អាស៊ាន​នឹង​ធ្វើការ​អនុម័ត​សេចក្តី​ថ្លែង​ការណ៍​យ៉ាងតិច​ពីរ

ទាហាន​​ឈរ​កំពុង​​ឈរយាម​​ការពារសន្តិសុខ​កិច្ចប្រជុំ​កំពូលអាស៊ាន

សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅកាត់ថា​អាស៊ាន​នឹងធ្វើការ​អនុម័ត​សេចក្តី​ថ្លែង​ការណ៍​យ៉ាងតិច​ពីរ​ដើម្បី​ផ្តោតការ​យកចិត្ត​ទុកដាក់​ទៅលើ​ពលរដ្ឋ ​និង​កាត់​បន្ថយភាព​តានតឹង ​ហើយនឹង​សកម្មភាព​ជ្រុល​និយម។​ ការ​កាត់​បន្ថយ​អំពើ​ជ្រុល​និយម​ និង​អំពើ​ប្រឆាំង​ដាច់ខាត​នឹងអាច​ធ្វើឲ្យ​តំបន់​អាស៊ាន​មាន​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ។​

ក្រុម​មេដឹកនាំ​អាស៊ាន ​រួមទាំង​កម្ពុជា​ផង ​បាន​ប្រកាស​ពីការ​យល់​ព្រម​ថា​ នឹង​ធ្វើ​ឲ្យ​ តំបន់​នេះ​ផ្តោត​ជា​សំខាន់​លើ​ពលរដ្ឋ​របស់ខ្លួន ​និង​ប្រែក្លាយ​អាស៊ាន​ទៅ​ជា​សមាគម​និយម​កណ្តាល​ដើម្បី​អ្វីមួយ​ដែល​គេ​គិត​ថា ​ត្រូវ​ធ្វើឲ្យ​មាន​សន្តិសុខ ​ស្ថិរភាព ​សន្តិភាព ​គ្មាន​ភាព​ជ្រុល​និយម​ និង​ភាព​ដាច់ខាត​និយម​ ហើយនឹង​មាន​ការ​អភិវឌ្ឍ។​

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា ​អាស៊ាន​នឹង​បើក​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​លើក​ទី​២៦​នៅថ្ងៃទី​២៦​និង​ថ្ងៃទី​២៧​ខែមេសា​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ​រ ​និង​ទីក្រុង​ឡាំងកាវី ​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ពិភាក្សា​គ្នា​លើ​បញ្ហា​ប្រឈម​មុខ​អាស៊ាន​ជា​ច្រើន ​ទាំង​បញ្ហា​តំបន់​ ទាំង​បញ្ហា​ពិភព​លោក​ ទាក់ទង​នឹង​សន្តិសុខ ​សេដ្ឋកិច្ច​ និង​នយោបាយ។ ​នៅ​ឆ្នាំនេះ​សមាគម​អាស៊ាន​បាន​កំណត់​យក​ខ្លឹមសារ​មួយ​គឺ​ «ប្រជាជន​របស់​យើង​ សមាគម​របស់​យើង ​និង​ទស្សនៈ​វិស្ស័យ​របស់​យើង»​ ដែល​ក្រុម​អ្នក​វិភាគ​ផ្តល់​អត្តន័យ​ថា​ ជា​ការ​ចាប់​ផ្តើម​គិតគូរ​ និង​ផ្តល់​តម្លៃ​ដល់​ពលរដ្ឋ​របស់​អាស៊ាន។​

