តំណាងរាស្ត្រ​អាស៊ាន​និយាយ​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ

រូបភាព​ដំបូង​នៃ​គេហទំព័រ​របស់​អង្គការ​តំណាងរាស្ត្រ​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ដែល​បង្ហាញ​ពី​របាយការណ៍​ថ្មី​មួយ​ស្តី​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ (រូប​ដក​ស្រង់​ចេញ​ពី​គេហទំព័រ)

អង្គការ​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ ការ​វាយប្រហារ​លើ​ដំណើរការ​​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថា ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

អង្គការ​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ (ASEAN Parliamentarians for Human Rights) បាន​ហៅ​សេចក្ដី​ស្នើ​វិសោធនកម្ម​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ គណបក្ស​កាន់​អំណាច​ ថា​បាន​កំពុង​ដាក់​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ។​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «ប្រផ្នូល​នៃ​ការ​ស្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ ការ​វាយ​ប្រហារ​ទៅ​លើ​តំណាងរាស្ត្រ​ និង​ការ​គំរាមកំហែង​មក​លើ​ស្ថាប័ន​នានា​របស់​កម្ពុជា»​ របស់​អង្គការ​នេះ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

កាល​ពី​ខែ​កុម្ភៈ​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​កាន់​អំណាច​ បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ក្នុង​សំឡេង​៤៤/៤៤​ ដោយ​គ្មាន​ការ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រឆាំង។ វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ ត្រូវ​បាន​អ្នក​រិះគន់​មើល​ឃើញ​ថា មាន​គោល​បំណង​រំលាយ​គណបក្ស​នយោបាយ​ណា​ ដែល​មាន​មេដឹកនាំ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។

របាយការណ៍​ដែល​មាន​កម្រាស់​៥២​ ទំព័រ​របស់​អង្គការ​សមាជិក​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ (ASEAN Parliamentarians for Human Rights) បាន​លើក​ឡើង​ថា ក្រោយ​ការ​វាយ​បំបែក​ចោល «វប្បធម៌​សន្ទនា»​ ថ្មី​មួយ​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៥​ ការ​វាយប្រហារ​នានា​ទៅលើ​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​កើន​ឡើង​កាន់​តែ​ច្រើន​ឡើង។

របាយការណ៍​បន្ត​ថា៖​ «តាក់​តិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​គំរាម​កំហែង​យ៉ាង​ខ្លាំង​ មិន​ត្រឹម​តែ​លើ​សុវត្ថិភាព​នៃ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​វា​បាន​កើត​ឡើង​ផង​ដែរ​ទៅលើ​ភាព​ដែល​អាច​ទុកចិត្ត​បាន​ និង​ប្រសិទ្ធ​ភាព​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ​នានា​ ក្នុង​នោះ​មាន​សមត្ថភាព​របស់​សភា​ក្នុង​ការ​បម្រើ​ដល់​កិច្ចការ​ខាង​នីតិប្បញ្ញត្តិ​ ភាពជា​អ្នកតំណាង​ និង​តួនាទី​ឃ្លាំមើល​ជាច្រើន​ទៀត»។​

លោក​ ឆាល សាន់ទីអេហ្គោ (Charles Santiago) ​ប្រធាន​អង្គការ​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី​ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដាច់​ដោយឡែក​មួយ​ក្នុង​ន័យ​ដើម​ថា៖

«អ្វី​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ គឺជា​សូចនាករ​ដំបូង​នៃ​ការ​វាយប្រហារ​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់​ទាំងមូល។ យើង​បាន​មើល​ឃើញ​ការ​ផ្លាស់ប្ដូរ​ស្រដៀង​គ្នា​នេះ​ដែរ​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ដទៃ​ទៀត។​ ប៉ុន្តែ​ឥឡូវនេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​យក​ការ​វាយ​ប្រហារ​នេះ​ទៅ​កម្រិត​ថ្មី​មួយ​ទាំង​មូល។​ យើង​ត្រូវតែ​ឈរ​នៅ​ជាមួយ​បង​ប្អូន​ប្រុស​ស្រី​កម្ពុជា​របស់​យើង​ ដែល​កំពុង​ធ្វើការ​ដើម្បី​ការពារ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ដោយ​ប្រឈម​នឹង​ការ​យាយី​ដែល​មិន​ធ្លាប់​មាន​ពីមុន»។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ VOA កាល​ពី​ថ្ងៃ​ចន្ទ​ថា​ របាយការណ៍​របស់​អង្គការ​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​ ព្យាយាម​លើក​យក​បញ្ហា​ចាស់ៗ ដែល​បាន​កើតឡើង​កន្លង​មក ដើម្បី​បន្ត​វាយប្រហារ​លើ​គណបក្ស​កាន់​អំណាច។

