ភ្លើងឆេះព្រៃដ៏ធំនៅឆ្នេរនៃកោះស៊ូម៉ាត្រាភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី នឹងក្លាយជាប្រធានបទសំខាន់ក្នុងកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅក្នុងសប្ដាហ៍នេះ ក្នុងខេត្តសៀមរាប។
ភ្លើងឆេះព្រៃនៅឆ្នេរភាគខាងកើតរបស់កោះស៊ូម៉ាត្រានេះ បង្កើតឲ្យមានផ្សែងអ័ព្ទដែលភាយចេញបំពុលបរិយាកាស និងបានរីករាលដាលដល់ប្រទេសជិតខាងដូចជាប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ជាដើម។
ក្រុមមន្ត្រីផ្លូវការរបស់ក្រសួងបរិស្ថាននៃបណ្ដាប្រទេសអាស៊ាននេះ បានចាប់ផ្ដើមកិច្ចពិភាក្សាជំហានដំបូងនៅថ្ងៃចន្ទនេះ មុននឹងកិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីបរិស្ថាន ចាប់ផ្ដើមបើកកិច្ចប្រជុំជាផ្លូវការនៅថ្ងៃអង្គារស្អែកនេះសម្រាប់រយៈពេលបួនថ្ងៃ។
អ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានប្រាប់វីអូអេថា បញ្ហានៃផ្សែងអ័ព្ទឆ្លងដែនគឺជាបញ្ហាសំខាន់ដែលនឹងត្រូវលើកមកជជែកក្នុងកិច្ចប្រជុំនេះ។
«វិស័យអ័ព្ទឆ្លងដែនគឺជាបញ្ហាមួយត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះដែរ។ បញ្ហានេះនឹងលើកដាក់ចូលកិច្ចប្រជុំលើកទី១៥របស់រដ្ឋមន្ត្រីបរិស្ថាន ដើម្បីពិនិត្យថាតើយើងត្រូវរកយន្តការយ៉ាងម៉េច ដើម្បីគ្រប់គ្រងឲ្យបានល្អទៅលើការបំពុលផ្សែងអ័ព្ទឆ្លងដែននេះ»។
ភ្លើងឆេះព្រៃនៅកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមជាច្រើនសប្ដាហ៍មកហើយ។ ផ្សែងនៃចំហេះព្រៃបានធ្វើឲ្យផ្ទៃមេឃទាំងមូលក្នុងតំបន់ឡើងក្រហម ហើយក្រុមប្រជាពលរដ្ឋតម្រូវឲ្យពាក់ម៉ាស ដើម្បីបង្ការជាតិពុលដែលភាយចេញពីផ្សែងដ៏ក្រាស់នេះ។ រហូតមកដល់ដើមខែតុលានេះ អគ្គិភ័យបានបំផ្លាញព្រៃឈើអស់ប្រមាណ៣២៨០០០ហិកតា។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌូណេស៊ី។
មន្ត្រីអ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បន្ថែមថាបទពិសោធន៍នៃភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូណេស៊ី នឹងនាំឲ្យក្រុមរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ពិភាក្សារិះរកមធ្យោបាយគ្រប់គ្រង និងពន្លត់គ្រោះមហន្តរាយនេះ។
ភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូណេស៊ី តែងតែកើតមានឡើងស្ទើរតែរៀងរាល់ឆ្នាំ។ ការឆេះព្រៃនេះមានប្រភពចេញពីសកម្មភាពកសិកម្ម តាមរយៈការកាប់ឆ្ការ រាន និងដុតព្រៃដោយខុសច្បាប់។
លោកបណ្ឌិត Mohd Yusoff Ishak ជាអ្នកជំនាញផ្នែកបរិស្ថាននៃសាកលវិទ្យាល័យUniversiti Putra Malaysia (UPM) នៃប្រទេសម៉ាឡេស៊ី បានថ្លែងប្រាប់VOAថាគួរតែមានចំណាត់ការឲ្យបានខ្លាំងជាងមុន ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូណេស៊ី។
«យើងគួរតែចាត់ទុកបញ្ហាផ្សែងអ័ព្ទដូចជាគ្រោះធម្មជាតិផ្សេងទៀត ដូចជាស៊ូណាមី និងរញ្ជួយដី ដែលអនុញ្ញាតឲ្យមានជំនួយបរទេស។ បើទោះវាជាគ្រោះថ្នាក់ដោយសារតម្រូវការរបស់មនុស្ស ប៉ុន្តែការសម្លាប់មានទំហំធំណាស់ ហើយវាប៉ះពាល់ប្រទេសជិតខាងទៀតផង»។
លោកបញ្ជាក់បន្ថែមថាក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ី ប្រឈមនឹងបញ្ហាបរិស្ថានធ្ងន់ធ្ងរជាងគេ ក្នុងនោះប្រទេសម៉ាឡេស៊ី ប្រឈមនឹងសំណល់ប្លាស្ទិកដែលនាំចូលពីសហភាពអឺរ៉ុប។
អ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា លោក នេត្រ ភក្ត្រា ឲ្យដឹងទៀតថាក្រៅពីកិច្ចពិភាក្សាអំពីការសាយភាយនៃផ្សែងអ័ព្ទឆ្លងប្រទេស ក្រុមរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើផ្នែកបម្រែបម្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងពិភាក្សាអំពីសំណល់គ្រោះថ្នាក់ផងដែរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំលើវិស័យបរិស្ថានរយៈពេលបួនថ្ងៃនេះ នឹងមានសេចក្ដីថ្លែងការណ៍រួមគ្នារវាងប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីចូលរួមក្នុងការការពារបរិស្ថាន។
គួរបញ្ជាក់ថាកិច្ចប្រជុំនៅសប្ដាហ៍នេះ ក៏នឹងមានកិច្ចប្រជុំលើកទី១៦នៃរដ្ឋមន្ត្រីបរិស្ថានអាស៊ាន បូកប្រទេស៣ផ្សេងទៀត រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលផ្ដោតសំខាន់ទៅលើវិស័យបរិស្ថាន៕