នៅ​ក្នុង​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​ក្រុង​កូឡាឡាំពួរស្តីពី​ការ​ផ្តោត​ការ​យក​ចិត្ត​ ទុក​ដាក់​ទៅលើ​ពលរដ្ឋ​អាស៊ាន​ (Kuala Lumpur ​Declaration​ on People-Centered​ ASEAN) ​ដែល​វីអូអេ​ទទួល​បាន ​បាន​បញ្ជាក់​ថា​ អាស៊ាន​បាន​ព្រម​ព្រៀង​គ្នា​ថា​ នឹង​បង្កើត​សហគមន៍​អាស៊ាន​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ពលរដ្ឋ​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ ដៃគូ ​និង​វិស័យ​ទាំងអស់​ក្នុង​សង្គម​អាច​ចូលរួម​បាន​ហើយ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​សហគមន៍​ដែល​មាន​ការ​បញ្ចូល​គ្នា ​និងផ្សារ​ភ្ជាប់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ រួមទាំង​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ជា​មូលដ្ឋាន​គ្រឹះ​ ដូចជា​សន្តិសុខ​ នយោបាយ ​សេដ្ឋ​កិច្ច​និង​វប្បធម៌​ ដើម្បី​ការ​អភិវឌ្ឍ​ជា​និរន្ត ​និង​ចីរកាល។​

សេចក្តី​ព្រាង​ថ្លែង​ការណ៍​នោះ​បាន​បញ្ជាក់​ថា៖​

«ត្រូវ​ពង្រឹង​កិច្ចប្រឹង​ប្រែង​ដើម្បី​កសាង​សហគមន៍​ដែល​មាន​ការ​យោគ​យល់​គ្នា​រវាង​ប្រជាជន​និង​ប្រជាជន ​ផ្តល់​ការ​យកចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាជន​ និង​ជា​សហគមន៍​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​វប្បធម៌សង្គម​ ដោយ​ឈរ​លើ​ទស្សនៈ​សាមគ្គី​ភាព ​ការ​បង្រួប​ប្រង្រួម​ដ៏​ឋិតថេររវាង​ពលរដ្ឋ​អាស៊ាន​ ដោយ​ការ​បណ្តុះ​គំនិត​គោរព​វប្បធម៌​ចម្រុះ​គ្នា ​ក៏ដូច​ជា​ការ​លើក​កម្ពស់សុខភាព​ និង​សុខុមាល​ភាព​របស់​ពលរដ្ឋ»។​

នៅ​ក្នុង​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​ Langkawi ​ស្តី​អំពី​ចលនា​ពិភពលោក​នៃ​ ភាព​និយម​កណ្តាល ​(Langkawi Declaration ​on the Global ​Movement of Moderates)​ ដែល​វីអូអេ​ទទួល​បាន​ដែរ​នោះ​ បាន​ទទួល​ស្គាល់​ថា​ ភាព​និយម​កណ្តាល​គឺ​ជា​តម្លៃ​ស្នូល​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​រយៈពេល​វែង​ និង​ជា​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​ភាព​តានតឹង ​បញ្ឈប់ការ​ប្រឆាំង​ដាច់ខាត​និយម​ និង​ប្រឆាំង​ចំពោះភាព​ជ្រុល​និយម​ហើយ​នឹង​ទម្រង់​ផ្សេងៗ​ទៀត។​

ក្រុម​មេដឹកនាំ​អាស៊ាន​ក៏បាន​បញ្ជាក់​ថា៖​

«ទទួល​ស្គាល់​ជាបន្ត​ថា​ ភាព​និយម​កណ្តាល​គឺ​ជា​ដំណោះស្រាយ​រួមទាំង​អស់​ដោយ​មិន​មែន​គ្រាន់តែ​ជា​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការខ្វែង​គំនិត​គ្នា ​និង​ការ​ប៉ះ​ទង្គិច​គ្នា​ តែ​ប៉ុណ្ណោះ​ទេ ​តែ​ក៏​ជា​ការ​ធានា​អំពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​និង​ចីរភាព ​និង​ការ​រីក​ចម្រើនប្រកប​ដោយ​សមធម៌​ ក៏​ដូចជា​ការ​លើក​កម្ពស់ភាព​សុខដុម​រមនា​ក្នុង​សង្គម ​និង​ការ​យោគ​យល់​គ្នា​ក្នុង​ប្រទេស​ និង​តំបន់​ផង​ដែរ»។​

