​និង«តាម​ទំនើងចិត្ត»។

លោក Turnell ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​វិញ ដែល​នៅ​ទីនោះ ​លោក​នឹង​ជួបជុំ​ភរិយា​របស់​លោក​គឺ​លោកស្រី Ha Vu ដែល​ជា​សាស្ត្រាចារ្យ​សេដ្ឋកិច្ចម្នាក់​ដែរ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG