ជារៀងរាល់ព្រឹកនៅតាមតូបលក់កាសែត និងទស្សនាវដ្តីក្នុងស្រុក គេនៅតែឃើញសេចក្តីរាយការណ៍ព័ត៌មានអំពីករណីវាយដំលើស្ត្រីជាភរិយា ឬមិត្តស្រី និងករណីរំលោភបំពានលើរូបរាងកាយរបស់ស្ត្រីនៅឡើយ។ ការណ៍នេះឆ្លុះបង្ហាញឲ្យឃើញថា អំពើហិង្សាលើស្ត្រី និងវិសមភាពយេនឌ័រ គឺជាបញ្ហាចាក់ស្រេះមួយដែលទាមទារការយកចិត្តទុកដាក់ខ្លាំងពីគ្រប់ភាគី។
មិនខុសពីស្ត្រីជាជនរងគ្រោះមួយចំនួននៃអំពើហិង្សាក្នុងគ្រួសារឯទៀត អ្នកស្រី សោម សុវ៉ាន់ អាយុ ៤៣ ឆ្នាំ បានឲ្យដឹងថា ស្វាមីរបស់អ្នកស្រីបានចាប់ផ្តើមប្រើហិង្សាជាពាក្យសម្តី និងហិង្សាផ្លូវចិត្ត នៅពេលស្វាមីរបស់អ្នកស្រីផឹកគ្រឿងស្រវឹង ហើយរករឿងជេរស្តីអ្នកស្រីមិនដែលលោះ។ អ្នកស្រីបានរៀបការជាមួយស្វាមីកាលពីឆ្នាំ ២០១៨ ដោយមានកូនប្រុសម្នាក់អាយុ៤ឆ្នាំ។
អង្គុយផ្តល់បទសម្ភាសន៍នៅផ្ទះរបស់ប្អូនស្រីខ្លួន ស្រ្តីសម្បុរសណ្តែកបាយ រូបរាងស្គមរូបនេះនិយាយទាំងទឹកភ្នែករលីងរលោងថា៖
«ធ្ងន់ជាងគេគឺប្រមាថមើលងាយខ្ញុំ។ ប្រមាថមើលងាយខ្ញុំ ដូចជាប្រៀបធៀប ដូចជាខ្ញុំ និយាយទៅគាត់ធ្វើឱ្យយើងពេលខ្លះយើងខឹង។ ធម្មតាប្រមាថយើង ដែលយើងជាស្រី ជាប្រពន្ធរៀបការពេញច្បាប់ ប្រៀបនឹងស្រីសំផឹង ហើយជេរប្រមាថ»។
ក្រៅពីរងហិង្សាពាក្យសម្តី និងផ្លូវចិត្ត មានពេលខ្លះអ្នកស្រីក៏រងនូវការប្រើហិង្សាផ្លូវកាយពីស្វាមីផងដែរ ដែលមានពេលខ្លះ អ្នកស្រីត្រូវពរកូនគេចចេញពីផ្ទះទៅពួននៅផ្ទះរបស់សាច់ញាតិក៏មាន។ អ្នកស្រីបន្ថែមថា ចាប់តាំងពីស្វាមីរបស់អ្នកស្រីផឹកគ្រឿងស្រវឹង និងប្រើហិង្សាមក អ្នកស្រីត្រូវប្រឈមបញ្ហាជីវភាព ហើយចំណែកផ្លូវចិត្តរបស់អ្នកស្រីក៏មានបញ្ហាផងដែរ។
«មានពេលខ្លះអារម្មណ៍យើងអត់ដូចមុនទេ។ មានអារម្មណ៍ថាដូចជាផ្លូវចិត្តហ្នឹង វាទៅជា បើនិយាយឱ្យចំ សឹងតែថាមានពេលខ្លះវាសឹងតែឆ្កួតតែម្តង។ វាពិបាកខ្លាំង»។
ការប្រើហិង្សាក្នុងគ្រួសារ មិនមែនកើតមានតែនៅកម្ពុជានោះទេ ប៉ុន្តែនៅតាមបណ្តាប្រទេសផ្សេងៗ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន ក៏កំពុងតែជាបញ្ហាប្រឈមផងដែរ។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្រ្តី (UN Women) ស្តីពីអំពើហិង្សាលើស្ត្រីនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៣ បង្ហាញថា ២២% នៃស្ត្រីដែលត្រូវបានសម្ភាសន៍បានរាយការណ៍ថា ពួកគេបានជួបប្រទះអំពើហិង្សាលើរាងកាយដោយដៃគូបុរស ប៉ុន្តែភាពអាម៉ាស់ និងទំនៀមទំលាប់ដែលជាប់ទាក់ទងនឹងក្រមសីលធម៌ដែលបង្រៀនក្មេងស្រីនិងស្ត្រី បានអនុញ្ញាតឱ្យមានការរំលោភបំពានក្រោមបរិយាកាសនិទណ្ឌភាព។