«ការ​លើក​យក​រឿង​ឧបទ្ទវហេតុ​ មាន​អំពើ​ហិង្សា​លើ​សមាជិក​ពីរ​រូប​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ហ្នឹង​វា​រំលង​បាន​ពីរ​បី​ឆ្នាំ​ទៅ​ហើយ​ ដូច្នេះ​ហើយ​ គាត់​នឹង​ជា​សន្សំរឿង​ទេ​ រឿង​វា​ផុត​រលត់​បាត់​ទៅ​ហើយ។ តុលាការ​បាន​ចាត់ការ​នីតិវិធី​ចប់​សព្វគ្រប់​អស់​ទៅ​ហើយ។​ បាទ​អញ្ចឹង​ យើង​យល់​ថា​ នេះ​ជា​ចេត​នា​ទុច្ចរិត​មួយ​របស់​ក្រុម​ប្រឆាំង​ដែល​មាន​ខ្សែ​រយៈ​ទាំង​ក្នុង​ទៅ​ក្រៅ​ប្រទេស»។

លោក​ សុខ ឥសាន​ បន្ត​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ នឹង​មិន​ស្លាប់​ដូច​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ អង្គការ​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​នោះ​ទេ។​ លោក​មាន​ប្រសាសន៍​ថា៖

«ផ្ទុយ​ទៅវិញ​វា​មាន​ការ​រីកចម្រើន​ វា​មាន​ការ​បើក​ទូលាយ​ សិទ្ធិ​សេរីភាព​ជូន​ប្រជាជន​ ក៏​ដូច​ជា​គណបក្ស​នយោបាយ​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​នេះ។ តើ​បាន​សេចក្តី​ថា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ស្លាប់​ ឬ​មួយ​ក៏​ដើរ​ថយក្រោយ។ អា​ហ្នឹង​យើង​មើល​ទាំងអស់​គ្នា អញ្ចឹង​នេះ​ការ​និយាយ​របស់​គាត់​ហ្នឹង ​វា​មិនបាន​ផ្សារភ្ជាប់​តថភាព​សង្គម​កម្ពុជា»។

ក៏ប៉ុន្តែ​ អ្នក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ប្រាប់​ VOA​ ថា​ ក្រុម​អ្នក​ធ្វើ​ច្បាប់​នៃ​គណបក្ស​ប្រឆាំង​ កំពុង​រង​គំនាប​កាន់តែ​ខ្លាំង​នៅ​មុន​ការ​បោះឆ្នោត​ឃុំសង្កាត់​ និង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេសស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា​ របាយការណ៍​របស់​អង្គការ​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​ការ​វាយប្រហារ​ផ្ទួនៗ​គ្នា​ ទៅ​លើ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ និង​អ្នកតំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៥។

លោក​បាន​បន្ថែម​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នឹង​មិន​អាច​មាន​ភាព​ល្អប្រសើរ​បាន​នោះ​ទេ​ នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ ​នៅ​បន្ត​មាន​ភាព​តានតឹង​ដូច​សព្វថ្ងៃ​នេះ។