លោកបណ្ឌិត​ឈាង វណ្ណារិទ្ធ​ សាស្ត្រចារ្យ​នៃ​សាកល​វិទ្យាល័យ ​Leeds ​ប្រទេស​ អង់គ្លេស ​បាន​ថ្លែង​ថា​ ការ​យោគ​យល់គ្នា​ក្នុង​តំបន់​អាស៊ាន​ ជាពិសេស​ប្រជា​ពលរដ្ឋ​និង​ប្រជា​ពលរដ្ឋ​គឺ​ជា​រឿង​សំខាន់ ​ក៏ដូច​ជា​ស្នូល​នៃ​ការ​កសាង​សហគមន៍​អាស៊ាន​នេះ​ដែរ។​

«ជាតិ​និយម​ជ្រុល​ជាដើម​ ឧទាហរណ៍ថា​ យើង​ស្អប់​ប្រទេស​ណាមួយ​នៅ​ក្នុង​តំបន់​អាស៊ាន​ជា​ដើម​ វា​នឹង​ធ្វើ​ឲ្យ​សហគមន៍​យើង​មិនអាច​សម្រេច​បាន។​ នេះ​ជា​ បញ្ហា​និយម​ជ្រុល​មួយ​ដែរ​ក្នុងការ​កសាង​សហគមន៍។​ អញ្ចឹង​ទេ ​ដើម្បី​ឲ្យ​ប្រជាជន​ហ្នឹង​យល់​គ្នា​នៅ​ក្នុង​តំបន់​ហ្នឹង ​ប្រជាជន​ត្រូវ​យល់​ពី​វប្បធម៌​ ប្រវត្តិ​សាស្ត្រ​រវាង​គ្នា​នឹង​គ្នា​ទៅវិញ​ទៅ​មក។ អញ្ចឹង​ទេ ​វា​ផ្តល់​ការ​យល់​គ្នា​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​ក្នុង​អាស៊ាន​ហ្នឹង​ ហើយ​វា​អាច​ជំរុញឲ្យ​សហគមន៍​អាស៊ាន​ហ្នឹង​ចេញ​ជា​រូបរាង​បាន​ នៅ​ពេល​ដែល​ប្រជាជន​ហ្នឹង​យល់​គ្នា»។​

លោក​បណ្ឌិត​ឈាង ​វណ្ណារិទ្ធ​បាន​បន្ថែម​ថា​ ប្រទេស​សមាជិក​ភាគ​ច្រើន​សង្កត់​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច ​បញ្ហា​នយោបាយ​ សន្តិសុខ​តែ​ប៉ុណ្ណោះ​ ដោយ​ពុំសូវ​យក​ចិត្ត​ទុក​ដាក់​ ឲ្យ​បាន​គ្រប់គ្រាន់​ទេ​ចំពោះ​ការ​ចូលរួម​របស់​ប្រជាជន​អាស៊ាន​លើ​បញ្ហា​សង្គម ​វប្បធម៌​ទេ​ ក្រៅពី​ការ​សរសើរ​ដល់​ប្រទេស​ម៉ាឡេស៊ី​ចំពោះ​ការ​ផ្តួចផ្តើម​គំនិត​នេះ។​

