កម្ពុជា​អាច​បានផលខ្លះ​ពី​សមាហរណ​កម្ម​អាស៊ាន

ទិដ្ឋភាព​កិច្ចប្រជុំ​អាស៊ាន​នៅភូមាថ្ងៃទី​៩ ខែ​សីហា ឆ្នាំ២០១៤

កម្ពុជា​ទំនង​ជា​អាចទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ពេល​ប្រទេស​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋ​កិច្ច​នៅ​ឆ្នាំ​២០១៥។ ផលិត​ផល​ក្នុង​ស្រុក​សរុប​ ឬ​GDP​របស់​កម្ពុជាអាច​នឹង​ស្ទុះ​ឡើង​ដល់១៩,៩%​នៅ​ឆ្នាំ​២០២៥។​ នេះ​បើ​យោង​តាមរបាយ​ការណ៍​ថ្មី​មួយ​រួម​គ្នារវាង​អង្គការ​ពលកម្ម​អន្តរ​ជាតិ​ (ILO)​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅទី​ក្រុង ​Jarkarta​ ប្រទេស​ឥណ្ឌូណេស៊ី។​

របាយការណ៍​ដែល​មាន​កម្រាស់​១៦០ទំព័រ​នេះ​បាន​សង្កត់ធ្ងន់​ថា​ កម្ពុជា​នឹង​ទទួល​បានកំណើន​សេដ្ឋ​កិច្ច​ដ៏​សម្បើម​នៅ​ឆ្នាំ​២០២៥​គឺ​ដប់​ឆ្នាំ​ក្រោយ​ពី​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​របស់​សមាគម​អាស៊ាន។​

ការ​សិក្សា​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ​និង​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ខាង​លើ​បាន​ផ្ដោត​ជាសំខាន់​លើ​ផល​ប៉ះពាល់​នៃទីផ្សារ​ពលកម្ម​ នៅ​ពេល​សមាហរណ​កម្ម​សេដ្ឋកិច្ច​តំបន់​អាស៊ាន និង​បាន​សន្និដ្ឋាន​ថា ប្រទេស​ដែល​មាន​កម្រិត​ប្រាក់​ចំណូល​ទាប ​ដូច​ជា​កម្ពុជា​ នឹង​អាច​មាន​ឱកាស​ទទួល​បាន​ប្រយោជន៍​នៃ​ការ​កើន​ឡើងផលិត​ផល​ក្នុង​ស្រុក​សរុប​ នៅ​ពេល​អាស៊ាន​ធ្វើ​សមាហរណ​កម្ម​សេដ្ឋ​កិច្ច ​ដោយហេតុ​ថា កន្លង​មក​នៅ​ប្រទេសនានា​ ​ដូច​ជា​កម្ពុជា​ អ្នកប្រើ​ប្រាស់​ និង​អ្នក​ផលិត​បានប្រឈម​នឹងការ​បង់​ពន្ធ​ និង​របាំង​សេដ្ឋ​កិច្ចដែល​ជា​ហេតុ​ធ្វើឲ្យ​ពិបាក​ក្នុង​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម។​

ក៏​ប៉ុន្តែ​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​តំបន់​អាស៊ាន ឬ​ The ​ASEAN​ Economic​ Community​ នៅ​ឆ្នាំ​២០១៥​នឹង​អនុញ្ញាត​ឲ្យ​ប្រទេសទាំង​អស់​ក្នុង​តំបន់​នេះ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លំហូរ​កម្លាំង​ពលកម្ម សេវា​កម្ម​ មុខ​ជំនួញ​ និង​ទំនិញ​ផ្សេងៗដោយ​សេរី​ជាង​មុន។ ​

លោក​ចាន់​ សុផល​ អ្នក​វិភាគ​សេដ្ឋ​កិច្ច​ឯករាជ្យ​ ហាក់​ដូចជារួញ​រា​ មិន​យល់​ស្រប​ជា​មួយ​នឹង​ការ​រំពឹង​ទុក​ក្នុង​របាយ​ការណ៍​ខាង​លើ​នេះ​ទេ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់ថា កម្ពុជា​មាន​សក្ដានុពល​គ្រប់​គ្រាន់​សម្រាប់​ការ​អភិវឌ្ឍរបស់​ខ្លួន​នៅ​ថ្ងៃ​អនាគត។​

«ជា​រួម​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា សេដ្ឋ​កិច្ច​កម្ពុជា​យើង​នឹង​រីក​ចម្រើន​ច្រើន​នៅ​ឆ្នាំ​ខាងមុខ​ បើ​យើង​ជៀស​បាននូវ​សង្គ្រាមស៊ីវិល។ យើង​នឹង​ដំណើរ​ការ​សេដ្ឋកិច្ច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ»។​

ទោះ​បី​ជា​យ៉ាងណា​ក្ដី​ ក្រុម​អ្នក​ជំនាញសេដ្ឋកិច្ច​ធ្លាប់​បាន​ព្រមាន​ថា គម្រោង​នៃ​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ឆ្នាំ​២១០៥​ទំនង​ជា​មិន​អាចទៅ​រួចទេ ដោយសារ​តែ​គម្លាត​នៃ​ការអភិវឌ្ឍ​រវាង​ប្រទេស​នីមួយៗក្នុង​តំបន់។ កម្ពុជា ឡាវ និង​ភូមា​ត្រូវ​បាន​ចាត់​ទុក​ថា​ ជាប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច ហើយ​ត្រូវធ្វើ​ការកែ​ទម្រង់​ជា​ច្រើន​ទៀត​ដើម្បី​អាច​ពន្លឿន​សមត្ថភាព​ឲ្យ​ដើរ​ទាន់​ប្រទេស​ដទៃ។​

ថ្លែងក្នុង​ពិធី​សម្ពោធន៍​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​សន្តិសុខ​ស្បៀង​ និង​អាហា​រូបត្ថម្ភ​ឆ្នាំ​ ២០១៤-២០១៨ កាល​ពី​ថ្ងៃ​ច័ន្ទ​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ក្លាយ​ជាប្រទេសដែល​មានចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ ហើយ​នឹង​ក្លាយ​ជាប្រទេស​ដែល​មានចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០។​

លោក​បន្ថែម​ថា​ ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ពី​ចន្លោះឆ្នាំ​២០០៨​ រហូត​ដល់​ឆ្នាំ​២០១២​ មាន​ជា​មធ្យម​៦,៨% ​ខណៈ​ពេល​ផលិផល​ក្នុង​ស្រុក​សរុប​សម្រាប់​ប្រជា​ពលរដ្ឋ​ម្នាក់ៗបាន​កើន​ឡើង​ដល់១០៤៣​នៅ​ឆ្នាំ​២០១៣​ ហើយ​អាច​កើន​ដល់​ ១១៣០ដុល្លារ​នៅ​ឆ្នាំ​២០១៤។​ រី​ឯ​អត្រា​នៃ​ភាព​ក្រីក្រ​បានស្មើ​នឹង​១៩​%​នៅ​ឆ្នាំ​២០១៣៕