«យើង​ឃើញ​ថា មកទល់​ពេលនេះ​ មិន​ទាន់​ឃើញ​មាន​សញ្ញាណ​ណាមួយ​ ដើម្បី​ស្ដារ​លទ្ធភាព​នៃ​វិស័យ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យបាន​ល្អ​ ឲ្យ​ប្រសើរ​ឡើងវិញ​បាន​នៅ​ឡើយ​ទេ ហើយ​ជា​ពិសេស​ទាក់​ទង​បញ្ហា​នយោបាយ​កំពុង​តែ​ក្ដៅ​គគុក​ ឬ​តានតឹង​នេះ​គឺ​កម្ពុជា​យើង​ខ្ញុំ​សង្កេត​ឃើញ​អញ្ចឹង​ថា​ នៅ​ពេល​ដែល​កម្ដៅ​នយោបាយ​ឡើង​ខ្លាំង​ ឬក៏​តានតឹង​ហ្នឹង ​យើង​ឃើញ​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​ហ្នឹង​ក៏​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ផង​ដែរ»។

របាយការណ៍​ស្តីពី​ប្រផ្នូល​នៃ​ការ​ស្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​របស់​អង្គការ​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ បាន​ឲ្យដឹង​បន្ថែម​ថា​ បី​ឆ្នាំ​កន្លង​មក​នេះ​ មាន​តំណាងរាស្ត្រ​ចំនួន​១៥​រូប​ ត្រូវ​បាន​រក​ឃើញ​ថា ជា​ជន​រងគ្រោះ​នៃ​បទ​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​ និង​នីតិវិធី​របស់​តុលាការ​ ដែល​ជា​រួម​បង្កើត​បាន​ការ​វាយប្រហារ​ដោយ​តុលាការ​ទៅលើក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា។

របាយការណ៍​បន្ត​ថា​ តំណាងរាស្ត្រ​ពីរ​រូប ​ត្រូវ​បាន​ឃុំខ្លួន​ ពីរ​រូប​ទៀត​កំពុង​និរទេស​ខ្លួន​ ដោយ​ការ​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​ ហើយ​មួយ​រូប​ទៀត​ ត្រូវ​បាន​កាត់​ទោស​ និង​ចំណាយ​ពេល​ជាង​ប្រាំមួយ​ខែ​ ដោយ​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ ដើម្បី​បញ្ចៀស​ការ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​នៅ​ឆ្នាំ​ ២០១៦។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ មាន​តំណាងរាស្ត្រ​យ៉ាងហោចណាស់​៨រូប​ផ្សេង​ទៀត​ បាន​មើល​ឃើញ​ករណី​របស់​ពួកគេ​ត្រូវ​បាន​ព្យួរ​ទុក​ និង​មិន​ត្រូវ​បាន​ទម្លាក់​ចោល​ ដែល​ទុក​ឲ្យ​រាល់​ការ​ចោទប្រកាន់​ទាំងឡាយ អាច​ត្រូវ​សើរើ​ឡើងវិញ​នៅ​គ្រប់​ពេល ​ដែល​នេះ​ជា​ការ​គំរាម​កំហែង​ទៅលើ​ពួកគេ។​

របាយការណ៍​ដដែល សង្កត់​ធ្ងន់​ថា​ ការ​វាយប្រហារ​របស់​ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល​លើ​រាងកាយ​តំណាង​រាស្ត្រពីរ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​កើត​ឡើង​កាលពី​ខែ​តុលា​ ឆ្នាំ​២០១៥​ បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​ភ័យខ្លាច​ផង​ដែរ។

របាយការណ៍​ក៏​បាន​លើក​ជា​អនុសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ធ្វើទុក្ខ​បុក​ម្នេញ និង​ការ​គំរាមកំហែង​នានា​លើ​តំណាងរាស្ត្រ​នោះ​ ការ​ពិនិត្យ​ឡើងវិញ​ និង​ការ​ធ្វើ​សេចក្ដី​បញ្ជាក់​ទៅលើ​រាល់​លក្ខន្តិក​ពាក់​ព័ន្ធ និង​កិច្ច​ខិត​ខំ​នានា ​ត្រូវតែ​ជា​កិច្ចការ​អាទិភាព​ ដើម្បី​ធានា​ឲ្យ​បាន​ថា​គ្រប់​ភាគី​ទាំង​អស់​ដែល​យកចិត្ត​ទុកដាក់​នៅ​ក្នុង​ស្ថិរភាព​ ភាព​ចម្រុងចម្រើន​ និង​ការ​ទទួល​ខុស​ត្រូវ​នៅ​កម្ពុជា​ត្រូវតែ​ធ្វើ​អ្វីៗ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់៕