លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះលើកឡើងថា មីយ៉ាន់ម៉ា ឬភូមាកំពុងរំកិលទៅរកសង្គ្រាមស៊ីវិល ហើយថា ផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ ដែលតម្រូវឲ្យភាគីពាក់ព័ន្ធរកច្រកសម្រាប់ការចរចានយោបាយ ដូចដែលកម្ពុជាបានធ្វើកន្លងមកដើម្បីបញ្ចប់សង្គ្រាមក្នុងស្រុក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ក្នុងទីក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
លោកនាយករដ្ឋមន្រ្តីថ្លែងថា៖ «កាលពីដប់ឆ្នាំមុន ខ្ញុំបានស្នើឲ្យតំបន់ដែលគ្មានសង្គ្រាមស៊ីវិល ឬ តំបន់ដែលគ្មានជម្លោះនៅក្នុងអាស៊ីអាគ្នេយ៍ នៅពេលនោះគ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិតអំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នេះទេ។ ប៉ុន្តែបច្ចុប្បន្ន មីយ៉ាន់ម៉ាកំពុងរំកិលទៅរកសង្គ្រាមស៊ីវិល។ នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ»។
បើតាមលោក ហ៊ុន សែន ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាងបីទសវត្សរ៍ កម្ពុជាមានបទពិសោធន៍មួយចំនួនដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុងការធ្វើឲ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និងកសាងប្រទេសជាតិឡើងវិញក្រោយសង្គ្រាម។
លោក ហ៊ុន សែន បញ្ជាក់អំពីវិធីសាស្រ្តក្នុងការឈានទៅបិទបញ្ចប់សង្គ្រាមស៊ីវិលថា៖ «ទី១ យើងត្រូវតែរក្សាទ្វារឲ្យបើកចំហជានិច្ចសម្រាប់កិច្ចពិភាក្សានយោបាយ និងការចរចាប្រកបដោយបរិយាបន្ន។ ទី២ យើងត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និងសុខុមាលភាពរបស់គ្រប់ភាគីទាំងអស់។ ទី៣ យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់សម្រាប់ការចរចាសន្តិភាព»។
ចាប់តាំងពីរដ្ឋប្រហារទម្លាក់ ព្រះបាទ នរោត្តម សីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ មក កម្ពុជាបានធ្លាក់ចូលក្នុងវិបត្តិសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១។
វិបត្តិនៅមីយ៉ាន់ម៉ាបានផ្ទុះឡើងក្រោយក្រុមមេដឹកនាំយោធាកំពូលៗបានធ្វើរដ្ឋប្រហារដណ្តើមអំណាច ដោយទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi (អោង សានស៊ូជី) កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ការចាប់ចងអ្នកនយោបាយជំទាស់ និងអំពើហិង្សាលើអ្នកដែលប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ាបានកើតឡើង ចាប់តាំងពីពេលនោះមក។
របបយោធាដឹកនាំដោយក្រុមឧត្តមសេនីយ៍នៅប្រទេសមីយ៉ាន់ម៉ាបានទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិចំពោះការបន្តប្រើប្រាស់អំពើហិង្សាលើក្រុមជំទាស់ និងការផ្គើនមិនធ្វើតាមការចង់បានរបស់ប្រទេសសមាជិកអាស៊ានផ្សេងទៀតលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលមេដឹកនាំយោធាភូមាខ្លួនឯងបានទទួលស្គាល់កាលពីខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងបញ្ចប់ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា តាមសារអេឡិចត្រូនិកអ៊ីមែល តែមិនមានការឆ្លើយតបទេ គិតត្រឹមរសៀលថ្ងៃពុធនេះ។
អ្នកវិភាគនយោបាយ លោក សេង សារី លើកឡើងថា ស្ថានភាពក្នុងប្រទេសភូមាមិនទាន់ធ្លាក់ជ្រៅក្នុងសង្គ្រាមស៊ីវិលនៅឡើយ។ លោកថា នៅពេលដែលឥណ្ឌូណេស៊ីដែលនឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយប្រកាសទទួលស្គាល់រដ្ឋាភិបាលរបស់លោកស្រី អោង សានស៊ូជី នោះភូមានឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ហើយអាស៊ាននឹងត្រូវបែកបាក់ដោយសារប្រទេសនៅក្បែរភូមា ដូចជាប្រទេសថៃជាដើម មានការកើនឡើងនូវជនភៀសខ្លួន ហើយក៏នឹងមានបញ្ហាដោយសារចលនាតស៊ូផ្សេងៗពីប្រទេសភូមាផងដែរ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «នៅពេលដែលឥណ្ឌូណេស៊ីប្រកាសទទួលស្គាល់រដ្ឋាភិបាលតស៊ូរបស់អ្នកស្រី អោង សានស៊ីជី ប្រាកដណាស់ថា រាល់កិច្ចប្រជុំជាផ្លូវការនឹងអញ្ជើញតំណាងភូមាហ្នឹងគឺមកពីខាងលោកស្រី អោង សានស៊ូជី ដែលខ្ញុំគិតថា នឹងជំរុញឱ្យរដ្ឋាភិបាលយោធាបច្ចុប្បន្ននេះនឹងមានភាពក្តៅក្រហាយខ្លាំង ហើយអាចងាកទៅមហាអំណាចណាដែលមិនសូវខ្វល់ពីបញ្ហាប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សអីនៅប្រទេសភូមាហ្នឹង។ និយាយឱ្យចំទៅគឺដូចជំរុញឱ្យរដ្ឋាភិបាលភូមាងាកខ្លាំងទៅចាប់ជាមួយរដ្ឋាភិបាលចិន ហើយដែលជាចំណុចមួយប្រេះ[ស្រាំ] ដែលអាចធ្វើឱ្យអាស៊ានមានការបែកបាក់ទៅថ្ងៃអនាគត»។
ក្នុងសេចក្តីសម្រេចរួមគ្នាលើវិបត្តិមីយ៉ាន់ម៉ា ក្រុមមេដឹកនាំអាស៊ានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាគឺជាកម្លាំងយោធាដ៏ធំបំផុតតែមួយគត់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រុមមេដឹកនាំអាស៊ានបានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកាន់អាវុធ គួរតែទទួលខុសត្រូវ ដោយមានតម្លាភាព និងត្រូវបានថ្កោលទោសចំពោះអំពើហិង្សា៕