គណៈ​កម្មការ​សិទ្ធិមនុស្ស​អាស៊ី​អំពាវនាវ​ឱ្យ​ដក​ដីកា​ចាប់ខ្លួន​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង

រូបឯកសារ៖ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ បានជួបជុំគ្នានៅ​សាលាឧទ្ធរណ៍ ទាមទារឲ្យមានការ​ដោះលែងលោក កឹម សុខា ឲ្យ​នៅ​ក្រៅឃុំ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​តុលាការ​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​រូប ក្រោម​ការ​ចោទប្រកាន់​ពី​បទ «‍រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»។

គណៈ​កម្មការ​សិទ្ធិមនុស្ស​អាស៊ី​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង (Asian Human Rights Commission) បាន​អំពាវនាវនៅ​ថ្ងៃ​សុក្រ​នេះ ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឱ្យ​មាន​ការ​ដក​ដីកា​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ធានា​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​នេះ អាច​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​និង​គ្មាន​ការ​កាត់ទោស​ណាមួយ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​តុលាការ​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​រូប ក្រោម​ការ​ចោទប្រកាន់​ពី​បទ «‍រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»។ មន្ត្រី​បក្ស​ប្រឆាំង​ទាំង​៨​នាក់​នេះ​ដែល​បច្ចុប្បន្ន​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស ​រួម​មាន​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង ​អ្នកស្រី មូរ សុខហូរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក តុ វ៉ាន់ចាន់ លោក ឡុង រី និង​លោក អ៊ូ ច័ន្ទឬទ្ធិ។

គណៈ​កម្មការ​សិទ្ធិមនុស្ស​អាស៊ី លើក​ឡើង​ថា វា​មាន​សារសំខាន់​ដែល​សហគមន៍​អន្តរជាតិ​និង​ពលរដ្ឋ​កម្ពុជា «អាច​ការពារ​សិទ្ធិ​ក្នុង​ការ​មាន​គណបក្ស​ប្រឆាំង​ដ៏​ខ្លាំងក្លា ដោយមាន​ទស្សនៈ​ឆ្ពោះ​ទៅ​រក​ការ​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ​និង​ការ​បំពេញ​សិទ្ធិមនុស្ស​គ្រប់​គ្នា»៕