របាយការណ៍ដដែលនោះក៏បានរកឃើញថា ៩៦,២% នៃបុរសកម្ពុជា និង ៩៨,៥%នៃស្ត្រីកម្ពុជាគិតថាស្ត្រីគួរតែស្តាប់បង្គាប់ប្តី។ ហើយ៦៧%នៃស្ត្រីជឿថា ពួកគេគួរតែអត់ធ្មត់ចំពោះអំពើហិង្សាដើម្បីរក្សាគ្រួសារ។
កិច្ចប្រឹងប្រែងបន្ថែមដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តីនិងវិសមភាពយែនឌ័រមួយ ត្រូវបានអាស៊ានប្រកាសកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ តាមរយៈការដាក់ចេញនូវផែនការសកម្មភាពក្នុងតំបន់ស្តីពីស្រ្តី សន្តិភាព និងសុវត្ថិភាព ដើម្បីឱ្យប្រទេសក្នុងតំបន់អាស៊ានយកទៅអនុវត្ត ដោយដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិរបស់ប្រទេសនីមួយៗ។
នាពេលនោះ មានប្រទេសប្រមាណជាបួនបានប្រកាសអនុវត្តជាបន្តបន្ទាប់ ដូចជាប្រទេសហ្វ៊ីលីពីន ប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម និងប្រទេសថៃ។
សម្រាប់កម្ពុជា លោកស្រី អ៊ឹង កន្ថាផាវី ដែលជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីប្រាប់អ្នកសារព័ត៌មានក្នុងពិធីសម្ពោធដាក់ដំណើរការផែនការសកម្មភាពក្នុងតំបន់អាស៊ានស្តីអំពីស្ត្រី សន្តិភាព និងសុវត្ថិភាព (ASEAN RPA on WPS) នៅរាជធានីភ្នំពេញថា កម្ពុជាទើបចាប់ផ្តើមសិក្សាដើម្បីរៀបចំការដាក់បញ្ចូលផែនការសកម្មភាពក្នុងតំបន់ ទៅក្នុងផែនការសកម្មភាពជាតិ ដោយសារត្រូវសិក្សាពីបរិបទក្នុងប្រទេសកម្ពុជាជាមុន។
លោកស្រីបន្ថែមថា ឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រទេសក្នុងតំបន់ខ្លះ កំពុងអនុវត្តផែនការសកម្មភាពនេះ គឺដោយសារប្រទេសទាំងនោះមានបញ្ហាអស្ថិរភាព ប៉ុន្តែសម្រាប់កម្ពុជាគឺជាប្រទេសមានសុខសន្តិភាព។
លោកស្រីបញ្ជាក់ថា៖ «ឥឡូវយើងនឹងចាប់ផ្តើម ដោយសារឥលូវយើងមានមូលដ្ឋានហើយ ជាតំបន់ដូចខ្ញុំជម្រាបជូនអ៊ីចឹង យើងត្រូវមើលតំបន់ឱ្យវាចូលក្នុងបរិបទរបស់ខ្មែរយើង។ អ្វីដែលជាអាទិភាពចំពោះខ្មែរយើង។ អ៊ីចឹងយើងនឹងចាប់ផ្តើមរៀបចំពេលដែលយើងផ្សព្វផ្សាយផែនការតំបន់នេះហើយយើងនឹងចាប់ផ្តើមធ្វើហើយ។ ហើយបើថាចប់ បែបឆ្នាំក្រោយ ត្រូវការគិតគូរឱ្យបានច្បាស់លាស់»។
