ក្រុម​សមាជិក​សភា​ក្នុង​តំបន់​អាស៊ាន ទទូច​ឲ្យ​ទាត់​ចោល​សំណើ​ច្បាប់​ដាក់​ទោស​ប្រហារ​ជីវិត​ក្នុង​ប្រទេស​ហ្វីលីពីន

រូបឯកសារ៖ លោក​ Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន ថ្លែង​ទៅ​កាន់​កង​ទាហាន​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​បន្ទាយ​ទាហានមួយ នៅភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

ប្រតិកម្ម​របស់​ក្រុម​សមាជិក​សភា​ក្នុង​តំបន់​អាស៊ាន ដែល​រួម​មាន​សមាជិក​សភា​កម្ពុជា ចំនួន​៩​រូប​និង​សមាជិក​សភា​ម៉ាឡេស៊ី ៦​រូប​ បាន​កើតឡើង ខណៈ​ដែល​សភា​ហ្វីលីពីន កំពុង​ពិភាក្សា​សេចក្ដី​ព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ។

ក្រុម​សមាជិក​សភា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ទទូច​ឲ្យ​សភា​ហ្វីលីពីន ទាត់ចោល​សេចក្ដី​ព្រាងច្បាប់​មួយ ដែល​ចង់​ដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​ទោស​ប្រហារ​ជីវិត​ក្នុង​ប្រទេស​ហ្វីលីពីន ដោយ​បាន​ចាត់​ទុក​សំណើ​ច្បាប់​នេះ​ថា ជា​ដំណើរ​ថយ​ក្រោយ​ សម្រាប់​តំបន់​អាស៊ាន​ទាំងមូល។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​នេះ។

ប្រតិកម្ម​របស់​ក្រុម​សមាជិក​សភា​ក្នុង​តំបន់​អាស៊ាន ដែល​រួម​មាន​សមាជិក​សភា​កម្ពុជា ចំនួន​៩​រូប​និង​សមាជិក​សភា​ម៉ាឡេស៊ី ៦​រូប​ បាន​កើតឡើង ខណៈ​ដែល​សភា​ហ្វីលីពីន កំពុង​ពិភាក្សា​សេចក្ដី​ព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ។

ក្រុម​សមាជិកសភា​អាស៊ាន​ទាំង​នេះ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ពួកគេ​ថា សេចក្ដី​ព្រាង​ច្បាប់​ដែល​រដ្ឋសភា​ហ្វីលីពីន​ កំពុង​ពិភាក្សា​ដើម្បី​អនុម័ត​នេះ បាន​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​កិត្តិនាម​របស់​ប្រទេស​ហ្វីលីពីន​លើ​ឆាក​អន្តរជាតិ ព្រមទាំង​បាន​បង្អាក់​ការ​រីកចម្រើន​របស់​តំបន់​ក្នុង​រយៈពេល​១ទសវត្សន៍​កន្លង​មក​នេះ ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​លុប​បំបាត់​ទោស​ប្រហារ​ជីវិត​ក្នុង​សកល​លោក។

សំណើដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​ទោសប្រហារ​ជីវិត​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​ក្រោម​អាណត្តិ​នៃ​រដ្ឋាភិបាលរបស់​ប្រធានាធិបតី​ហ្វីលីពីន​ លោក​ Rodrigo Duterte​ ក្រោយ​ពី​ប្រទេស​នេះ​បាន​សម្រេចចិត្ត​លុបចោល​ទោស​ប្រហារជីវិត​របស់​ខ្លួននេះ​នៅ​ឆ្នាំ​២០០៦។

ចាប់តាំង​ពី​ឡើង​កាន់​តំណែង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦​មក លោក​ Rodrigo Duterte​ ​ បាន​បើក​យុទ្ធនាការ​បោស​សម្អាត​ថ្នាំញៀន​ខុស​ច្បាប់ ដោយ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ការ​បង្ក្រាប​ថ្នាំញៀន​របស់​លោក ​មនុស្ស​ជិត​៦​ពាន់​នាក់​ ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស​និង​ក្រុម​ការពារ​សណ្ដាប់​ធ្នាប់។ ​អង្គការ​សិទ្ធិមនុស្ស ​អង្គការ​សហប្រជាជាតិ ព្រមទាំង​អតីត​ប្រធានាធិបតី​អាមេរិក ​លោក បារ៉ាក់ អូបាម៉ា ផង​ដែរ​ បាន​រិះគន់​យុទ្ធនាការ​បោស​សម្អាត​គ្រឿន​ញៀន​នេះ៕