«ហើយ​ខ្ញុំ​គិត​ថា ​នេះ​ជាអ្វីមួយ​ ដែល​ត្រឹមត្រូវ​ ព្រោះ​ថា​ ប្រជាជន​អាស៊ាន​គឺ​ជា​អ្នក ​ទទួល​ផល​ពីកិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​ ពី​ការ​ធ្វើ​សមាហរណ​កម្ម​ក្នុង​តំបន់​ហ្នឹង។បើ​អត់​ផ្តល់​ឱកាស​ឲ្យ​បាន​ចូលរួម​ ហើយ​គាត់​បាន​ផល​ប្រយោជន៍​ពី​សហគមន៍​ក្នុង​តំបន់​ហ្នឹង​ទេ​គឺ​សហគមន៍​អាស៊ាន​ក៏គ្មាន​តម្លៃអី​ខ្ពស់​ដែរ។ ​អញ្ចឹង​ទេ ​ខ្ញុំ​គិត​ថា​ ​ប្រជាជន​ជា​ស្នូល​នៃការ​កសាង​សហគមន៍​អាស៊ាន។ ​ប្រហែល​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​ដែរ​ ​ប្រទេស​ម៉ាឡេស៊ី​ជំរុញឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាជន។ ​ហើយ​ខ្ញុំ​គិត​ថា​ គោល​ការណ៍​ ​បន្ទាប់ពី​ឆ្នាំ​២០១៥​ហ្នឹង​ ប្រជាជន​នឹង​ត្រូវ​ដាក់​ទៅ​ជា​ស្នូល​នៃ​សហគមន៍​អាស៊ាន»។​

សមាគម​អាស៊ាន​មាន​បញ្ហា​វប្បធម៌​ផ្សេង​គ្នា ​សាសនា​ផ្សេង​គ្នា​ខ្លះ​ និង​មាន​ការ​រើស​អើង​ខ្លះ​ក្នុង​ចំណោម​ប្រទេស​១០។​ ក្រុម​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ភេរវករ​ឬ​ក្រុម​ជាតិ​និយម​ជ្រុល​ និង​សាសនា​និយមជ្រុល ឬ​ក៏​ភាព​ដាច់ខាត​និយម​ជ្រុល​ក្នុង​ប្រទេស​នៅ​តំបន់​មជ្ឈឹម​បូព៌ា​ ​ដែល​គេ​គិត​ថា ​បង្ក​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ ​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ​និង​ពិភពលោក។​

លោក​យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈ​មណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ បាន​ថ្លែង​ថា ​ប្រទេស​អាស៊ាន​មាន​បញ្ហា​រើសអើង​ពី​ជាតិ​សាសន៍​មួយ​ទៅ​ជាតិ​សាសន៍​មួយ​ ​មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​មួយ​ចំនួន ​ដែល​អាស៊ាន​ត្រូវតែ​ដោះស្រាយ។ ​ហើយ​មួយ​វិញ​ទៀត អាស៊ាន​ត្រូវ​ដោះស្រាយ​បញ្ហា​ព្រំដែន ​និង​បញ្ហា​ប្រវត្តិសាស្ត្រ​ដោយ​គ្មាន​ការ​បំភ្លៃ។​

«ត្រូវ​តែធ្វើ​ឲ្យ​មាន​ថា​ កុំ​ឲ្យ​យក​បញ្ហា​ព្រំដែន​ហ្នឹង​ជា​ការ​វាយ​ប្រហារ​គ្នា​ខាង​ជាតិ​ សាសន៍ ​ជា​ការ​វាយ​ប្រហារ​គ្នា​ខាង​ពាក្យ​សម្តី ក៏​ដូចជា​អាវុធ​ដែល​ធ្វើឲ្យ​មាន​ការ​ ស្អប់​ខ្ពើម​គ្នា។ ​ហើយទី២​ទៀត​គឺ​ដោះស្រាយ​បញ្ហា​ប្រវត្តិ​សាស្ត្រ​ កុំ​ឲ្យ​មាន​ការ​និយាយ​អំពី​ប្រវត្តិ​សាស្ត្រ​ក្លែង​បន្លំ​មួយ​ចំនួន​ដែលធ្វើ​ឲ្យមាន​ការ​ច្របូក​ច្របល់ ​ដូច​កន្លង​មក​ដែល​ដណ្តើម​គ្នា​ថា​ នេះ​ជា​របស់​អ្នក​នេះ​ ហើយ​នោះ​ជា​របស់​អ្នក​នោះ»។​