លោកស្រី អ៊ឹង កន្ថាផាវី បន្ថែមថា ការរៀបចំដាក់បញ្ចូលផែនការសកម្មភាពជាតិនេះ អាចនឹងត្រូវការរយៈពេលមួយឆ្នាំ ហើយកម្ពុជានឹងផ្តោតលើហិង្សាលើស្រ្តី គ្រោះថ្នាក់ធម្មជាតិ បញ្ហាជំងឺរាតត្បាតពីក្រៅប្រទេស សមភាពយេនឌ័រ និងការពង្រឹងអំណាចរបស់ស្រ្តី។
របាយការណ៍ចេញដោយអង្គការសុខភាពពិភពលោកកាលពីខែមីនា ឆ្នាំ ២០២១ រកឃើញថា ស្រ្តីម្នាក់ ក្នុងចំណោម ៣ នាក់ នៅទូទាំងពិភពលោក ទទួលរងនូវការរំលោភបំពានផ្លូវភេទ និង/ឬហិង្សាផ្លូវកាយ ដោយដៃគូស្និទ្ធស្នាល ឬមិនមែនដៃគូ ក្នុងជីវិតរបស់ពួកគេ។
ចំណែករបាយការណ៍ចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ រកឃើញថា មានស្ត្រីកម្ពុជាយ៉ាងហោចណាស់ម្នាក់ក្នុងចំណោម ៥ នាក់ ធ្លាប់រងអំពើហិង្សាពីដៃគូស្នេហា សមាជិកគ្រួសារ សហការី មន្ត្រីសាធារណៈ និងអ្នកផ្សេងៗទៀត ខណៈចំនួននេះត្រូវបានរកឃើញកើនឡើងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
អ្នកស្រី រី អេម អាយុ ៥០ ឆ្នាំ កំពុងរស់នៅខេត្តបាត់ដំបង ប្រាប់ VOA ថា អ្នកស្រីត្រូវបានប្អូនប្រុសថ្លៃចាប់រំលោភកាលពីឆ្នាំ ១៩៩១ ប៉ុន្តែអ្នកស្រីមិនហ៊ានប្តឹងសមត្ថកិច្ចដោយសារគ្រួសារខ្លាចខ្មាសគេ ស្របពេល ដែលឪពុករបស់អ្នកស្រីតែងវាយដំម្តាយរបស់អ្នកស្រីជាញឹកញាប់ដែរនោះ។
«ល្ងាចមកវិញនិយាយប្រាប់ម៉ែ ម៉ែថាកុំមាត់ តែឱ្យឪហ្អែងដឹង វាយម៉ែងាប់ទៀតហើយ […] អ៊ីចឹងបានថា អាណិតម្តាយ អត់មាត់ទេ ខ្លាចឪវាយម៉ែ»។
អ្នកស្រីបន្ថែមថា បន្ទាប់ពីឪពុកម្តាយរបស់អ្នកស្រីចែកឋានទៅនៅឆ្នាំ ២០១៤ អ្នកស្រីបានដាក់ពាក្យប្តឹង តែមិនមានអ្នកទទួលបណ្តឹង។
បើតាមអង្គការ UN Women អំពើហិង្សាក្នុងគ្រួសារមាន ៥ ប្រភេទ ដូចជា ហិង្សាផ្នែកសេដ្ឋកិច្ច ហិង្សាផ្លូវចិត្ត ហិង្សាផ្លូវអារម្មណ៍ ហិង្សាលើរាងកាយ និងហិង្សាផ្លូវភេទ។
ស្រ្តីប្រកបរបរលក់ត្រីនៅផ្សារមួយកន្លែងក្នុងខេត្តកណ្តាល ដែលរងការប្រើហិង្សាពាក្យសម្តីពីស្វាមីម្នាក់ទៀត ថ្លែងដោយសុំមិនបញ្ចេញឈ្មោះថា ស្វាមីរបស់អ្នកស្រីតែងស្រែកជេរ និងប្រើពាក្យប្រមាថធ្ងន់ៗលើអ្នកស្រីជារៀងរាល់ថ្ងៃ គ្រប់ពេលដែលស្វាមីរបស់អ្នកស្រីប្រើគ្រឿងញៀន។
«នៅតែរករឿង ជេរបញ្ចោរយើងនៅតែផ្ទះហ្នឹង។ បើខ្លាំងគឺខ្វេវ ពូថៅ ស៊ីញ៉ូយើង។ ខ្វេវ ពូថៅស៊ីញ៉ូតែម្តង»។
អ្នកស្រីបន្ថែមថា នៅមុនពេលចេញពីផ្សារមកផ្ទះវិញ អ្នកស្រីតែងតែរងការភ័យខ្លាចថា ស្វាមីរបស់អ្នកស្រីនឹងប្រើហិង្សាជាថ្មីទៀត។
អ្នកស្រីនិយាយថា៖ «អូនអើយ ចង់ថប់ដង្ហើមម្តងៗ ចង់ដាច់ខ្យល់ម្តងៗ ដូចថាប៊ឹប! ណែនដើមទ្រូងតែម្តង។ ដូចថា មានអារម្មណ៍ថា អញច្បាស់ជារឿងទៀតហើយទៅដល់ផ្ទះ។ នឹកឃើញអ៊ីចឹង វាពិបាកក្នុងចិត្ត។ នឹកឃើញថាទៅផ្ទះវិញអំពើហិង្សា [ពី] ប្តីអញច្បាស់ជាជេរបញ្ចោរពេញហ្នឹងហើយ ខ្មាសគេណាស់។ និយាយពីខ្មាសគេ នោះខ្មាស។ នឿយហត់ រកស៊ីចិញ្ចឹមកូនតាំងពីតូច រហូតដល់ចិញ្ចឹមឪពុកក្មេក មកដល់ផ្ទះប្តីជេរបញ្ចោរអ៊ីចឹង យើងដូចពិបាកដែរ»។
អ្នកស្រីបន្ថែមថា បច្ចុប្បន្នស្វាមីរបស់អ្នកស្រីកំពុងស្ថិតនៅមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន ដោយអ្នកស្រីរំពឹងថា ស្វាមីនឹងឈប់ប្រើហិង្សាពេលចេញពីមណ្ឌលមកវិញ។
បើតាមស្រ្តីដែលរងនូវការប្រើហិង្សាក្នុងគ្រួសារអះអាងថា ពេលខ្លះសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍ ប៉ុន្តែពេលខ្លះក៏មិនមានអាជ្ញាធរចុះធ្វើអន្តរាគមន៍ នៅពេលពួកគេរងការប្រើហិង្សាពីស្វាមីផងដែរ។
កញ្ញា ណម ស៊ីណា ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍នៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា (GADC) លើកឡើងថា អំពើហិង្សាផ្លូវកាយតាមរយៈការវាយដំ មិនមានចំនួនច្រើនដូចមុននោះទេ ប៉ុន្តែអំពើហិង្សាផ្លូវចិត្ត និងពាក្យសម្តីនៅតែមានច្រើនដដែល។
កញ្ញាបន្តថា មូលហេតុដែលស្រ្តីជាច្រើននៅតែបន្តរងការប្រើហិង្សាគ្រប់រូបភាព ដោយសារកម្ពុជានៅមានផ្នត់គំនិតបិតាធិបតេយ្យ មានន័យថា បុរសត្រូវបានផ្តល់អាទិភាពក្នុងការសិក្សាច្រើនជាងស្ត្រី និងត្រូវបានចាត់ទុកថា ជាអ្នកដែលមានអំណាចក្នុងការសម្រេចចិត្តខ្ពស់ក្នុងគ្រួសារ និងជាអ្នកដែលមានអំណាចផ្នែកសេដ្ឋកិច្ច។
បើតាមកញ្ញា ណម ស៊ីណា អំពើហិង្សាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម និងគ្រួសារ ជាពិសេសផ្លូវចិត្តរបស់ស្រ្តី និងកុមារ។
សម្រាប់ការទប់ស្កាត់ និងដំណោះស្រាយ ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍នៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជារូបនេះ បន្ថែមថា អាជ្ញាធរត្រូវមានចំណាត់ការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងលើការប្រើអំពើហិង្សា។ សហគមន៍ត្រូវយល់ដឹងថា អំពើហិង្សាជាបញ្ហារបស់ទាំងអស់គ្នា ហើយក្នុងគ្រួសារត្រូវយល់អំពីសមភាពយែនឌ័រ ហើយត្រូវជំរុញឱ្យស្រ្តីមានអំណាចសេដ្ឋកិច្ច។