ទោះ​ជាយ៉ាង​ណា​ លោក​គាំទ្រ​ឲ្យ​អាស៊ាន​មាន​ការ​ដោះស្រាយ​បញ្ហា​ដើម្បី​ធ្វើ​ឲ្យ​ អាស៊ាន​មានសុខដុមរមនីយ​កម្ម​ជា​មួយ​គ្នា។​

លោក​ Achmad Rizal ​Purnama ​លេខាទី១នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ក្នុង​រដ្ឋ ធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ថា​ បញ្ហា​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់លើ​ពលរដ្ឋ​អាស៊ាន​គឺ​ជា​រឿង​សំខាន់​មួយ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​មេ​ដឹកនាំ​អាស៊ាន​ ដោយ​សារ​បញ្ហា​ពលរដ្ឋ​នេះ​គឺ​ជា​គ្រឹះ​សំខាន់​នៃ​សហគមន៍​អាស៊ាន​ទាំង​មូល​ ហើយ​នឹង​ជា​អ្នក​ផ្តល់​ផល​ប្រយោជន៍​ដល់​សហគមន៍​ផង​ដែរ។​ លោក​បាន​អះអាង​ដែរ​ថា ​ចលនា​និយម​កណ្តាល​ពិភពលោក​ ​នឹង​នាំ​ឲ្យ​សហគមន៍​អាស៊ាន​មាន​សន្តិភាព ​គ្មាន​បញ្ហា​និយមជ្រុល ​ដូចជាកើត​មានឡើង​ក្នុង​ប្រទេស​ស៊ីរី ​និងតំបន់​ផ្សេង​ទៀត​នៅ​មជ្ឈឹម​បូព៌ា​ទេ។​

«ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ការ​បំបាត់​ក្រុម​ដាច់​ខាត​និយម​ ក្រុមជ្រុល​និយម​ក្នុង​សង្គម​អាស៊ាន។​ រឿង​នេះ​ជា​ការ​ប្រឆាំង​នឹង​អ្វី​ដែល​កំពុងកើត​ឡើង​នៅ​តំបន់​មជ្ឈឹមបូព៌ា​ ដែល​ធ្វើឲ្យ​មាន​ក្តី​បារម្ភ​យ៉ាង​ច្រើន​ជុំវិញ​ពិភព​លោក»។​

ក្រុម​មេដឹកនាំ​អាស៊ាន​នឹង​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​របស់​ខ្លួន​ទៅ​លើ​បញ្ហា​ជាច្រើន​ទៀត​ក្នុង​កិច្ច​ប្រជុំ​កំពូល​ជុំទី១​ ដែល​ជា​ពេល​វេលា​សំខាន់​សម្រាប់​អាស៊ាន១០​ប្រទេស​ រួមទាំង​កម្ពុជា​ផង​ ត្រូវ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ចុង​ឆ្នាំ​នេះ​ ដើម្បី​បើក​ទូលាយ​ឲ្យ​មាន​ការនាំ​ចេញ​ និង​នាំចូល​ទំនិញ​ដោយ​គ្មាន​ការ​យកពន្ធ ​ហើយ​នឹង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​លើ​សេវា​កម្ម​ មុខ​ជំនាញ​និង​គុណភាព​ជាដើម​ផង​នោះ។​

សមាគមអាស៊ាន​ចាប់​ផ្តើម​បង្កើត​ឡើងកាល​ពីខែ​សីហា​ឆ្នាំ​១៩៦៧។​ ប្រទេស​ស្ថិត​ក្នុង​សមាគម​នេះ​គឺមាន​ប្រ៊ូយណេ​ ភូមា​ កម្ពុជា ​ហ្វ៊ីលីពីន ​ឥណ្ឌូនេស៊ី ​ឡាវ​ ម៉ាឡេស៊ី ​សឹង្ហបូរី​ ថៃ ​និង​វៀតណាម។ ​សមាគមន៍​អាស៊ាន​នឹង​ធ្វើការ​សិក្សា ​និង​ពិចារណា​ក្នុង​ការ​ដាក់​ប្រទេស​ទីម័រ​ខាងកើតជា​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ៕