ក្រសួងកិច្ចការនារីកម្ពុជាតែងបង្ហាញអំពីយន្តការក្នុងការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាលើស្រ្តី ពិសេសអំពើហិង្សាក្នុងគ្រួសារ ប៉ុន្តែយើងឃើញថា ស្រ្តីនៅកម្ពុជានៅតែប្រឈមនឹងការប្រើហិង្សាស្ទើរៀងរាល់ថ្ងៃដដែល។
អ្នកស្រី ស ស៊ីណែត អគ្គនាយិការងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមរបស់ក្រសួងកិច្ចការនារី ប្រាប់ VOA ថា ក្នុងពេលបច្ចុប្បន្ន មិនមានតួលេខជាក់លាក់ណាមួយបង្ហាញថា អំពើហិង្សាក្នុងគ្រួសារមានការកើនឡើង ឬថយចុះនោះទេ។ ទោះយ៉ាងណាអ្នកស្រីថា សម្រាប់ការអនុវត្តជាក់ស្តែង អំពើហិង្សាក្នុងគ្រួសារមានការថយចុះ។
អ្នកស្រីបន្តថា ក្រសួងកិច្ចការនារីមានក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានការសហការជាមួយអង្គការសង្គមស៊ីវិល ក្នុងការឆ្លើយតបទៅនឹងការទប់ស្កាត់ និងដោះស្រាយអំពើហិង្សា។
អ្នកស្រី ស ស៊ីណែត បន្ថែមថា ការទប់ស្កាត់អំពើហិង្សាលើស្រ្តី ចាំបាច់ត្រូវមានការចូលរួមពីគ្រប់គ្នា ដោយត្រូវរាយការណ៍ទៅអាជ្ញាធរនៅពេលបានឮ បានឃើញការប្រើហិង្សាណាមួយ ហើយសម្រាប់អ្នកផ្តល់សេវា និងអ្នកអនុវត្តច្បាប់ ត្រូវឆ្លើយតបដោយយកចិត្តទុកដាក់ដល់ជនរងគ្រោះ។
«ការផ្តល់សេវាហ្នឹងគឺមានន័យថា ដោយឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ ហើយគិតពីតម្រូវការរបស់ពួកគាត់ហ្នឹង គឺគាត់ត្រូវការចង់បានអី។ ហើយសំខាន់បំផុតព្យាយាមកុំបន្ទោសជនរងគ្រោះ ព្រោះការបន្ទោសជនរងគ្រោះ គឺជារឿងមួយដែលធ្វើឱ្យជនរងគ្រោះកាន់តែគ្រោះថ្នាក់ថែមទៀត។ ហើយមួយទៀត គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ មិនថាស្ថាប័នក្រសួង ឬក៏អង្គការដៃគូទេ គឺយើងត្រូវតែចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅលើផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សា។ ហើយសម្រាប់អ្នកអនុវត្តច្បាប់ ឬអ្នកផ្តល់សេវា គឺត្រូវតែផ្តល់សេវាដល់ជនរងគ្រោះដោយមិនមានការរើសអើង ហើយផ្តល់សេវាទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ»។
កំពុងនិយាយទាំងទឹកមុខស្ងួត អ្នកស្រី សោម សុវ៉ាន់ ដែលនៅបន្តរងការប្រើហិង្សាពាក្យសម្តីពីស្វាមី លើកឡើងថា អ្នកស្រីនឹងសម្រេចជ្រើសយកការលែងលះ ប្រសិនបើស្វាមីរបស់អ្នកស្រីនៅបន្តប្រើហិង្សា។
«បើសិនជាថាទៅមុខទៀតគាត់មិនកែ អាយុកាន់តែច្រើនហើយគាត់មិនកែមិនអី បងមានតែការបែកបាក់លែងលះគ្នាហ្នឹងហើយ»៕